សម្តេចតេជោ ហ៊ុន សែន មិនបានចេញលុយឱ្យលោក ហេង ឡុង សងគេនោះឡើយ គ្រាន់តែណែនាំឱ្យទៅខ្ចីអ្នកមានលុយម្នាក់

06-06-2026 20:00

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចេញមកបញ្ជាក់ថា សម្តេចមិនបានផ្តល់លុយឱ្យលោក ហេង ឡុង យកទៅសងគេនោះឡើយ។ សម្តេចគ្រាន់តែជួយណែនាំឱ្យលោក ហេង ឡុង ទៅខ្ចីអ្នកមានប្រាក់ម្នាក់ ដែលមានការយោគយល់ខ្ពស់។

ការចេញមកបញ្ជាក់បែបនេះ ក្រោយពេលមានការភ័ន្តច្រឡំមួយចំនួនថា សម្តេចតេជោ បានផ្តល់លុយជូនលោក ហេង ឡុង យកទៅសងគេ ដើម្បីបានគេចផុតពីការចាប់ខ្លួន។

ខាងក្រោមជាសំណេរដើមទាំងស្រុងរបស់សម្តេចតេជោ៖

ដើម្បីជៀសវាងការភ័នច្រឡំ ខ្ញុំសូមបញ្ជាក់ជូនថា ខ្ញុំពុំមានប្រាក់ផ្តល់ជូនលោក ហេង ឡុងទេ។ ដោយសាររឿងនេះវាហាក់ដូចជាធ្ងន់ធ្ងពេកទើបខ្ញុំពិភាក្សាជាមួយលោក ហេង ឡុងដើម្បីរកដំណោះស្រាយដោយខ្ញុំពឹងអ្នកមានប្រាក់ម្នាក់ ដើម្បីឲ្យលោក ហេង ឡុង ទៅខ្ចីពីបុគ្គលនោះ យកទៅសងម្ចាស់បំណុលដែលលោក ហេង ឡុង ជំពាក់ពីមុនទាំងអស់។

លោក ហេង ឡុង នៅតែជំពាក់បំណុលដដែលតែជំពាក់អ្នកថ្មីដែលមានការយោគយល់ និងការអនុគ្រោះច្រើន។

ខ្ញុំជឿលើសមត្ថភាពរបស់លោក ហេង ឡុង ដែលនឹងរកប្រាក់សងម្ចាស់បំណុលថ្មីបាន។ សង្ឃឹមថា ការពន្យល់នេះ នឹងធ្វើឱ្យ
បងប្អូនយល់ជៀសវាងការភ័នច្រឡំថា ខ្ញុំសងបំណុលជំនួសលោក ហេង ឡុង៕