កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ បន្តប្រតិបត្តិការបង្ក្រាបបទល្មើស Online Scams នៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ឃាត់ខ្លួនជនបរទេស២៣នាក់ និងដកហូតសម្ភារមួយចំនួន

06-06-2026 17:00

​(ត្បូងឃ្មុំ)៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ មានកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងអជ្ញាធរមូលដ្ឋាន កាលពីនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ បានបន្តប្រតិបត្តិការចុះបង្ក្រាបបទល្មើស Online Scams ស្ថិតនៅភូមិត្រពាំងផ្លុងទី២ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ដោយឃាត់ខ្លួនជនបរទេស២៣នាក់ និងដកហូតសម្ភារមួយចំនួន។

ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោក ប៉ែន កុសល្យ អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ, លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្ត និងលោកឧត្តមសេនីយ៍ទោ រ័ត្ន ចាន់ណា មេបញ្ជាការអាវុធហត្ថខេត្ត ក្រោមការសម្របសម្រួលពីតំណាងអយ្យការ អមសាលាដំបូងខេត្ត។

របាយការណ៍របស់រដ្ឋបាលខេត្ត បានបញ្ជាក់ថា ដោយអនុវត្តដូចភ្លៀងរលឹម អាជ្ញាធរ និងសមត្ថកិច្ច ចុះធ្វើរដ្ឋបាលចំហរត្រួតពិនិត្យនៅតាមផ្ទះវីឡា ផ្ទះសំណាក់ បន្ទប់ជួល ដើម្បីបន្តស្វែងរកជនបរទេសស្នាក់នៅដោយខុសច្បាប់ ក្នុងភូមិសាស្ត្រខេត្ត ដែលអាចធ្វើការលួចលាក់ប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា (Online scams) និងជួញដូរ ប្រើប្រាស់ គ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង។

ជាលទ្ធផល បានចុះត្រួតពិនិត្យទីតាំងបន្ទប់ជួល ៣កន្លែង ស្ថិតនៅភូមិត្រពាំងផ្លុងទី២ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក មានបន្ទប់ចំនួន​ ៨៨បន្ទប់​ និងទូកុងទឺន័រចំនួន​ ០៩ទូ អាហារដ្ឋាន​០១​ និង​ផ្ទុះ​បាយ០២ ដោយរកឃើញជនបរទេសស្នាក់នៅ ចំនួន​ ២៣នាក់​ (ស្រីចំនួន៣នាក់)។

សម្រាប់ជនបរទេសទាំង២៣នាក់ ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាល ស្រុកពញាក្រែក​ ដើម្បីធ្វើការសាកសួរចាត់ការបន្តទៀត។

ជាមួយគ្នានេះ ក្រុមការងារ បានធ្វើការអប់រំ​ ណែនាំ និងធ្វើកិច្ចសន្យា​តាមអនុក្រឹត្យលេខ​០៣​ របស់រាជរដ្ឋាភិបាល​ និងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scans)។

កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កំពុងបន្តចុះស្រាវជ្រាវ ត្រួតពិនិត្យ ស្វែងរកទីតាំង ដែលមានការសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស និងការរស់នៅប្រមូលផ្តុំខុសច្បាប់ទាំង ៧ក្រុងស្រុក ក្នុងភូមិសាស្ត្រខេត្ត ព្រមទាំងបន្តធ្វើការផ្សព្វផ្សាយ អនុក្រឹត្យ លេខ ០៣របស់រាជរដ្ឋាភិបាល ដើម្បីបោសសំអាតបទល្មើស Online Scams និងជួញដូរ ប្រើប្រាស់ គ្រឿងញៀន ក្មេងទំនើង ឲ្យអស់ពីទឹកដីខេត្តត្បូងឃ្មុំ និងទប់ស្កាត់មិនឲ្យកើតមានឡើងនោះឡើយ៕