អ្នកនាំពាក្យ៖ ជំនួបកម្ពុជា-អាមេរិក ក្នុងវិស័យអាកាសចរស៊ីវិល ផ្តល់សញ្ញាវិជ្ជមាន សម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

06-06-2026 16:05

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ បានជួបជាមួយលោក Hunt VanderToll ឧបការីរងរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ និងអាស៊ាន។

គោលបំណងសំខាន់ នៃកិច្ចពិភាក្សាផ្តោតអំពីបញ្ហាទ្វេភាគីសំខាន់ៗ ការវិនិយោគរបស់សហរដ្ឋអាម៉េរិក លើហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ និងកិច្ចព្រមព្រៀងបើកចំហរជើងមេឃ (Open Skies Agreement)។

លោក ស៉ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានលើកឡើងថាជំនួបនេះអាចវាយតម្លៃថា ជាជំនួបមានលទ្ធផលវិជ្ជមានខ្ពស់ និងមានន័យយុទ្ធសាស្ត្រ សម្រាប់ទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក ជាពិសេសក្នុងវិស័យវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ និងការតភ្ជាប់ផ្លូវអាកាសជាអន្តរជាតិ។

លោក ស៉ីន ចាន់សិរីវុត្ថា បានបន្ដថា ជំនួបនេះ បានផ្តោតលើការពង្រឹងទំនាក់ទំនងទ្វេភាគី កិច្ចសហប្រតិបត្តិការវិនិយោគ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ និងការតភ្ជាប់ផ្លូវអាកាសជាអន្តរជាតិ។

លោក ស៉ីន ចាន់សិរីវុត្ថា យល់ឃើញថា ជំនួបរវាងឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងលោក Hunt VanderToll ឧបការីរងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ និងអាស៊ាន ដែលមានការចូលរួមពីបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលថា ជាជំនួបដែលមានអត្ថន័យជាយុទ្ធសាស្ត្រខ្ពស់ និងផ្តល់សញ្ញាវិជ្ជមាន សម្រាប់អនាគតនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ក្នុងទស្សនៈកម្រិតវិស័យអាកាសចរណ៍ លោក ស៉ីន ចាន់សិរីវុត្ថា ពិនិត្យឃើញថា មានលទ្ធផលសំខាន់ៗចំនួន៣ ដែលគួរឱ្យកត់សម្គាល់៖

ទី១៖ ការពង្រឹងទំនុកចិត្តលើវិស័យអាកាសចរណ៍កម្ពុជា ការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ ជាពិសេសពាក់ព័ន្ធនឹងអាកាសយានដ្ឋាន អន្តរជាតិតេជោ បង្ហាញថា កម្ពុជាកំពុងទទួលបានការទទួលស្គាល់ កាន់តែច្រើនក្នុងនាមជាគោលដៅសម្រាប់ការវិនិយោគ និងជាច្រកតភ្ជាប់តាមផ្លូវអាអាកាស សំខាន់មួយក្នុងតំបន់ និងសាកលលោក។

ទី២៖ ការសម្រេចបានកិច្ចព្រមព្រៀង Open Skies Agreement (កិច្ចព្រមព្រៀងបើកចំហជើងមេឈ)
* បន្ទាប់ពីការចរចាត្រូវបានអូសបន្លាយអស់រយៈពេលជាងមួយទសវត្សរ៍ក៏ដោយ ក៏ការសម្រេចបានកិច្ចព្រមព្រៀង Open Skies រវាងកម្ពុជា និងសហរដ្ឋអាមេរិកនាពេលនេះ គឺជាជំហានដ៏សំខាន់ មួយក្នុងការពង្រីកនិងពង្រឹងការតភ្ជាប់ផ្លូវអាកាស ការធ្វើពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគរវាងប្រទេសទាំងពីរ។
* ទោះបីជាក្នុងរយៈពេលខ្លី យើងប្រហែលជាមិនទាន់ឃើញមានការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា និងសហរដ្ឋអាមេរិក ភ្លាមៗក៏ដោយ ក៏​ប៉ុន្តែកិច្ចព្រមព្រៀងនេះ បានបង្កើតមូលដ្ឋានគោលនយោបាយ ច្បាប់ វិធាន និងនីតិវិធី ដ៏រឹងមាំសម្រាប់ការអភិវឌ្ឍនាពេលអនាគត។

ទី៣៖ សញ្ញាវិជ្ជមានសម្រាប់ការវិនិយោគ និងសេដ្ឋកិច្ចកម្ពុជា
* ជំនួបនេះ មិនមែននិយាយតែអំពីអាកាសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីការបន្តពង្រឹងភាពជាដៃគូសេដ្ឋកិច្ចរវាងកម្ពុជា និងសហរដ្ឋអាមេរិក។ ការកើនឡើងនៃការតភ្ជាប់អាកាសចរណ៍ និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ គឺជាកត្តាសំខាន់សម្រាប់ការទាក់ទាញភ្ញៀវទេសចរ វិនិយោគិន និងពាណិជ្ជកម្មអន្តរជាតិ។

បន្ថែមពីនោះទៀត លោក ស៉ីន ចាន់សិរីវុត្ថា បានគូសបញ្ជាក់ថា ជំនួបនេះ មានសារៈសំខាន់ៗសម្រាប់កម្ពុជា៖

* សម្រាប់លោក (ក្នុងទស្សនៈកម្រិតវិស័យអាកាសចរណ៍) លទ្ធផលដ៏សំខាន់បំផុតនៃជំនួបនេះ មិនមែនស្ថិតនៅត្រឹមតែកិច្ចព្រមព្រៀង ឬគម្រោងវិនិយោគណាមួយនោះទេ ប៉ុន្តែស្ថិតនៅលើការទទួលស្គាល់ជាអន្តរជាតិ (International Recognition) និងទំនុកចិត្ត (Confidence) ដែលដៃគូអន្តរជាតិដ៏សំខាន់មួយដូចជាសហរដ្ឋអាមេរិក បានបង្ហាញចំពោះទិសដៅអភិវឌ្ឍន៍ និងសក្តានុពលរបស់កម្ពុជា។

* ការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះអាកាសយានដ្ឋានអន្តរជាតិតេជោ និងការសម្រេចបាន Open Skies Agreement គឺជាសញ្ញាបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាជាគោលដៅ ដ៏មានស្ថិរភាព និងកំពុងបន្តដើរទៅមុខក្នុងមាគ៌ាដ៏ត្រឹមត្រូវក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ស្តង់ដារអន្តរជាតិ ពង្រឹងការតភ្ជាប់សកល និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់ខ្លួនក្នុងតំបន់ និងលើឆាកអន្តរជាតិ។

* លើសពីនេះ លទ្ធផលនៃជំនួបនេះ ក៏បានឆ្លុះបញ្ចាំងពីការកើនឡើងនៃភាពជឿជាក់របស់វិនិយោគិន និងដៃគូអភិវឌ្ឍន៍អន្តរជាតិចំពោះវិស័យអាកាសចរណ៍ និងបរិយាកាសវិនិយោគរបស់កម្ពុជា ដែលនឹងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងភស្តុភារកម្មក្នុងរយៈពេលវែង។

* ក្នុងន័យយុទ្ធសាស្ត្រ វាគឺជាជំហានវិជ្ជមានដ៏សំខាន់មួយទៀតក្នុងដំណើររបស់កម្ពុជាឆ្ពោះទៅកាន់ការប្រែក្លាយខ្លួនទៅជាមជ្ឈ មណ្ឌលអាកាសចរណ៍ និងភស្តុភារកម្មតំបន់ (Regional Aviation and Logistics Hub) ដែលមានសមត្ថភាពតភ្ជាប់កម្ពុជា ទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក កាន់តែទូលំទូលាយ។

ជារួម លទ្ធផលនៃជំនួបនេះបានឆ្លុះបញ្ចាំងពីការរីកចម្រើនជាវិជ្ជមាននៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក ព្រមទាំងការកើនឡើងនៃទំនុកចិត្ត និងការទទួលស្គាល់កាន់តែខ្ពស់ចំពោះសក្តានុពល និងទិសដៅអភិវឌ្ឍន៍របស់កម្ពុជា។

លទ្ធផលទាំងនេះ មិនត្រឹមតែបង្ហាញពីការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកគាំទ្រដល់ចក្ខុវិស័យរយៈពេលវែងរបស់កម្ពុជា ក្នុងការកសាង វិស័យអាកាសចរណ៍ដែលមានភាពទំនើប ប្រកួតប្រជែង មានចីរភាព និងមានសមត្ថភាពជំរុញកំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងពង្រឹងការតភ្ជាប់ជាមួយតំបន់ និងសកលលោកកាន់តែទូលំទូលាយ។

តាមរយៈការបង្កើតក្របខ័ណ្ឌអាកាសចរណ៍ ដែលមានភាពបើកចំហ តម្លាភាព និងអាចព្យាករបាន កិច្ចព្រមព្រៀង Open Skies នេះនឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការពង្រីក និងពង្រឹងការតភ្ជាប់ ផ្លូវអាកាសរវាងកម្ពុជា និងទីផ្សារសំខាន់ៗរបស់សហរដ្ឋអាមេរិក តាមរយៈការអភិវឌ្ឍសេវាដឹកជញ្ជូនផ្លូវអាកាសត្រង់នាពេលអនាគត នៅពេលមានលក្ខខណ្ឌ ពាណិជ្ជកម្ម និងទីផ្សារសមស្រប ក៏ដូចជាការពង្រីកការតភ្ជាប់ តាមរយៈជើងហោះហើរតភ្ជាប់ (Connecting Services) កិច្ចព្រមព្រៀង Codeshare និងភាពជាដៃគូរវាង ក្រុមហ៊ុនអាកាសចរណ៍។

ក្នុងរយៈពេលវែង កិច្ចព្រមព្រៀង Open Skies នេះនឹងរួមចំណែកពង្រឹងការតភ្ជាប់ផ្នែកទេសចរណ៍ ពាណិជ្ជកម្ម វិនិយោគ និងភស្តុភារកម្មអន្តរជាតិ ព្រមទាំងគាំទ្រដល់ចក្ខុវិស័យ របស់កម្ពុជា ក្នុងការអភិវឌ្ឍខ្លួនឱ្យក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍(Aviation Hub) ទេសចរណ៍ ពាណិជ្ជកម្ម និងភស្តុភារកម្មដ៏សំខាន់មួយនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ៕

បើតាមលោក ស៉ីន ចាន់សិរីវុត្ថា, Open Skies Agreement (កិច្ចព្រមព្រៀងបើកចំហជើងមេឃ) គឺជាកិច្ចព្រមព្រៀងចំហទីផ្សារដឹកជញ្ជូនផ្លូវអាកាសទ្វេភាគី ឬពហុភាគី ដែលមានគោលបំណងលើកកម្ពស់សេរីភាវូបនីយកម្មនៃទីផ្សារដឹកជញ្ជូនផ្លូវអាកាស តាមរយៈការបន្ធូរបន្ថយ ឬលុបបំបាត់ការរឹតបន្តឹងមួយចំនួនលើប្រតិបត្តិការអាកាសចរណ៍អន្តរជាតិ ដូចជា៖

* ចំនួនជើងហោះហើរដែលអាចប្រតិបត្តិការ
* ចំនួនក្រុមហ៊ុនអាកាសចរណ៍ដែលអាចកំណត់ឱ្យប្រតិបត្តិការ
* សមត្ថភាពដឹកជញ្ជូនអ្នកដំណើរ និងទំនិញ
* ប្រភេទ និងទំហំយន្តហោះដែលអាចប្រើប្រាស់
* ទិសដៅ ការតភ្ជាប់ និងសិទ្ធិដឹកជញ្ជូនផ្លូវអាកាស (Traffic Rights)

ជាទូទៅ កិច្ចព្រមព្រៀងប្រភេទនេះ ផ្តល់ឱ្យក្រុមហ៊ុនអាកាសចរណ៍នៃប្រទេសជាភាគីនូវភាពបត់បែន និងសេរីភាពកាន់តែទូលំទូលាយក្នុងការរៀបចំបណ្តាញជើងហោះហើរ បង្កើតភាពជាដៃគូអាជីវកម្ម ពង្រីកការតភ្ជាប់អន្តរជាតិ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារបានកាន់តែមានប្រសិទ្ធភាព។

សារៈសំខាន់ចំពោះកម្ពុជា កិច្ចព្រមព្រៀង Open Skies មិនមែនគ្រាន់តែជាកិច្ចព្រមព្រៀងស្តីពីសិទ្ធិដឹកជញ្ជូនផ្លូវអាកាសប៉ុណ្ណោះទេ ប៉ុន្តែជាឧបករណ៍គោលនយោបាយ ដ៏សំខាន់មួយសម្រាប់ពង្រឹងការតភ្ជាប់អន្តរជាតិ ជំរុញពាណិជ្ជកម្ម ទេសចរណ៍ ការវិនិយោគ និងការអភិវឌ្ឍវិស័យភស្តុភារកម្ម។

ជាពិសេស វាបង្កើតក្របខ័ណ្ឌអំណោយផលសម្រាប់ការពង្រីកការតភ្ជាប់រវាងកម្ពុជា និងទីផ្សារអាកាសចរណ៍សំខាន់ៗរបស់សហរដ្ឋអាមេរិក តាមរយៈជើងហោះហើរតភ្ជាប់ (Connecting Services) កិច្ចព្រមព្រៀង Codeshare និងសក្តានុពលនៃសេវាដឹកជញ្ជូនផ្លូវអាកាសត្រង់នាពេលអនាគត នៅពេលមានលក្ខខណ្ឌពាណិជ្ជកម្មសមស្រប៕