សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជួយដោះស្រាយបំណុលឧកញ៉ា ហេង ឡុង
06-06-2026 17:26
(ភ្នំពេញ)៖ យោងតាមលោកឧកញ៉ា ហេង ឡុង បង្ហាញនៅលើបណ្តាញសង្គមនាល្ងាចថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១២៦នេះថា សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជួយដោះស្រាយបំណុលរបស់លោកជាង៣៣ម៉ឺនដុល្លារ។
ខាងក្រោមជាខ្លឹមសារទាំងស្រុងរបស់លោក ហេង ឡុង៖
«នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ ២០២៦ បន្ទាប់ពីមានព័ត៌មានពាក់ព័ន្ធនឹងបណ្ដឹងរបស់ខ្ញុំបាទ ក្នុងករណីជំពាក់ប្រាក់ចំនួន ៣៣០,១៥១.៧០ ដុល្លារអាមេរិក រឿងរ៉ាវនេះបានជ្រាបដល់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ សម្ដេចទាំងទ្វេបានមេត្តាជួយសម្របសម្រួលជាមួយម្ចាស់បំណុលខាងលើ ក៏ដូចជាម្ចាស់បំណុលផ្សេងៗទៀត ដែលខ្ញុំបាទកំពុងប្រឈមមុខ។
ខ្ញុំបាទ ហេង ឡុង និងភរិយា សូមក្រាបថ្វាយបង្គំ និងសម្ដែងនូវអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះសម្ដេចទាំងទ្វេ ដែលបានមេត្តាជួយស្រោចស្រង់ជីវិត កិត្តិយស និងផ្ដល់កម្លាំងចិត្តដល់កូនទាំងពីរក្នុងគ្រាលំបាកនេះ។
សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី សូមតាមជួយបីបាច់ថែរក្សា សម្ដេចទាំងទ្វេ និងក្រុមគ្រួសារ ឱ្យមានសុខភាពល្អ បរិបូរណ៍កម្លាំង ព្រះជន្មាយុយឺនយូរ និងបន្តជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសជារៀងរហូត។
សូមក្រាបថ្វាយបង្គំដោយក្ដីគោរពដ៏ខ្ពង់ខ្ពស់បំផុត។
ហេង ឡុង និងភរិយា





