បណ្ឌិត កៅ ថាច ធ្វើទស្សនកិច្ចសិក្សាពីគម្រោងបច្ចេកទេសកសិកម្មទំនើប និងពិនិត្យរោងម៉ាស៊ីនកិនស្រូវ នៅខេត្តកំពង់ធំ

06-06-2026 14:12

(​កំពង់ធំ)៖ ក្នុងឱកាសដឹកនាំគណៈប្រតិភូធនាគារ ARDB ចូលរួម «ពិធីសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព» នៅខេត្តកំពង់ធំ នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦, បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពី «គម្រោងបង្កើនផលបច្ចេកទេសដំណាំស្រូវសាកល្បង ក្នុងតំបន់ទន្លេមេគង្គ» របស់ក្រុមហ៊ុន ហ្គាងស៊ី ហេងបាវហ្វេង អេហ្គ្រីខលធឺរ័ល ឌីវេឡុបម៉ិន ដែលស្ថិតក្នុងឃុំបារាយណ៍ ស្រុកបារាយណ៍។
​ដំណើរទស្សនកិច្ចនេះ មានការអមដំណើរដោយលោក ចាន់ សីហា, លោក ប៉ិច សានី, លោក បាន លឹម ដែលជាអគ្គនាយករងធនាគារ ARDB និង ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។

​តំណាងក្រុមហ៊ុនបានរាយការណ៍ជូនគណៈប្រតិភូថា គម្រោងនេះបានចាប់ផ្តើមតាំងពីឆ្នាំ២០១៨ លើផ្ទៃដីសរុប ១.៥០០ហិកតា ដោយផ្តោតលើការដាំដុះស្រូវបែបថ្មី ការបង្កាត់ពូជស្រូវសម្រាប់នាំចេញ និងការចិញ្ចឹមត្រីតាមលក្ខណៈបច្ចេកទេសខ្ពស់។ ឯកឧត្ដមបណ្ឌិត កៅ ថាច បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំរូកសិកម្មចម្រុះខ្នាតធំនេះ ដែលរំពឹងថានឹងជួយបង្កើនទិន្នផល និងផ្តល់ផលវិជ្ជមានយ៉ាងប្រសើរដល់វិស័យកសិកម្ម។

​បន្ទាប់មក បណ្ឌិតអគ្គនាយក បានបន្តដំណើរចុះត្រួតពិនិត្យខ្សែចង្វាក់ផលិតកម្មនៃ រោងម៉ាស៊ីនកិនស្រូវ ប៊ី អ អឹម (BRM) ស្ថិតក្នុងឃុំជ្រាប់ ស្រុកសន្ទុក។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្ត និងជំរុញឱ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវ បន្តពង្រឹង និងបង្កើនសមត្ថភាពផលិតកម្មប្រកបដោយគុណភាពខ្ពស់ ដើម្បីពង្រីកលទ្ធភាពនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិឱ្យបានកាន់តែច្រើនឡើង៕