វិចារណកថា! «កម្ពុជាស្អាត ខ្មែរធ្វើបាន»៖ ចលនាជាតិដើម្បីសកម្មភាពអាកាសធាតុ

07-06-2026 10:37

(ភ្នំពេញ)៖ ការប្រែប្រួលអាកាសធាតុ ជារឿយៗត្រូវបានគេលើកយកមកពិភាក្សាថាជាបញ្ហាប្រឈមជាសកលមួយ ដែលទាមទារឱ្យមានកិច្ចព្រមព្រៀងអន្តរជាតិ បច្ចេកវិទ្យាទំនើបៗ និងធនធានហិរញ្ញវត្ថុដ៏ច្រើនសន្ធឹកសន្ធាប់។

ទោះបីជាកិច្ចខិតខំប្រឹងប្រែងទាំងនេះមានសារៈសំខាន់ក៏ដោយ ក៏ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុក៏ចាប់ផ្តើមចេញពីចំណុចដែលសាមញ្ញបំផុតផងដែរ នោះគឺសកម្មភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទូទៅ។ នេះគឺជាស្មារតីដែលស្ថិតនៅពីក្រោយយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន»

លើសពីយុទ្ធនាការសម្អាតបរិស្ថាន វាគឺជាចលនាជាតិមួយដែលបង្ហាញថា សកម្មភាពរួមគ្នាអាចការពារបរិស្ថាន ពង្រឹងសហគមន៍ និងរួមចំណែកដល់ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុជាសកល។

មនុស្សជាច្រើនប្រហែលជាឆ្ងល់ថា តើការរើសសំរាមមានពាក់ព័ន្ធអ្វីនឹងការប្រែប្រួលអាកាសធាតុ? ការផ្សារភ្ជាប់គ្នានេះ មានសារៈសំខាន់ជាងអ្វីដែលយើងមើលឃើញទៅទៀត។
នៅពេលដែលកាកសំណល់មិនត្រូវបានទុកដាក់ឱ្យបានត្រឹមត្រូវ វាជារឿយៗត្រូវបានគេយកទៅចោលនៅតាមទីលានចំហរ ទន្លេ ព្រៃឈើ និងទីសាធារណៈ។

កាកសំណល់សរីរាង្គនឹងរលួយ ហើយភាយចេញនូវឧស្ម័នមេតាន ដែលជាឧស្ម័នផ្ទះកញ្ចក់មានអានុភាពខ្លាំងជាងឧស្ម័នកាបូនិក (Carbon Dioxide) ឆ្ងាយណាស់។ រីឯកាកសំណល់ប្លាស្ទិកវិញ ជារឿយៗត្រូវបានគេដុតក្នុងទីចំហរ ដែលបង្កឱ្យមានការភាយចេញនូវឧស្ម័នកាបូនិក កាបូនខ្មៅ និងសារធាតុបំពុលគ្រោះថ្នាក់ផ្សេងៗទៀតទៅក្នុងបរិយាកាស។

ក្រៅពីនេះ សំរាមក៏បានបិទបាំងប្រព័ន្ធបង្ហូរទឹក ដែលធ្វើឱ្យកើនឡើងនូវហានិភ័យនៃទឹកជំនន់ ដែលបញ្ហានេះកាន់តែធ្ងន់ធ្ងរទៅៗ នៅពេលដែលការប្រែប្រួលអាកាសធាតុធ្វើឱ្យព្រឹត្តិការណ៍អាកាសធាតុខ្លាំងក្លាកាន់តែខ្លាំងឡើង។ ដូច្នេះហើយ ការរក្សាកម្ពុជាឱ្យស្អាត មិនមែនត្រឹមតែដើម្បីសោភ័ណភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន និងកសាងភាពធន់ទៅនឹងផលប៉ះពាល់ដែលទាក់ទងនឹងអាកាសធាតុផងដែរ។

ជោគជ័យនៃយុទ្ធនាការនេះ អាចមើលឃើញរួចជាស្រេចនៅទូទាំងប្រទេស។ អ្វីដែលសំខាន់ជាងនេះទៅទៀត ជោគជ័យនេះអាចវាស់វែងបានតាមរយៈការចូលរួមរបស់ប្រជាជនកម្ពុជា។ គិតមកទល់ពេលនេះ ប្រជាជនកម្ពុជាជាង ៧លាននាក់ ក្នុងចំណោមប្រជាជនសរុបប្រមាណ ១៧លាននាក់ បានចូលរួមក្នុងចលនា «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដោយបានចូលរួមក្នុងសកម្មភាពសម្អាតនៅតាមទីសាធារណៈ សាលារៀន វត្តអារាម សហគមន៍ ដងផ្លូវ មាត់ទន្លេ និងទីធ្លាសាធារណៈផ្សេងៗទៀត។

កម្រិតនៃការចូលរួមនេះពិតជាគួរឱ្យកត់សម្គាល់ណាស់។ វាតំណាងឱ្យចលនាបរិស្ថានដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ហើយបានបង្ហាញថា ការពារបរិស្ថានលែងជាការទទួលខុសត្រូវរបស់មនុស្សមួយក្រុមតូចទៀតហើយ ប៉ុន្តែវាបានក្លាយជាការទទួលខុសត្រូវរួមគ្នាមួយដែលត្រូវបានទទួលយកដោយមនុស្សរាប់លាននាក់។

សមិទ្ធផលដ៏អស្ចារ្យបំផុតនៃយុទ្ធនាការនេះ មិនមែនត្រឹមតែជាបរិមាណសំរាមដែលប្រមូលបាននោះទេ។ សមិទ្ធផលដ៏ធំបំផុតរបស់វា គឺការផ្លាស់ប្តូរផ្នត់គំនិតដែលវាបានបំផុសឡើង។
នៅពេលដែលសិស្សានុសិស្សសម្អាតសាលារៀនរបស់ពួកគេ ពួកគេរៀនពីការទទួលខុសត្រូវ។ នៅពេលដែលសហគមន៍សម្អាតភូមិកររបស់ពួកគេ ពួកគេពង្រឹងមោទនភាពពលរដ្ឋ។ នៅពេលដែលប្រជាពលរដ្ឋចូលរួមក្នុងសកម្មភាពបរិស្ថាន ពួកគេបង្កើតបាននូវការយល់ដឹងកាន់តែស៊ីជម្រៅថា ការការពារធម្មជាតិគឺចាប់ផ្តើមចេញពីសកម្មភាពផ្ទាល់ខ្លួន។

ការប្រែប្រួលអាសធាតុ ជារឿយៗត្រូវបានគេយល់ថាជាបញ្ហាដ៏ឆ្ងាយមួយ ដែលបង្កឡើងដោយរោងចក្រឧស្សាហកម្ម បច្ចេកវិទ្យា ឬសកម្មភាពនានាដែលស្ថិតនៅក្រៅការគ្រប់គ្រងរបស់យើង។ ទោះជាយ៉ាងណាក៏ដោយ បទពិសោធន៍របស់កម្ពុជាបានបង្ហាញថា សកម្មភាពរបស់បុគ្គលម្នាក់ៗ នៅពេលគុណនឹងមនុស្សរាប់លាននាក់ អាចបង្កើតឱ្យមានការផ្លាស់ប្តូរប្រកបដោយអត្ថន័យ។

យុទ្ធនាការនេះក៏បានបង្កើតនូវផលប្រយោជន៍សេដ្ឋកិច្ច និងសង្គមដ៏សំខាន់ផងដែរ។ សហគមន៍ដែលស្អាតជាងមុន ជួយទាក់ទាញភ្ញៀវទេសចរ លើកកម្ពស់សុខភាពសាធារណៈ កាត់បន្ថយការចំណាយលើការគ្រប់គ្រងកាកសំណល់ និងបង្កើតបរិយាកាសកាន់តែទាក់ទាញសម្រាប់ការវិនិយោគ។ ប្រទេសស្អាត ជួយពង្រឹងរូបភាពអន្តរជាតិរបស់ខ្លួន និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ។

នៅក្នុងខណៈពេលដែលប្រទេសកម្ពុជាទទួលបានការទទួលស្គាល់ជាអន្តរជាតិចំពោះសម្រស់ធម្មជាតិ និងការគ្រប់គ្រងបរិស្ថាន ការរក្សាភាពស្អាតស្អំបានក្លាយជាការងារសំខាន់ជាងពេលណាៗទាំងអស់។ ការការពារបរិស្ថានមិនមែនត្រឹមតែជាការអភិរក្សព្រៃឈើ និងសត្វព្រៃប៉ុណ្ណោះទេ វាក៏ជាការធានាថា ទីប្រជុំជន ភូមិករ សាលារៀន វត្តអារាម និងទីសាធារណៈរបស់យើង ឆ្លុះបញ្ចាំងពីតម្លៃនៃសង្គមមួយដែលមានការទទួលខុសត្រូវ និងការយកចិត្តទុកដាក់។

ឃ្លាថា «កម្ពុជាស្អាត ខ្មែរធ្វើបាន» បាននាំមកនូវសារដ៏មានឥទ្ធិពលមួយ។ វាឆ្លុះបញ្ចាំងពីទំនុកចិត្តលើសមត្ថភាពរបស់ប្រជាជនកម្ពុជាក្នុងការធ្វើការងាររួមគ្នា ដោះស្រាយបញ្ហាប្រឈម និងកសាងអនាគតដ៏ល្អប្រសើរមួយ។

ការប្រែប្រួលអាកាសធាតុ នៅតែជាបញ្ហាប្រឈមដ៏ធំបំផុតមួយរបស់មនុស្សជាតិ។ គ្មានប្រទេសណាមួយអាចដោះស្រាយវាបានតែម្នាក់ឯងនោះឡើយ។ ប៉ុន្តែគ្រប់ប្រទេសទាំងអស់សុទ្ធតែអាចរួមចំណែក ហើយប្រជាពលរដ្ឋគ្រប់រូបសុទ្ធតែអាចបង្កើតឱ្យមានការផ្លាស់ប្តូរ។

ប្រជាជនកម្ពុជារាប់លាននាក់ដែលបានចូលរួមក្នុងយុទ្ធនាការនេះ បានបង្ហាញរួចមកហើយនូវអ្វីដែលអាចទៅរួច នៅពេលដែលប្រជាជាតិទាំងមូលរួបរួមគ្នាជុំវិញគោលបំណងរួមមួយ។ សកម្មភាពរបស់ពួកគេបានផ្ញើសារយ៉ាងច្បាស់ថា ការការពារបរិស្ថានមិនមែនគ្រាន់តែជាគោលនយោបាយរបស់រដ្ឋាភិភិបាលនោះទេ ប៉ុន្តែវាគឺជាចលនាជាតិទាំងមូល។

ផ្លូវឆ្ពោះទៅកាន់កម្ពុជាស្អាត បៃតង និងចីរភាព មិនមែនកសាងឡើងដោយស្ថាប័នតែមួយ ឬដោយអ្នកដឹកនាំតែម្នាក់នោះទេ។ វាត្រូវបានកសាងឡើងដោយដៃរាប់លានគូ ការជ្រើសរើសប្រកបដោយការទទួលខុសត្រូវរាប់លានដង និងប្រជាពលរដ្ឋរាប់លាននាក់ដែលជឿជាក់ថា សកម្មភាពរបស់ពួកគេមានតម្លៃ
ហើយតាមរយៈជោគជ័យនៃយុទ្ធនាការនេះ សបញ្ជាក់ឱ្យឃើញថាការរួបរួមសាមគ្គីគ្នាធ្វើទាំងអស់គ្នា ពិតជាអាចធ្វើឱ្យដំណើរការទាំងនោះអាចប្រព្រឹត្តទៅបាន។ «កម្ពុជាស្អាត ខ្មែរធ្វើបាន» រួមគ្នា យើងអាចធ្វើបាន!