អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឱ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត
06-06-2026 14:24
(កំពង់ធំ)៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ធំ ខិតខំរក្សា និងពង្រឹងបណ្ដាញព័ត៌មាននៅតាមបណ្តាភូមិ ឃុំ និងស្រុក-ក្រុង ដើម្បីជំរុញប្រសិទ្ធភាពនៃការឆ្លើយតប និងគ្រប់គ្រងព័ត៌មានឱ្យកាន់តែប្រសើរ សម្រាប់ជាប្រយោជន៍សាធារណៈ ពិសេសផ្តល់សុវត្ថិភាពព័ត៌មានជូនប្រជាពលរដ្ឋដើម្បីធានាស្ថិរភាព សណ្តាប់ធ្នាប់សង្គម។
ការជំរុញបែបនេះរបស់អ្នកនាំពាក្យក្រសួងព័ត៌មាន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំតម្រង់ទិសលើការងារព័ត៌មាននិងសាធារណមតិ និងការអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅមន្ទីរព័ត៌មានខេត្តកំពង់ធំ នារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីលោក អ៉ីវ ផល្លី អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តកំពង់ធំ ព្រមទាំងប្រតិភូក្រសួង និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តជាច្រើនរូបផងដែរ។
នៅក្នុងឱកាសនោះ លោក ទេព អស្នារិទ្ធ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីមន្ទីរព័ត៌មានខេត្តកំពង់ធំទាំងអស់ ដែលបានបំពេញភារកិច្ចរបស់ខ្លួន ក្នុងការផលិត និងផ្សព្វផ្សាយព័ត៌មានបានរហ័ស និងទាន់សភាពការណ៍ដើម្បីគ្រប់គ្រងសាធារណមតិនាពេលកន្លងមក។ ការពង្រឹងបណ្តាញព័ត៌មានជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ជាក់ថ្នាក់ក្នុងខេត្ត ជាកិច្ចការដ៏ចាំបាច់ហើយត្រូវធ្វើឡើងតាមរយៈចងក្រងបង្កើតជាគ្រុបបណ្តាញទំនាក់ទំនងការងារព័ត៌មាន ក្នុងនោះមានបណ្តាញសង្គមហ្វេសបុក ម៉េសិនជ័រ (Messenger) និងតេឡេក្រាម ជាដើមដែលជាមធ្យោបាយទំនាក់ទំនងព័ត៌មានជំរុញប្រសិទ្ធភាពការងារគ្រប់គ្រងព័ត៌មាននិងសាធារណមតិ។
អ្នកនាំពាក្យបានណែនាំនិងជំរុញឱ្យមន្ទីរព័ត៌មានខេត្ត ផ្តោតលើការផលិតមាតិកាបែបអប់រំផ្សព្វផ្សាយខ្លីៗឱ្យបានច្រើន ដើម្បីបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានអំពីអាទិភាពវិស័យអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកិច្ចខិតខំរបស់រាជរដ្ឋាភិបាលក្នុងការធានាស្ថិរភាពសង្គម និងការពារសន្តិសុខជាតិកម្ពុជា។
បន្ថែមពីនេះ លោក ទេព អស្នារិទ្ធ ក៏បានផ្តល់អនុសាសន៍ជាក់លាក់ទាក់ទងនឹងទម្រង់ និងប្រធានបទជាមួយខ្លឹមសារដែលក្រុមការងារព័ត៌មាន និងសាធារណមតិ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការអនុវត្តការងារប្រចាំថ្ងៃ។
លោក ទេព អស្នារិទ្ធ បានសង្កត់ធ្ងន់ថា ដោយសារតែបច្ចុប្បន្ន ការចូលចិត្តប្រើបណ្តាញសង្គម ពិសេសក្នុងទម្រង់ Reel ក្នុង Facebook ឬ Tiktok Challenge ទទួលបានប្រជាប្រិយភាពច្រើនពីសំណាក់ប្រជាពលរដ្ឋក្នុងការទទួល និងចែករំលែកព័ត៌មាន ដូច្នេះក្រុមការងារនៃមន្ទីរព័ត៌មាន ត្រូវខិតខំស្វែងយល់ពីបច្ចេកទេសថ្មីៗ ដើម្បីផលិតមាតិកាប្រភេទទាំងនេះ និងត្រូវបន្តគិតគូររៀបចំផែនការផលិតវីដេអូខ្លីៗ ជាមួយសារអប់រំអក្ខរកម្មព័ត៌មាន ដែលអាចជួយពង្រឹងខែលការពារឌីជីថលដល់ប្រជាពលរដ្ឋ ឱ្យចេះវិភាគ ពិចារណា និងមិនធ្លាក់ក្នុងឧបាយកលនៃការចែកចាយព័ត៌មានក្លែងក្លាយ ដែលបង្កឡើងដោយក្រុមខិលខូច ក្នុងគោលបំណងបំពុលសង្គម និងបំផ្លាញស្ថិរភាពជាតិ។
លោក ទេព អស្នារិទ្ធ បានបន្ថែមថា ការចេះសម្របខ្លួនបានលឿនលើបច្ចេកទេសផលិត និងផ្សព្វផ្សាយឱ្យស្របការវិវត្តនៃបច្ចេកវិទ្យា និងតម្រូវការព័ត៌មានក្នុងសង្គមឌីជីថល ពិសេសដើម្បីជំរុញមាតិកាព័ត៌មានពិត មានភាពទាក់ទាញ ស្របតាមការចូលចិត្តទទួលព័ត៌មាននាពេលបច្ចុប្បន្ន វាជាការពង្រឹងសមត្ថភាពជំនាញទាន់សម័យកាល និងបង្កើនលទ្ធភាពក្នុងការបញ្ជ្រាបព័ត៌មានពិត មានគុណភាពក៏ដូចជាសារអប់រំផ្សេងៗ សំដៅការពារសន្តិសុខព័ត៌មានជាតិ បន្សាបឥទ្ធិពលនៃព័ត៌មានក្លែងក្លាយ និងរក្សាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ និងស្ថិរភាពនៅក្នុងសង្គមឌីជីថល។
អ្នកនាំពពាក្យក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ដូចគ្នានេះដែរ ការចាក់បញ្ចូលខ្លឹមសារដើម្បីលើកកម្ពស់ការយល់ដឹងអក្ខរកម្មព័ត៌មាន និងការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់បណ្តាញសង្គមមានសារៈសំខាន់បែបយុទ្ធសាស្ត្រ ក្នុងការជំរុញកម្លាំងចលករវិជ្ជមានក្នុងការអភិវឌ្ឍសង្គមជាតិ ពិសេសចូលទៅដល់ស្រទាប់យុវជនបានប្រសើរ ដើម្បីទប់ស្កាត់ការរីករាលដាលនៃព័ត៌មានមិនពិតនៅក្នុងសហគមន៍។ ជាងនេះទៀត កិច្ចខិតខំនេះរួមចំណែកក្នុងការបង្កើតភាពធន់ក្នុងយុគសម័យឌីជីថល សំដៅធានាថាប្រជាពលរដ្ឋគ្រប់រូបមានសមត្ថភាពពេញលេញក្នុងការស្វែងយល់ ត្រិះរិះពិចារណា និងបដិសេធរាល់ខ្លឹមសារបំពុល បំផ្លើស បំភ្លៃ ដែលមានចេតនាបំភាន់ និងបង្កចលាចលក្នុងសង្គម។
នាឱកាសនោះដែរ លោក អ៉ីវ ផល្លី បានលើកទឹកចិត្តឱ្យមន្ត្រីនៃមន្ទីរព័ត៌មានខេត្តត្រូវយកចិត្តទុកដាក់លើការងារសាធារណមតិ និងអនុវត្តយុទ្ធនាការនិយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយជំហានទី២ ឱ្យទទួលបានជោគជ័យ។
លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ បានបញ្ជាក់ថា ក្រុមការងារមន្ទីរនឹងខិតខំផលិតមាតិកា និងវីដេអូខ្លីៗឱ្យកាន់តែទាក់ទាញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋមូលដ្ឋាន។ ក្រៅពីនេះ ក្រុមការងារសម្របសម្រួលព័ត៌មាន និងសាធារណមតិនឹងបន្តកិច្ចសហការឱ្យកាន់តែល្អប្រសើរជាមួយថ្នាក់ដឹកនាំ មន្ទីរ-អង្គភាព ពិសេសការរក្សា និងពង្រឹងបណ្តាញព័ត៌មានជាមួយអាជ្ញាធរក្នុងក្រុង-ស្រុក ឃុំ និងរហូតដល់ភូមិ ដើម្បីគ្រប់គ្រងព័ត៌មាន និងសាធារណមតិទាន់ពេលវេលាជូនប្រជាពលរដ្ឋ និងលើកកម្ពស់ការទទួលព័ត៌មានពិត ដើម្បីសុវត្ថិភាពព័ត៌មានក្នុងសង្គម៕











