អភិបាលខេត្តកំពង់ធំ ចុះទៅពិនិត្យផ្ទាល់ និងបានដោះស្រាយបញ្ចប់ករណីស្រ្តីម្នាក់ឈូសឆាយដីរដ្ឋនៅតំបន់បាំងត្នោត ឃុំទំរីង ស្រុកសណ្តាន់ ហើយបង្ហោះតាមបណ្តាញសង្គមចោទអាជ្ញាធរ និងមន្រ្តីបរិស្ថាន រឿងចាប់គាត់ជាមួយត្រាក់ទ័រ (Video inside)

06-06-2026 15:42

(កំពង់ធំ)៖ ទីបំផុត! អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ បានចំណាយពេលធ្វើដំណើរប្រមាណ ២ម៉ោង ទៅកាន់តំបន់បាំងត្មាត ស្ថិតនៅភូមិលែង ឃុំទំរីង ស្រុកសណ្តាន់ ជាមួយមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន ក្រោយស្រ្តីម្នាក់ បានបង្ហោះនៅតាមបណ្តាញសង្គម Facebook កាលពីប៉ុន្មានថ្ងៃមុន ដោយចោទទាំងអាជ្ញាធរ និងមន្រ្តីបរិស្ថានថា បានចាប់ត្រាក់ទ័រ និងចង់ឃាត់ខ្លួនគាត់ ព្រោះតែឈូសឆាយដីនៅតំបន់នោះ។

ការថត និងបង្ហោះតាមបណ្តាញសង្គម ស្រ្តីរូបនេះ បានស្រែកជាមួយពាក្យសំដីមិនសមរម្យដាក់មន្រ្តីបរិស្ថាន និងមន្រ្តីអាជ្ញាធរ ដោយចោទទាំងគ្មានមូលដ្ឋានថា គាត់បានភ្ជួរលើដីដែលម្ចាស់ដីមានការទទួលស្គាល់ត្រឹមត្រូវ ពីអាជ្ញាធរមូលដ្ឋាន ដែលជាការរំលោភបំពានគាត់យ៉ាងធ្ងន់ធ្ងរ។

ការបង្ហោះរបស់ស្រ្តីរូបនេះ បានរុញការចូលមើលវីដេអូរបស់គាត់រាប់លាននាក់ និងមានការចែកចាយវីដេអូនេះជាច្រើនទៀត ដែលនាំឲ្យមានការវាយតម្លៃ និងចាត់ទុកថា​ ចំណាត់ការរបស់អាជ្ញាធរ និងមន្រ្តីបរិស្ថានធ្វើខុស និងធ្វើបាបប្រជាជនយ៉ាងខ្លាំង។

ក្រោយទទួលបានព័ត៌មាននេះ និងមានការចោទប្រកាន់ដោយមិនមានមូលដ្ឋាននោះលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានដឹកនាំមន្រ្តីជំនាញបរិស្ថាន សមត្ថកិច្ចជំនាញ និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន រួមជាមួយស្រ្តីរូបនេះ និងបងប្អូនរបស់គាត់ធ្វើដំណើរទៅពិនិត្យដីជាក់ស្តែងតែម្តង។

ពេលទៅមើលជាក់ស្តែង បានបង្ហាញថា ស្រ្តីរូបនេះ និងប្តីរបស់គាត់បានឈូសឆាយដីរបស់រដ្ឋក្នុងទំហំមួយចំនួន ដែលតម្រូវឲ្យមន្រ្តីបរិស្ថាន និងអាជ្ញាធរមូលដ្ឋានធ្វើការទប់ស្កាត់។ នៅចំពោះមុខស្រ្តីរូបនេះ អភិបាលខេត្តកំពង់ធំ បានណែនាំឲ្យបញ្ឈប់ការឈូសឆាយតទៅទៀត ដោយកំណត់ឲ្យអាស្រ័យផលលើដីជាក់ស្តែងតាំងពីមុន គឺនៅដដែល រង់ចាំការសម្រេចពេលក្រោយរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។

សម្រាប់ត្រាក់ទ័រដែលមន្រ្តីបរិស្ថានឃាត់ទុកនោះ ត្រូវបានលោកអភិបាលខេត្ត អនុញ្ញាតឲ្យមន្រ្តីប្រគល់ជូនគាត់វិញផងដែរ។ តែយ៉ាងណាក៏ដោយ លោក នួន ផារ័ត្ន ក៏បានព្រមានទុកជាមុនថា បើមានការលួចឈូសឆាយ ជាពិសេសមានកើតឡើងនៅពេលយប់​ មន្រ្តីជំនាញ និងអាជ្ញាធរ មិនលើកលែងឲ្យទៀតនោះទេ ត្រូវចាប់ឃាត់ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្ត៕