រដ្ឋមន្ត្រីក្រសួងបរិស្ថាន អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធបន្តរួមគ្នាលើកស្ទួយវិស័យបរិស្ថាន បើទោះបីកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ជាប្រទេសមានបរិស្ថានធម្មជាតិល្អបំផុតនៅលើពិភពលោកក៏ដោយ (Video inside)
06-06-2026 16:26
(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យបន្តរួមគ្នាលើកស្ទួយវិស័យបរិស្ថាន បើទោះបីប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ជាប្រទេសមានបរិស្ថានធម្មជាតិល្អបំផុតនៅលើពិភពលោក ដែលវាយតម្លៃដោយស្ថាប័ន U.S. News & World Report ក៏ដោយ។
ការអំពាវនាវបែបនេះរបស់លោកបណ្ឌិត អ៊ាង សុផល្លែត បានធ្វើឡើងនៅក្នុងឱកាសលោកអញ្ជើញជាអធិបតីភាពរៀបចំទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ២០២៦ ក្រោមប្រធានបទ៖ «សំណល់សូន្យ (Zero Waste)» នារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមិញ នៅទីស្តីការក្រសួងបរិស្ថាន។
លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា បានទទួលចំណាត់ថ្នាក់លេខ១ នៅលើពិភពលោកសម្រាប់ប្រទេសដែលមានសោភ័ណភាពបរិស្ថានល្អនេះ គឺធ្វើឡើងតាមរយៈការវាយតម្លៃយ៉ាងហ្មត់ចត់ ត្រឹមត្រូវ ហើយមិនមែនជាការវាយតម្លៃដោយអង្គភាពធម្មតានោះទេ ពោលគឺជាអង្គភាពដែលទទួលស្គាល់ដោយអន្តរជាតិ ដែលមានអាយុកាលជាង ១៣០ឆ្នាំ។
លោកបណ្ឌិត អ៊ាង សុផល្លែត បានឱ្យដឹងថា ចំពោះការវាយតម្លៃនេះគឺបានចុះមកវាយតម្លៃដោយផ្ទាល់នៅក្នុងប្រទេសកម្ពុជា ដោយក្រុមអ្នកជំនាញ ព្រមទាំងតាមរយៈអង្គការសហប្រជាជាតិ និងតាមអង្គការសង្គមស៉ីវិល។ ហើយការដាក់ពិន្ទុ និងវាយតម្លៃ គឺមានសុក្រឹតភាពយ៉ាងខ្លាំង។
លោកបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងថា កត្តាដែលនាំឱ្យប្រទេសកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសដែលមានបរិស្ថានធម្មជាតិល្អបំផុតនៅលើពិភពលោក ដោយសារតែមន្ត្រី និងប្រជាពលរដ្ឋកម្ពុជា បានរួមគ្នាធ្វើការយ៉ាងសកម្ម គឺធ្វើការដោយបេះដូង មិនមែនធ្វើការដោយលុយទេ។
ជាមួយគ្នានេះដែរ លោកបណ្ឌិត អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា៖ «ភាពស្អាតនេះមិនទាន់ចប់ទេ គឺនៅតទៀត សូមកុំបានរង្វាន់ហើយ បានការទទួលស្គាល់ហើយទម្លាក់ដៃ នាំគ្នាឈប់អី កុំសូមបន្តទៀត»។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងថា ជោគជ័យនេះ មិនមែនជាជោគជ័យរបស់ក្រសួងបរិស្ថាន តែឯងនោះទេ ប៉ុន្តែ ជាការដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ត្រដ៏ត្រឹមត្រូវរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ហើយយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន គឺសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានចង្អុលបង្ហាញ គូសវាសដឹកនាំ ដូច្នេះ តាមរយៈយុទ្ធសាស្ត្រនេះបានចេញជាលទ្ធផលយ៉ាងធំធេងចំពោះវិស័យបរិស្ថានស្អាតនៅកម្ពុជា និងនៅលើឆាកអន្តរជាតិ។
បន្ថែមពីនេះ លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរព្រះគុណប្រគេនដល់ព្រះសង្ឃគ្រប់ព្រះអង្គ ព្រមទាំងគ្រប់ភាគីពាក់ព័ន្ធដែលបានចូលរួមជួយផ្សព្វផ្សាយ សម្អាត និងការពារបរិស្ថាន ព្រមទាំងធនធានធម្មជាតិនៅកម្ពុជា ឱ្យនៅគង់វង្ស។
សូមបញ្ជាក់ថា ប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសដែលមានបរិស្ថានធម្មជាតិល្អបំផុតនៅលើពិភពលោក នៅក្នុងឆ្នាំ២០២៦នេះ នៅក្នុងរបាយការណ៍ស្ទង់មតិ និងចំណាត់ថ្នាក់សកលរបស់ U.S. News & World Report។
ការវាយតម្លៃនេះផ្អែកលើលក្ខណសម្បត្តិសំខាន់ៗរួមមាន៖ ការគ្រប់គ្រងបរិស្ថានបានល្អ និងការផ្តល់ខ្យល់អាកាសបរិសុទ្ធ មានការគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព និងកិច្ចខិតខំប្រឹងប្រែង ក្នុងការអភិរក្សជីវៈចម្រុះ ប្រកបដោយប្រសិទ្ធភាព៕




























