គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បន្តយុទ្ធនាការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជាពិសេសបទល្មើស Online Scams ក្នុងមូលដ្ឋាន
07-06-2026 10:25
(ភ្នំពេញ)៖ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមិញ បានធ្វើការត្រួតពិនិត្យទីតាំងសង្ស័យចំនួន ៧៩ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន ៦៣២នាក់ (ស្រី ២៣៨នាក់ ) ក្នុងនោះជនបរទេសគ្មានលិខិតឆ្លងដែន ចំនួន៦នាក់។
លទ្ធផលដែលសម្រេចបាននាពេលនេះ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ដ៏ម៉ឺងមាត់មិនរាថយរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ រួមជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ បំពេញការងារព្រមៗគ្នាដោយបានប្ដេជ្ញាថានឹងលុបបំបាត់ឱ្យអស់ នូវរាល់បទល្មើសគ្រប់ប្រភេទ រួមទាំងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងមូលដ្ឋានរបស់ខ្លួន ។
នេះបើតាមលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦នេះ ថា ក្នុងប្រតិបត្តិការ កាលពីថ្ងៃម្សិលមិញក្រុមការងារបានបង្រ្កាបបទល្មេីសរួមមាន៖
*១-ខណ្ឌសែនសុខ៖ នៅបុរីពិភពថ្មី អាស៊ីអាគ្នេយ៍ ផ្ទះលេខ៣៤ ផ្លូវលេខ០១ មានជនជាតិចិន ចំនួន ០៥នាក់ (ក្នុងនោះគ្មានលិខិតឆ្លងដែន ០២នាក់ និងផុតទិដ្ឋាការ ០១នាក់) ព្រមទាំងមានសម្ភារវត្ថុតាងដូចខាងក្រោម៖ កុំព្យូទ័រយួរដៃ(LAPTOP) ០១គ្រឿង, កុំព្យូទ័រ (All In One) ០៤គ្រឿង, ទូរសព្ទ ១៩គ្រឿង, ម៉ូនីទ័រ ០៣គ្រឿង, ធុង CPU ០១គ្រឿង និងស៊ុមកាតមួយចំនួន។
យោងតាមការធ្វើកោសល្យវិច្ច័យរបស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសន្និថា៖ ជាប់ព័ន្ធនឹងករណីប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។
*២-ខណ្ឌមានជ័យ៖ នៅខុនដូ អឺប៊ែន Urban Village ផ្លូវ ៦០ម៉ែត្រ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែ ក្រុមការងារ ដឹកនាំដោយលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលក្រុមការងាររកឃើញមានជនបរទេសចំនួន ០៦នាក់ សង្ស័យពាក់ព័ន្ធ Online Scams និងបានធ្វើការដកហូតសម្ភារពាក់ព័ន្ធមួយចំនួនរួមមាន៖ ទូរស័ព្ទដៃ ៣២គ្រឿង កុំព្យូទ័រយួរដៃ ០៧គ្រឿង IPad ០១គ្រឿង លិខិតឆ្លងដែនក្លែងក្លាយ ០៣ក្បាល និងដាវ ០១។ ជនសង្ស័យ និងវត្ថុតាងបានបញ្ជូនទៅស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់ និងបានបិទឃ្លុំចំនួន ០២បន្ទប់ សង្ស័យជាប់ពាក់ព័ន្ធនឹង Online Scams និងប្រើប្រាស់គ្រឿងញៀន។
*៣-ខណ្ឌទួលគោក៖ នៅបន្ទប់លេខ៨១០ ជាន់ទី៨ និងនៅបន្ទប់លេខ១៩០៣ ជាន់ទី១៩ នៃអគារខុនដូរ SKY31 អគារលេខ១៥៥ ផ្លូវលេខ២៨៧ កែងផ្លូវលេខ៥២៨ សង្កាត់បឹងកក់ទី១ បានឃាត់ខ្លួនជនសង្ស័យចំនួន ៨នាក់ ដកហូតវត្ថុតាង រួមមាន ៖កុំព្យូទ័រ (All In One) ២គ្រឿង, កុំព្យូទ័រ (Laptop) ៦គ្រឿង, ទូរស័ព្ទ ៨គ្រឿង និងលិខិតឆ្លងដែន ៤ក្បាល (ចិន ៣ក្បាល និងវៀតណាម ១ក្បាល) ជាប់ពាក់ព័ន្ធនឹងបទល្មើសល្បែងស៊ីសងអនឡាញខុសច្បាប់ ។
លោកស្រីអ្នកនាំពាក្យបានបញ្ជាក់ថា រីឯនៅបន្ទប់លេខ ២០០៨ ជាន់ទី២០ និងបន្ទប់លេខ២១១១ ជាន់ទី២១ នៃខុនដូរដដែលនេះ បានឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ ដកហូតវត្ថុតាងរួមមាន៖ ទូរស័ព្ទដៃ ២គ្រឿង និងលិខិតឆ្លងដែន ២ក្បាល ជាប់ពាក់ព័ន្ធនឹងករណីរស់នៅខុសច្បាប់។
៤-នៅខណ្ឌចំការមន៖ ក្រុមការងារដឹកនាំដោយលោក ឯក ឃុនដឿន អភិបាលរងរាជធានី សហការជាមួយគណបញ្ជាការឯកភាពខណ្ឌចំការមន បានចុះរដ្ឋបាល និងបង្ក្រាបទីតាំងបើក ល្បែងសុីសងខុសច្បាប់ចំនួន ៦ទីតាំង នៅចំណុចផ្សារចិនផ្លូវ ៧៨ សង្កាត់ទន្លេរបាសាក់ ដែលក្នុងប្រតិបត្តិការនេះ ក្រុមការងារក៏បានឃាត់ខ្លួនជនជាតិចិន ២នាក់ គ្មានលិខិតឆ្លងដែនផងដែរ។
អ្នកនាំពាក្យក៏បានបន្ថែមថា ក្នុងថ្ងៃដដែលនោះដែរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំង រស់នៅប្រមូលផ្ដុំតាមអនុក្រឹត្យ លេខ០៣ បានចំនួន២ទីតាំង មនុស្សចំនួន ២នាក់ គិតជាថវិកាសរុបបានចំនួន ៨.០០០.០០០រៀល។ រីឯជនសង្ស័យ និងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីបន្តនីតិវិធី៕




