អាជ្ញាធរខណ្ឌព្រែកព្នៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams
06-06-2026 16:14
(ភ្នំពេញ)៖ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ, លោក ធឹម សំអាន ប្រធានគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ បានបន្តចុះត្រួតពិនិត្យរដ្ឋបាលតាមទីតាំង ផ្ទះជួល បន្ទប់ជួល ផ្ទះសំណាក់ ផ្ទះល្វែង បុរី និងឃ្លាំង ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងភូមិសាស្ដ្រខណ្ឌព្រែកព្នៅ។
ជាក់ស្តែងនៅថ្ងៃសៅរ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៦ លោក ធឹម សំអាត បានដឹកនាំសមត្ថកិច្ច ចុះពិនិត្យ២ទីតាំង រួមមាន៖
*ទី១៖ រោងចក្រកាត់ដេរ ស្ថិតនៅភូមិជុំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ (មានជនជាតិចិនចំនួន ០៨នាក់ ស្រី ០៤នាក់ ក្នុងនោះមានថៅកែ និងកម្មករជំនាញ)។
*ទី២៖ បុរីមេគង្គលែន ស្ថិតនៅភូមិធ្លក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ផ្លូវលេខ ៦ហ្គោឌិន ផ្ទះលេខ២០២ មានជនជាតិចិនម្នាក់។
ក្រោយពីបានធ្វើការពិនិត្យយ៉ាងល្អិតល្អន់ និងហ្មត់ចត់ពីកម្លាំងសមត្ថកិច្ចជំនាញ រួមជាមួយអាជ្ញាធរមូលដ្ឋានរួចមក ជាលទ្ធផល ពុំមានការរកឃើញបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឬសកម្មភាពខុសច្បាប់ណាមួយឡើយ នៅក្នុងទីតាំងខាងលើនេះ៕
































