រដ្ឋមន្ត្រី អ៊ាង សុផល្លែត បង្ហាញលទ្ធផលក្រោយប្រកាសដាក់ឱ្យប្រើប្រាស់ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រដ្ឋាភិបាល (Video inside)

06-06-2026 10:16

(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាពរៀបចំទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ២០២៦ ក្រោមប្រធានបទ៖ «សំណល់សូន្យ (Zero Waste)»​ ​នារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបង្ហាញពីលទ្ធផលបន្ទាប់ពីប្រកាសដាក់ឱ្យប្រើប្រាស់ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រដ្ឋាភិបាល នីតិកាលទី៧។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រសួងបរិស្ថានបានសម្រេចនូវលទ្ធផលសំខាន់ៗជាច្រើន មានដូចតទៅ៖

* ភាពស្អាត (ស្អាតក្នុងចិត្ត ស្អាតក្នុងបរិស្ថានជាតិ និងស្អាតលើឆាកអន្តរជាតិ)

ភាពស្អាតក្នុងចិត្ត៖ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ!» ៨៣% ត្រូវបានកាត់បន្ថយការនាំចូល និងការផលិតនៅក្នុងប្រទេស, «កម្ពុជាស្អាត ខ្មែរធ្វើបាន!» លទ្ធផលមាន ប្រជាពលរដ្ឋ ព្រះសង្ឃ និងអ្នកពាក់ព័ន្ធជាង ១៤លានអង្គ/នាក់ បានប្តេជ្ញាចិត្តមិនប្រើប្រាស់ថង់ប្លាស្ទិក។ និងមានជាង ៧លានអង្គ/នាក់ បានចូលរួមយុទ្ធនាការនេះ។

យុទ្ធផ្លូវជាតិគ្មានសំណល់ប្លាស្ទិក ទទួលបានជោគជ័យដោយចំនួនផ្លូវជាតិ ៦៤ខ្សែ ស្មើនឹង ៩៤,១២% នៃចំនួនផ្លូវជាតិសរុប ៦៨ខ្សែ ត្រូវបានសម្អាត។ យុទ្ធនាការទាំងអស់នេះបានក្លាយជាចលនាជាតិមួយដ៏សំខាន់ ដែលកំពុងផ្លាស់ប្តូរឥរិយាបថប្រជាជនស្រលាញ់បរិស្ថាន មានន័យថា ភាពស្អាតក្នុងចិត្ត។

* ភាពស្អាតក្នុងបរិស្ថានជាតិ (ដី ទឹក ខ្យល់) ភាពស្អាតលើដី បន្ថែមពីនេះ ដែលជាការបន្តពីភាពជោគជ័យកន្លងមក ក្រសួងបានផ្តល់ធុងដាក់សំរាមសម្រាប់ញែកសំណល់ ជាពិសេសសំណល់ប្លាស្ទិក សរុប ១៩ ៤១៨ធុង ដល់សាលារៀន មូលដ្ឋានសុខាភិបាល វត្តអារាម និងមណ្ឌលសុវត្ថិភាពជនភៀសសឹក ក្នុងការលើកកម្ពស់ការញែកសំរាម។

ក្រសួងបរិស្ថានគ្រោងផ្តល់ជូនធុងសំរាមឱ្យបានដល់គ្រប់សាលារៀន វត្តអារាម និងមណ្ឌលសុខភាពនៅទូទាំងប្រទេសបន្ថែមទៀត ចំនួន ៥៥ ៣២៥ធុង សម្រាប់ប្រើប្រាស់ក្នុងការទុកដាក់សំរាម។ បន្ថែមពីនេះ ក្រសួងបានផ្តល់ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ នូវមធ្យោបាយដូចជា ឡដុតសំរាម ម៉ូតូដឹកសំរាម រថយន្តដឹកសំរាម ទីកន្លែងទុកដាក់សំរាម និងសម្ភារផ្សេងទៀត។

* ភាពស្អាតក្នុងទឹក៖ ក្រសួងអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត មិនមានការលើកលែងបើមានការលួចបង្ហូរទឹកកខ្វក់ ឬសារធាតុពុលដែលមិនបានធ្វើប្រព្រឹត្កកម្មចូល ក្នុងប្រភពទឹក ឬទីសាធារណៈ។ ជាលទ្ធផល មកដល់បច្ចុប្បន្ន ក្រុមហ៊ុនចំនួន៧២ទីតាំងបានចុះកិច្ចសន្យាបំពាក់ឧបករណ៍តាមដានគុណភាពទឹក ហើយក្រុមហ៊ុនចំនួន ៦០ទីតាំង បានបំពាក់រួចរាល់។ គិតពីខែមករា ឆ្នាំ២០២៥ មកដល់ខែមេសា ឆ្នាំ២០២៦ ក្រសួងបរិស្ថាន បានសំអាតបរិមាណសំណល់រាវចំនួនជាង ២៨លានម៉ែត្រគីប មុននឹងបង្ហូរចូលទៅប្រភពទឹកសាធារណៈដើម្បីធានានូវសុខាមាលភាពរបស់ប្រជាពលរដ្ឋ និងបរិស្ថាន។

* ភាពស្អាតក្នុងខ្យល់៖ បានដាក់ចេញនូវយុទ្ធនាការផ្ទៃមេឃពណ៌ខៀវ ចេញនូវបំរាមហាមឃាត់ការដុតសំរាមប្លាស្ទិក ការដុតព្រៃ កាកសំណលកសិកម្ម និងកាកសំណល់ នានា ព្រមទាំងបំពាក់ឧបករណ៍តាមដានគុណភាពខ្យល់នៅតាមរាជធានីខេត្ត នៅទីស្តីការក្រសួងបរិស្ថាន និងរថយន្តចល័តតាមដានគុណភាពខ្យល់ ដោយធ្វើការតាមដាន វិភាគ និងផ្សព្វផ្សាយជូនសាធារណៈជនជារៀងរាល់ថ្ងៃបានយល់ដឹងផងដែរ។

* ភាពស្អាតលើឆាកអន្តរជាតិ ថ្មីៗប្រទេសកម្ពុជា ទើបទទួលបានការវាយតម្លៃ ជាប្រទេសដែលមានបរិស្ថានធម្មជាតិ (Natural Environment) ល្អបំផុតជាប់ចំណាត់ថ្នាក់លេខ១ ក្នុងពិភពលោក។

* ភាពបៃតង (ពង្រឹង ពង្រីក និង អភិវឌ្ឍ) ពង្រឹងការការពារតំបន់ការពារធម្មជាតិ, អនុវត្តច្បាប់ ១០០%, សហការជាមួយអាជ្ញាធរដែនដី គណបញ្ជាការឯកភាព អង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងយុត្តិធម៌ និងប្រើប្រាស់ប្រព័នបច្ចេកវិទ្យាផ្កាយរនប និងដ្រូនទប់ស្កាត់បទល្មើស

* ពង្រីកគម្របបៃតង រៀបចំថ្នាលបណ្តុះកូនឈើតាមខេត្តទាំង២៥ និងថ្នាលបណ្តុះកូនឈើខ្នាតតំបន់ចំនួន៥ អាចផលិតកូនឈើចំនួន ៥លានដើមក្នុង១ឆ្នាំ, យុទ្ធនាការពន្លកបៃតង ឆ្នាំទី១៖ ១.៣លានដើម ឆ្នាំទី២៖ ៣.៤លានដើម ឆ្នាំនេះ៖ ៥លានដើម, ចែកកូនឈើជូនប្រជាជនដោយឥតគិតថ្លៃ។

* អភិវឌ្ឍសហគមន៍មូលដ្ឋាន អភិវឌ្ឍន៍គោលដៅលម្ហែបៃតងនៅតាមតំបន់ការពារធម្មជាតិ ជូនប្រជាសហគមន៍ មានដូចជា៖ ភ្នំគិរីរម្យ ភ្នំគូលែន ភ្នំខ្នងផ្សារ ទេទឹកពុះ កោះស្រឡៅ ស្រែអំបិល តាសាល។ល។

* ចីរភាព ក្រសួងបានពង្រឹកកិច្ចសហប្រតិបត្តិការជិតស្និតជាមួយស្ថាប័នពាក់ព័ន្ធ និងសហគមន៍អន្តរជាតិ ដើម្បីជំរុញមុំយុទ្ធសាស្រ្ដភាពស្អាត និងមុំយុទ្ធសាស្រ្ដភាពបៃតង ឱ្យមាននិរន្តរភាព ដោយបានរៀបចំ (១) ផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា (២០២៤-២០៣៣) (២) វិធានការប្រតិបត្តិសម្រាប់មាត្រា៦ នៃកិច្ចព្រមព្រៀងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ (៣) ផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ (NDC3.0 – Nationally Determined Contribution) (៤) កិច្ចព្រមព្រៀងជីវៈចម្រុះនៅក្រៅដែនយុត្តាធិការជាតិ (BBNJ Agreement – Biodiversity Beyond National Jurisdiction Agreement) (៥) យុទ្ធសាស្រ្តការទូតបរិស្ថានកម្ពុជា (CEDS – Cambodia’s Environmental Diplomacy Strategy) និង(៦) កៀរគរធនធានហិរញ្ញវត្ថុពីសហគមន៍អន្តរជាតិ៕