ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន៖ ការកសាងសមត្ថភាពឌីជីថលពីកម្រិតបឋមសិក្សា នឹងដើរតួជាស្ពានចម្លងដ៏រឹងមាំឆ្ពោះទៅរកការអនុវត្តកម្មវិធីសិក្សាផ្នែកបញ្ញាសិប្បនិម្មិត
06-06-2026 16:32
(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ថា ការកសាងសមត្ថភាពឌីជីថលពីកម្រិតបឋមសិក្សា នឹងដើរតួជាស្ពានចម្លងដ៏រឹងមាំឆ្ពោះទៅរកការអនុវត្តកម្មវិធីសិក្សាផ្នែកបញ្ញាសិប្បនិម្មិត (AI) សម្រាប់កម្រិតវិទ្យាល័យ ដែលក្រសួងបានគ្រោងទុកនៅក្នុងផែនការយុទ្ធសាស្ត្របន្តជាមួយដៃគូ។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងដូចនេះ នារសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជេីញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ការអនុវត្តកម្មវិធីអប់រំការគិតបែបកុំព្យូទ័រ (CoolThink@JC)» ទៅក្នុងសាលារៀនបឋមសិក្សា។
កម្មវិធី CoolThink@JCត្រូវបានផ្ដួចផ្ដើមឡើងនិងផ្ដល់មូលនិធិដោយអង្គការសប្បុរសធម៍នៅទីក្រុងហុងកុង ក្នុងគោលបំណងបំពាក់បំប៉នសិស្សានុសិស្សនូវជំនាញគិតបែបកុំព្យូទ័រ ដើម្បីរៀបចំពួកគេសម្រាប់អនាគតឌីជីថលដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ កម្មវិធីនេះក៏ពង្រឹងសមត្ថភាពគ្រូបង្រៀនតាមរយៈកម្មវិធីសិក្សាដែលមានគុណភាពខ្ពស់ ប្រព័ន្ធសិក្សា និងកម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈផងដែរ។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងបញ្ជាក់ថា «ការកសាងសមត្ថភាពឌីជីថលពីកម្រិតបឋមសិក្សា នឹងដើរតួជាស្ពានចម្លងដ៏រឹងមាំឆ្ពោះទៅរកការអនុវត្តកម្មវិធីសិក្សាផ្នែកបញ្ញាសិប្បនិម្មិត(AI) សម្រាប់កម្រិតវិទ្យាល័យ ដែលក្រសួងបានគ្រោងទុកនៅក្នុងផែនការយុទ្ធសាស្ត្របន្តជាមួយដៃគូ។ នៅពេលដែលសិស្សរបស់យើងមានគ្រឹះរឹងមាំលើការគិតបែបវិទ្យាសាស្ត្រពីសាលាបឋមសិក្សា ពួកគេនឹងមិនមានការលំបាក ឬខ្លាចញញើតក្នុងការឈានទៅសិក្សាអំពីមេរៀនស្មុគស្មាញនៃប្រព័ន្ធ AI និងបច្ចេកវិទ្យាស្វ័យប្រវត្តិនានានៅកម្រិតវិទ្យាល័យឡើយ»។
បន្ថែមពីនេះដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព និងនិរន្តរភាពនៃការអនុវត្តកម្មវិធីអប់រំការគិតបែបកុំព្យូទ័រ នៅកម្រិតសាលារៀនលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានផ្តល់នូវអនុសាសន៍ណែនាំគន្លឹះ ៤ ដូចខាងក្រោម៖
* ទី១៖ គណៈគ្រប់គ្រងសាលាត្រូវដើរតួជាអ្នកដឹកនាំប្រកបដោយឆន្ទៈ និងជាអ្នកថែទាំហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ លោកនាយក លោកស្រីនាយិកា ត្រូវផ្តល់អាទិភាព និងគាំទ្រយ៉ាងពេញទំហឹងដល់លោកគ្រូ-អ្នកគ្រូបង្គោល រៀបចំកាលវិភាគសិក្សាឱ្យបានច្បាស់លាស់ ទាំងក្នុងម៉ោងសិក្សា និងការបង្កើតក្លឹបសិក្សាក្រៅម៉ោង ។ ត្រូវធានាថាបន្ទប់កុំព្យូទ័រ និងសម្ភារបរិក្ខារត្រូវបានថែទាំយ៉ាងល្អ និងបើកចំហរឱ្យសិស្សានុសិស្សបានប្រើប្រាស់យ៉ាងពិតប្រាកដ។
* ទី២៖ លោកគ្រូ-អ្នកគ្រូបង្គោលត្រូវដើរតួជាអ្នកណែនាំ (Mentors) និងជាអ្នកចែករំលែកចំណេះដឹង។ លោកគ្រូ-អ្នកគ្រូដែលបានទទួលការបណ្តុះបណ្តាលបច្ចេកទេស ត្រូវមានស្មារតីលះបង់ និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការនាំយកចំណេះដឹងនេះទៅបង្រៀនកុមារ និងត្រូវបន្តចែករំលែកចំណេះដឹង (Peer-to-Peer Learning) ទៅកាន់សហការីរួមសាលារបស់ខ្លួន ដើម្បីពង្រឹងសមត្ថភាពឌីជីថលជាសមូហភាព ។
* ទី៣៖ សាលារៀនត្រូវប្រែក្លាយខ្លួនជាកន្លែងកាត់បន្ថយគម្លាតឌីជីថល (Inclusive Space) ត្រូវធានាថា សិស្សានុសិស្សគ្រប់រូប ជាពិសេសសិស្សស្រី និងសិស្សនៅតាមតំបន់ជនបទខេត្តគោលដៅទទួលបានឱកាសស្មើៗគ្នាក្នុងការរៀនសរសេរកូដ និងការអភិវឌ្ឍការគិត ដោយមិនទុកនរណាម្នាក់ចោលឡើយ។
* ទី៤៖ ការពង្រឹងទំនាក់ទំនងជាមួយសហគមន៍ និងមាតាបិតា, សាលារៀនត្រូវបង្ហាញពីលទ្ធផល និងស្នាដៃច្នៃប្រឌិតរបស់កុមារ (ហ្គេម ឬគំនូរជីវចលដែលពួកគេបង្កើត) ជូនដល់មាតាបិតា និងសហគមន៍បានឃើញ ដើម្បីទទួលបានការគាំទ្រ និងការយល់ដឹងកាន់តែច្បាស់អំពីតម្លៃនៃការអប់រំឌីជីថលតាំងពីវ័យក្មេង៕
























