អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យវឌ្ឍនភាព "វិថីក្ងោក" ផ្លូវទៅកាន់ទឹកធ្លាក់ភ្នំទំព័រ ព្រមទាំងប្តេជ្ញាជំរុញចលនាដាំកូនក្ងោកទូទាំងខេត្ត ក្នុងឆ្នាំ២០២៦
06-06-2026 21:19
(ពោធិ៍សាត់)៖ នាល្ងាចថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោយបញ្ចប់បេសកកម្មការងារ ជាមួយក្រុមអង្កេតការណ៍អាស៊ាន (AOT) នៅសមរភូមិមុខថ្មដា, លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានបន្តចុះពិនិត្យវឌ្ឍនភាពការលូតលាស់ និងតែងដើមក្ងោក ដែលអាជ្ញាធរខេត្តបានផ្តួចផ្តើមដាំ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ នៅតាមដងផ្លូវលំ ចាប់ពីចំណុចទំនប់បង្ហៀរភ្នំទំព័រ ឆ្ពោះទៅកាន់រមណីយដ្ឋានទឹកធ្លាក់ភ្នំទំព័រ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ក្នុងឱកាសចុះពិនិត្យដោយផ្ទាល់ លោក ខូយ រីដា បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការជំរុញចលនាដាំកូនឈើ ឱ្យកាន់តែសកម្មបន្ថែមទៀត សម្រាប់ឆ្នាំ២០២៦នេះ នៅតាមបណ្តាក្រុង-ស្រុកទូទាំងខេត្តពោធិ៍សាត់។ ជាពិសេស ការជ្រើសរើសប្រភេទដើមក្ងោកយកទៅដាំតាមដងផ្លូវ ទីសាធារណៈ និងសួនច្បារ គឺដើម្បីធានាបានទាំងបរិស្ថានបៃតង និងសោភ័ណភាពដ៏ស្រស់ត្រកាល សម្រាប់ខេត្តយើង។
លោកអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា ការដាំកូនក្ងោកមិនមែនធ្វើឡើងត្រឹមតែជាការងារតាមរដូវកាលនោះទេ ប៉ុន្តែវាជាយុទ្ធសាស្ត្រយូរអង្វែង ក្នុងការកាត់បន្ថយកម្ដៅក្នុងសហគមន៍ និងការកសាងមូលដ្ឋានគ្រឹះនៃភាពបៃតង ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល។
សូមរំលឹកផងដែរថា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ លោក ខូយ រីដា បាននាំយកកូនឈើក្ងោក ចំនួន៣០០ដើម ដែលទទួលបានតាមរយៈស្ថានីយ៍ផ្សព្វផ្សាយ របស់ខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ យកមកចាប់ផ្តើមដាំ នៅតាមដងផ្លូវលំចូលទៅរមណីយដ្ឋានទឹកធ្លាក់ភ្នំទំព័រ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់ដល់វិស័យបរិស្ថានបៃតង និងទេសចរណ៍។
មិនត្រឹមតែដាំ នៅតាមដងផ្លូវលំចូលទៅរមណីយដ្ឋានទឹកធ្លាក់ភ្នំទំព័រប៉ុណ្ណោះទេ ចលនានេះត្រូវបានលោកបំផុស ឱ្យខិតខំដាំតាមដងផ្លូវ សាលារៀន មន្ទីរពេទ្យ ទីសាធារណៈ និងវត្តអារាម ដែលជាផ្នែកមួយក្នុងការបណ្ដុះគំនិតដល់យុវជន និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ឱ្យចេះស្រឡាញ់ និងរួមគ្នាថែរក្សាព្រៃឈើ ដើម្បីជួយកាត់បន្ថយការឡើងកម្ដៅក្នុងសហគមន៍៕




































