ពលរដ្ឋនៅខណ្ឌមានជ័យ ទទួលបានការព្យាបាលជំងឺដោយឥតគិតថ្លៃគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម ស៊ុន ចាន់ថុល ក្រោមកិច្ចសហការរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មន្ទីរពេទ្យតេជោសែនកោះធំ
06-06-2026 17:02
(ភ្នំពេញ)៖ ដោយទទួលបានគោលការណ៍អនុញ្ញាត និងការណែនាំតម្រង់ទិសដ៏ខ្ពង់ខ្ពស់ពីលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ, លោក គង់ វិមាន អគ្គលេខាធិការ អគ្គលេខាធិការដ្ឋាននៃ ក.អ.ក. នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំ ទីប្រឹក្សា មន្ត្រីរាជការ និងបុគ្គលិកទាំងអស់នៃ ក.អ.ក. ចូលរួមកម្មវិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម ស៊ុន ចាន់ថុល ជូនបងប្អូនប្រជាពលរដ្ឋខណ្ឌមានជ័យសរុបប្រមាណ ១៦០០នាក់។
កម្មវិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃដោយ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម ស៊ុន ចាន់ថុល នេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាង ក.អ.ក. មន្ទីរពេទ្យតេជោសែនកោះធំ និងរដ្ឋបាលខណ្ឌមានជ័យ ដោយបានប្រព្រឹត្តទៅនៅក្នុងបរិវេណវត្តចាក់អង្រែលើ។ យុទ្ធនាការសប្បុរសធម៌នេះ បានផ្តល់សេវាថែទាំសុខភាពជូនបងប្អូនប្រជាពលរដ្ឋដែលមកពីសង្កាត់នានាក្នុងខណ្ឌមានជ័យរួមមាន៖ (១)សង្កាត់ចាក់អង្រែលើចំនួន (២)សង្កាត់ចាក់អង្រែក្រោមចំនួន (៣)សង្កាត់បឹងទំពុនទី១ និង (៤)សង្កាត់បឹងទំពុនទី២។
កម្មវិធីនេះ គឺជាសកម្មភាពមួយដែលបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំចំពោះសុខទុក្ខ និងសុខុមាលភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន។ ក្រុមគ្រូពេទ្យជំនាញស្ម័គ្រចិត្តជាច្រើនរូប បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការផ្តល់សេវាពិនិត្យ ពិគ្រោះយោបល់ និងចែកឱសថយ៉ាងយកចិត្តទុកដាក់បំផុត ដោយមានការចូលរួមជួយសម្របសម្រួលរំហូរកម្មវិធីពីសំណាក់ប្អូនៗជាសមាជិកនៃ សមាគមកាយប្ញទ្ធិកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ។
បងប្អូនប្រជាពលរដ្ឋដែលបានមកទទួលសេវានាឱកាសនោះ បានសម្តែងនូវក្តីរំភើបរីករាយជាអនេក និងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ព្រមទាំងអរគុណដល់ ស្ថាប័ន ក.អ.ក. មន្ទីរពេទ្យតេជោសែនកោះធំ រដ្ឋបាលខណ្ឌមានជ័យ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលតែងតែនាំយកនូវក្តីសង្ឃឹម ភាពញញឹម និងការគិតគូរពីសុខភាពជូនដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង៕






























































