* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឯកសារបណ្ណសារទាំងនេះហើយ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ ដែលតម្រូវឱ្យយើងខិតខំអភិរក្ស ទាំងឯកសាររូបវន្ត និងការធ្វើឌីជីតូបនីយកម្ម, ដើម្បីឱ្យកូនចៅជំនាន់ក្រោយមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការសិក្សាស្រាវជ្រាវ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំកម្មវិធីពិព័រណ៍ខួប ១០០ឆ្នាំ ក្រោមប្រធានបទ «មួយសតវត្សរ៍នៃការចងចាំឆ្ពោះទៅការលើកកម្ពស់អត្តសញ្ញាណជាតិ» នេះ ក៏ជាសាក្សីរំលេចយ៉ាងច្បាស់អំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រ និង កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាយូរលង់រវាងកម្ពុជា និងបារាំង។ តាមរយៈស្មារតី «ស្រាវជ្រាវរកឫសគល់ ទើបស្គាល់តម្លៃ» ដែលមិនអាចមើលរំលងបានឡើយនូវតួអង្គ និងតួនាទី ដ៏សំខាន់មិនអាចខ្វះបានរបស់ប្រទេសបារាំង, ទាំងក្នុងអតីតកាល និងបច្ចុប្បន្ន។
* ចិនប្រាប់ហ្វីលីពីនឱ្យបញ្ឈប់អ្នកនយោបាយមួយចំនួនរបស់ខ្លួន កុំឱ្យឆ្លងបន្ទាត់ក្រហម
* កូរ៉េខាងជើងបាញ់សាកល្បងអាវុធចូលក្នុងសមុទ្រ ក្រោយច្រានចោលកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិក
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អគ្គព្រះរាជអាជ្ញារងតុលាការកំពូល៖ ពីអន្ទាក់សែកគ្មានសាច់ប្រាក់ មកជាសោកនាដកម្មសហគ្រិន៖ ទស្សនអ្នកច្បាប់ និងការស្នើសុំឱ្យមានវិសោធនកម្ម

06-06-2026 11:45

(ភ្នំពេញ)៖ លោក ផាន់ វណ្ណរ័ត្ន អគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមតុលាការកំពូលកម្ពុជា បានសរសេរអត្ថបទពិសេសថ្មីមួយទៀតស្តីពី «ពីអន្ទាក់សែកគ្មានសាច់ប្រាក់ មកជាសោកនាដកម្មសហគ្រិន៖ ទស្សនអ្នកច្បាប់ និងការស្នើសុំឱ្យមានវិសោធនកម្ម» ដែលនិយាយអំពីការឈឺចាប់ពីការធ្លាក់ចុះនៃសេដ្ឋកិច្ច ដែលវាមិនមែនបញ្ចប់ត្រឹមតែការបាត់បង់លំហូរសាច់ប្រាក់ ឬការបិទទ្វារអាជីវកម្មនោះឡើយ។

ក្នុងនាមជាអគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមតុលាការកំពូលកម្ពុជា លោកបានមើលឃើញថា នៅក្នុងចំណោមបងប្អូន មិត្តភក្តិ និងសហគ្រិនជាច្រើន បានជួបប្រទះវិបត្តិនេះ និងបានរុញច្រានពួកគេឱ្យធ្លាក់ចូលទៅក្នុង «អន្ទាក់បំណុល» ដ៏ខ្មៅងងឹតមួយទៀត ដែលប្រែក្លាយពីបញ្ហាជំនួញ ទៅជាបញ្ហាច្បាប់ និងសោកនាដកម្មគ្រួសារ។ ដោយវិបត្តិទាំងនោះមានដូចជា៖

១. រលកបំណុលជាន់គ្នាគឺពីការដោះស្រាយបណ្តោះអាសន្ន ទៅជាទណ្ឌិតព្រហ្មទណ្ឌ

នៅពេលអាជីវកម្មជួបវិបត្តិស្ទះលំហូរសាច់ប្រាក់ សហគ្រិនភាគច្រើនតែងតែពុះពារគ្រប់វិធីដើម្បីរក្សាដង្ហើមក្រុមហ៊ុន។ ពួកគាត់ចាប់ផ្តើមខ្ចីបុលពីគ្រប់ច្រកល្ហក ដើម្បីយកមកបង្វិល និងដោះស្រាយបញ្ហាចំពោះមុខ។ ប៉ុន្តែ នៅពេលសេដ្ឋកិច្ចជារួមមិនងើបឡើងវិញ ការខាតបង់កាន់តែជ្រៅ ធ្វើឱ្យពួកគាត់កាន់តែទាល់ច្រក។

នៅក្នុងស្ថានភាពទន់ជ្រាយនោះ ម្ចាស់បំណុលភាគច្រើនបានបង្ខំឱ្យសហគ្រិនចេញ «សែកតម្កល់» ដើម្បីធ្វើជាវត្ថុធានា។ ចុងក្រោយ នៅពេលគ្មានលទ្ធភាពសងតាមការកំណត់ ម្ចាស់បំណុលបានយកសែកនោះទៅបើកលុយ ហើយនៅពេលគ្មានសាច់ប្រាក់ ពួកគេក៏បានប្តឹងពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន» (សែកអត់សាច់ប្រាក់) ដែលជាបទល្មើសព្រហ្មទណ្ឌ។ នេះគឺជាការរងគ្រោះជាន់លើរងគ្រោះ ពីអ្នករកស៊ីខាតបង់ ក្លាយជាជនជាប់ចោទក្នុងរឿងក្តីព្រហ្មទណ្ឌ។

២. សោកនាដកម្មរបស់មិត្តភក្តិ ដែលជាមនុស្សល្អហើយត្រូវឃុំខ្លួនព្រោះដួលរំលំតាមដូមីណូ

រឿងដែលធ្វើឱ្យលោកខ្លោចចិត្ត និងឈឺចាប់បំផុត គឺរឿងរ៉ាវរបស់មិត្តភក្តិម្នាក់។ គាត់ជាមនុស្សល្អណាស់ ជាអ្នកមានចំណេះដឹងខ្ពង់ខ្ពស់ ធ្លាប់បង្កើតមហាវិទ្យាល័យបណ្តុះបណ្តាលធនធានមនុស្ស និងចុងក្រោយបានបោះទុនវិនិយោគលើវិស័យអចលនទ្រព្យដោយបើកជាគម្រោងបុរី។ ប៉ុន្តែ ឥទ្ធិពលដូមីណូសេដ្ឋកិច្ចបានវាយប្រហារចំកណ្តាលបេះដូងនៃអាជីវកម្មរបស់គាត់៖

- អ្នកទិញផ្ទះនៅក្នុងបុរី លែងមានលទ្ធភាពបង់លុយប្រចាំខែឱ្យគាត់។ នៅពេលលំហូរសាច់ប្រាក់ពីអតិថិជនត្រូវកាត់ផ្តាច់ ក្នុងនាមជាម្ចាស់បុរី គាត់ក៏លែងមានលទ្ធភាពបង់បន្តទៅឱ្យដៃគូ និងម្ចាស់បំណុលផ្សេងៗទៀតដែរ។ ដើម្បីទិញពេលវេលាដោះស្រាយ គាត់ត្រូវបានគេបង្ខំឱ្យចេញសែកតម្កល់ ហើយចុងក្រោយ គាត់ត្រូវគេប្តឹងផ្ដល់រហូតត្រូវចាប់ដាក់ពន្ធនាគារអស់០១ឆ្នាំ។

តើមនុស្សល្អ មនុស្សដែលមានខួរក្បាលសហគ្រិន មានចំណេះដឹង និងធ្លាប់បង្កើតផលប្រយោជន៍ជាច្រើនដល់សង្គមជាតិ គួរតែមានវាសនាបញ្ចប់ជីវិតនៅក្នុងគុក ដោយសារតែវិបត្តិសេដ្ឋកិច្ចដែលគាត់មិនមែនជាអ្នកបង្កើតឡើង បែបនេះឬ?

៣. វិភាគតាមផ្លូវច្បាប់អំពីអវត្តមាននៃធាតុអតនោម័ត (អចេតនា)

ក្នុងនាមជាអ្នកច្បាប់ម្នាក់ លោក ផាន់ វណ្ណរ័ត្ន យល់ឃើញយ៉ាងច្បាស់ថា ការចោទប្រកាន់ និងការផ្តន្ទាទោសព្រហ្មទណ្ឌលើករណីសែកអត់សាច់ប្រាក់ដែលកើតចេញពីវិបត្តិសេដ្ឋកិច្ចបែបនេះ គឺមានភាពចម្រូងចម្រាសយ៉ាងខ្លាំង។

នៅក្នុងគោលការណ៍ច្បាប់ព្រហ្មទណ្ឌ បទល្មើសមួយអាចបង្កើតឡើងទៅបាន លុះត្រាតែមានការបង្កឡើងដោយ «ចេតនា» (ធាតុអតនោម័ត)។ សហគ្រិន ឬអាជីវករដែលដួលរំលំ ពួកគាត់មិនមាន «ចេតនាទុច្ចរិត» ក្នុងការបោកប្រាស់ ឬវេចលុយរត់នោះទេ។ ពួកគាត់ចង់សង ពួកគាត់ប្រឹងដោះស្រាយ ប៉ុន្តែស្ថានភាពសេដ្ឋកិច្ច និងឥទ្ធិពលដូមីណូបានធ្វើឱ្យពួកគាត់ «អសមត្ថភាពក្នុងការសង» ។ ការខ្វះសាច់ប្រាក់ក្នុងគណនីធនាគារ គឺជាវិបត្តិសាច់ប្រាក់ មិនមែនជាអំពើឧក្រិដ្ឋនោះឡើយ។

៤. បទពិសោធន៍អន្តរជាតិនៃការលុបបំបាត់ទោសព្រហ្មទណ្ឌលើរឿងសែក

បើទោះបីជាច្បាប់របស់យើងនៅមានចន្លោះប្រហោង និងបង្កការភាន់ច្រឡំក្នុងការអនុវត្ត ប៉ុន្តែបណ្តាប្រទេសជឿនលឿនក្នុងពិភពលោក និងប្រទេសក្នុងតំបន់ បានដើរហួសពីការចាប់អ្នករកស៊ីដាក់គុកដោយសាររឿងសែកនេះអស់ហើយ។

- សហរដ្ឋអាមេរិក បារាំង ជប៉ុន និងឌូបៃ៖ បានធ្វើវិសោធនកម្មច្បាប់ ដោយលុបបំបាត់ទោសពន្ធនាគារ លើករណីសែកអត់សាច់ប្រាក់ស្ទើរតែទាំងស្រុង ប្រសិនបើគ្មានភស្តុតាងច្បាស់លាស់ពីអំពើឆបោកទុច្ចរិតតាំងពីដំបូង។

- យន្តការជំនួស គឺគេប្រើប្រាស់វិធានការរដ្ឋបាល និងប្រព័ន្ធធនាគារយ៉ាងតឹងរ៉ឹង ដូចជា៖ ការពិន័យជាប្រាក់ ការបិទគណនី ការដាក់ឈ្មោះក្នុងបញ្ជីខ្មៅ និងការផ្អាកមិនឱ្យបុគ្គលនោះប្រើប្រាស់សែក ឬធ្វើប្រតិបត្តិការហិរញ្ញវត្ថុក្នុងរយៈពេលកំណត់ណាមួយ។ វិធីនេះរក្សាបានទាំងផលប្រយោជន៍ម្ចាស់បំណុល និងរក្សាដង្ហើមអ្នករកស៊ីឱ្យមានឱកាសដោះស្រាយសងវិញ។

៥. ការបាត់បង់ធនធានជាតិ នៅពេលពាណិជ្ជករក្លាយជាទណ្ឌិត

ការចាប់សហគ្រិន ឬអាជីវករដាក់គុកដោយសារវិបត្តិជំនួញ មិនត្រឹមតែមិនអាចជួយឱ្យម្ចាស់បំណុលបានលុយមកវិញនោះទេ ថែមទាំងធ្វើឱ្យខាតបង់ដល់សង្គមជាតិទាំងមូល៖

- បាត់បង់ឱកាសដោះស្រាយ៖ កាលណាជននោះនៅក្នុងគុក អាជីវកម្មត្រូវរលាយទាំងស្រុង គ្មានឱកាសរកលុយមកសងបំណុលឡើយ។

- ប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ៖ ការបាត់បង់សហគ្រិនម្នាក់ គឺស្មើនឹងការបាត់បង់ឱកាសការងាររបស់មនុស្សរាប់រយរាប់ពាន់នាក់ បាត់បង់ប្រភពចំណូលពន្ធរបស់រដ្ឋ និងកាត់ផ្តាច់ស្មារតីសហគ្រិនភាពរបស់យុវជនជំនាន់ក្រោយ ដែលលែងហ៊ានប្រថុយបង្កើតអាជីវកម្មព្រោះខ្លាចធ្លាក់ខ្លួនដាក់គុក។

* សំឡេងរួមគ្នាដើម្បីស្នើសុំវិសោធនកម្មច្បាប់

លោក ផាន់ វណ្ណរ័ត្ន អគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមតុលាការកំពូលកម្ពុជា បានអំពាវនាវដល់បងប្អូន សហគ្រិន អាជីវករ និងអ្នកច្បាប់ទាំងអស់នៅក្នុងផេកនេះ ជួយគ្នាបញ្ចេញមតិ និងសហការគ្នាដើម្បីស្នើសុំទៅកាន់ស្ថាប័ននីតិប្បញ្ញត្តិ និងរាជរដ្ឋាភិបាល មេត្តាពិនិត្យ និងធ្វើ «វិសោធនកម្មច្បាប់ស្តីពីឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់» នេះឡើងវិញ ដើម្បីលុបបំបាត់ទោសព្រហ្មទណ្ឌ (ទោសពន្ធនាគារ) ចំពោះករណីអសមត្ថភាពទូទាត់សែកដែលកើតចេញពីវិបត្តិសេដ្ឋកិច្ចអចេតនា។ និងជំនួសមកវិញនូវទោសរដ្ឋបាល និងវិធានការធនាគារ ឱ្យស្របតាមស្តង់ដារអន្តរជាតិ ដើម្បីការពារពាណិជ្ជករមិនឱ្យក្លាយជាទណ្ឌិត៕