រដ្ឋមន្ត្រីក្រសួងបរិស្ថានបញ្ជាក់ថ្មីថា ច្បាប់មិនលើកលែងជាដាច់ខាតចំពោះជនល្មើសបំផ្លាញធនធានធម្មជាតិ, ៥ខែឆ្នាំ២០២៦ ជនល្មើស ៤៣នាក់ ត្រូវបញ្ជូនទៅតុលាការ (Video inside)

06-06-2026 15:52

(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ជាថ្មីថា ដើម្បីការពារធនធានធម្មជាតិឱ្យនៅគង់វង្ស ក្រសួងបរិស្ថាន បានអនុវត្តច្បាប់ ១០០ភាគរយ គឺមិនលើកលែងជាដាច់ចំពោះជនល្មើសទាំងណា ដែលបំផ្លិចបំផ្លាធនធានធម្មជាតិ កាប់គាស់ រុករានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃដើម្បីយកមកធ្វើជាកម្មសិទ្ធិ។

ការបញ្ជាក់ជាថ្មីបែបនេះរបស់លោកបណ្ឌិត អ៊ាង សុផល្លែត បានធ្វើឡើងនៅក្នុងឱកាសលោកអញ្ជើញជាអធិបតីភាពរៀបចំទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ២០២៦ ក្រោមប្រធានបទ៖ «សំណល់សូន្យ (Zero Waste)»​ ​នារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមិញ នៅទីស្តីការក្រសួងបរិស្ថាន។

ជាមួយគ្នានេះដែរ លោកបណ្ឌិត អ៊ាង សុផល្លែត បានឱ្យដឹងថា ក្រសួងបរិស្ថាន បានពង្រឹងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ តាមរយៈការដាក់ចេញនូវវិធានការមួយចំនួនដូចជា ការអនុវត្តច្បាប់ដោយមិនលើកលែងចំពោះបទល្មើសធនធានធម្មជាតិ, ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងស្ថាប័នទាំងថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយអង្គការដៃគូរវិស័យឯកជន សហគមន៍មូលដ្ឋានផ្ទាល់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អង្គភាពប្រឆាំងអំពើពុករលួយ និងក្រុមអ្នកច្បាប់ ដើម្បីពង្រឹងការអនុវត្តច្បាប់។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ថា បច្ចប្បន្ននេះ ក្រសួងបានប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ​ ហើយជារៀងរាល់ខែក្រសួងបរិស្ថាន បានប្រើប្រាស់រូបភាពផ្កាយរណប និងបានបោះពុម្ព ឱ្យមន្ទីរបរិស្ថានទូទាំងរាជធានី-ខេត្ត​ សម្រាប់អនុវត្តការងារ។ បន្ថែមពីនេះ ក្រសួងបានប្រគល់ដ្រូន ដល់មន្ទីរបរិស្ថាន សម្រាប់ប្រើប្រាស់បច្ចេកវិទ្យាលើការងារល្បាតព្រៃឈើ គឺបានសម្រួលដល់ការងារគ្រប់គ្រងធនធានធម្មជាតិរបស់មន្ត្រីជំនាញឱ្យមានភាពងាយស្រួល ទប់ស្កាត់បានទាន់ពេលវេលា ដើម្បីផ្ទៀងផ្ទាត់ថា ទីតាំងណាមួយក្នុងតំបន់ការពារធនធានធម្មជាតិ មានបទល្មើសណាមួយកើតឡើង ឬមិនមាន។

លោកបណ្ឌិត អ៊ាង សុផល្លែត បានបន្តថា តាមរយៈការដាក់ឱ្យអនុវត្តច្បាប់តឹងរ៉ឹង មិនលែកលែងចំពោះជនល្មើសបំផ្លាញធនធានធម្មជាតិនេះ បទល្មើសបានធ្លាក់ចុះគួរឱ្យគត់សម្គាល់។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងមិនជិះសេះលែងដៃនោះទេ ដើម្បីបុព្វហេតុព្រៃឈើ អីឡូវនេះយើងមាន Hote line ទៀត ហើយសង្គមស៉ីវិល ជាដៃគូរបស់ខ្ញុំ អង្គការមិនមែនរដ្ឋាភិបាល ប្រជាពលរដ្ឋទូទាំងប្រទេស​​ គឺជាដៃគូរបស់ខ្ញុំ ដឹងបទល្មើសបរិស្ថានកន្លែងណាប្តឹងចូល Hote line មន្ទីរបរិស្ថាន នឹងចាត់ការភ្លាមៗ»

គួរឱ្យដឹងថា ក្នុងរយៈពេល៥ខែ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារ បានធ្វើសកម្មភាពល្បាតចំនួន ៥ ៣៣៨ លើក និងបានបង្ក្រាបបទល្មើសធនធានធម្មជាតិ ចំនួន៨៩៦ករណី មានជាអាទ៍បទល្មើសព្រៃឈើ ចំនួន ២៩៣ករណី បទល្មើសសត្វព្រៃចំនួន ២២៦ករណី បទល្មើសកាប់រុករានទន្ទ្រានដីរដ្ឋចំនួន ២៤២ករណី បទល្មើសនេសាទ ចំនួន ១២៦ករណី និងបទល្មើសធនធានរ៉ែ ៩ករណី។

ក្នុងរយៈពេលដូចគ្នា ក្រុមការងារបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចំនួន ៦៨ សំណុំរឿង និងបញ្ជូនជនសង្ស័យទៅតុលាការ ចំនួន ៤៣នាក់។ ជាមួយគ្នានេះ ក្រុមការងារបានដកហូតមធ្យោបាយប្រព្រឹត្តបទល្មើស រួមមានរណាយន្តចំនួន២២៨គ្រឿង គោយន្ត ចំនួន១៨គ្រឿង ម៉ូតូចំនួន៣៣គ្រឿង និងគ្រឿងយន្តមួយចំនួនទៀត។ លើសពីនេះក្រុមការងារបានចាប់យកវត្ថុតាងប្រព្រឹត្តបទល្មើស រួមមានកាំភ្លើងកែច្នៃចំនួន៨៦ ដើម មានគ្រប់១៥គ្រាប់ អាវុធ ៤ដើម គ្រាប់៥១គ្រប់ អន្ទាក់ឆក់ចំនួន១ ២២៥ម៉ែត្រ និងអន្ទាក់ខ្សែមានចំនួន១១ ២២០ខ្សែ។

សូមបញ្ជាក់ថាក្នុងខែឧសភា ឆ្នាំ២០២៦ មន្រ្តីឧទ្យានុរក្ស ចុះល្បាតជាប្រចាំក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបាន ១ ២៩០លើក និងបង្ក្រាបបទល្មើសធនធានធម្មជាតិបាន ចំនួន ១៧៨ ករណី មានជាអាទ៍បទល្មើសព្រៃឈើ ចំនួន៦៥ ករណី បទល្មើសសត្វព្រៃចំនួន៤៤ ករណី បទល្មើសកាប់រុករានទន្ទ្រានដីរដ្ឋចំនួន ៤៤ករណី បទល្មើសនេសាទ ចំនួន ២៤ករណី និងបទល្មើសធនធានរ៉ែ ១ករណី ។

ក្រសួងបរិស្ថានបានបន្តពង្រឹងការល្បាត ការពារព្រៃឈើ និងសត្វព្រៃ នៅតាមតំបន់ការពារធម្មជាតិទាំង៧៣កន្លែង។ សញ្ញាណទីតាំងដែលមានការដុតបំផ្លាញ ការកាប់ឈើ ឬការឈូសឆាយដីខុសច្បាប់។ យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ត្រូវបានដាក់ចេញនូវការគ្រប់គ្រង អភិរក្ស និងការពារធនធានធម្មជាតិប្រកបដោយនិរន្តរភាព។ ជាមួយគ្នានេះ មន្រ្តីឧទ្យានុរក្ស បន្តពង្រឹងកិច្ចសហការ ធ្វើការយ៉ាងជិតស្និទ្ធជាមួយ គណៈបញ្ជាការកងឯកភាពខេត្ត អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ អង្គភាពប្រឆាំងអំពើពុករលួយ និងសហគមន៍តំបន់ការពារធម្មជាតិ ដើម្បីធានាការការពារ និងអភិរក្សធនធានធម្មជាតិ សម្រាប់ការរស់នៅដោយចីរភាព៕