ក្រុមបាល់ទាត់ FCA ប្រកួតមិត្តភាពជាមួយក្រុមបាល់ទាត់កងរាជអាវុធហត្ថរាជធានីភ្នំពេញ, លទ្ធផល គ្មានអ្នកឈ្នះ គ្មានអ្នកចាញ់ គឺឈ្នះសុខភាពទាំងអស់គ្នា!
07-06-2026 12:03
(ភ្នំពេញ)៖ ក្រុមបាល់ទាត់ FCA របស់បណ្តាញព័ត៌មាន Fresh News, កម្មវិធីផ្ញើសារ CoolApp និងកម្មវិធីឆ្លាតវៃ Fresh AI នៅល្ងាចថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ (៦-៦-២០២៦) បានប្រកួតបាល់ទាត់មិត្តភាព ជាមួយក្រុមបាល់ទាត់របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅតារាងបាល់ទាត់ឃីងស្ពត ដើម្បីចំណងមិត្តភាព និងសុខភាព។
ក្នុងការប្រកួតរយៈពេល ៩០នាទី លើទីលានវាលស្មៅសិប្បនិម្មិត ក្រុមទាំងពីរបានលេងដោយការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក មិនឱ្យកើតមាននូវការប៉ះទង្គិចគ្នាខ្លាំង ដែលអាចបង្កឱ្យមានរបួសនោះឡើយ។ ការប្រកួតបាល់ទាត់មិត្តភាពនេះ បានប្រព្រឹត្តទៅដោយជោគជ័យ ស្ថិតក្នុងបរិយាកាសសប្បាយរីករាយ ស្និទ្ធស្នាល និងមិត្តភាព ដោយចប់ការប្រកួត លទ្ធផលស្មើគ្នា ១៣:១៣។
លោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News កម្មវិធីផ្ញើសារ CoolApp និងកម្មវិធីឆ្លាតវៃ Fresh AI និងប្រធានក្រុមបាល់ទាត់ FCA បានបង្ហាញក្តីរីករាយ ដែលបានដឹកនាំក្រុមការងារបុគ្គលិក ចូលរួមប្រកួតបាល់ទាត់មិត្តភាពនេះ។ លោកថា ជំនួបប្រកួតមិត្តភាពរវាងក្រុមបាល់ទាត់ FCA និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ គ្មានអ្នកឈ្នះ គ្មានអ្នកចាញ់ គឺឈ្នះសុខភាពទាំងអស់គ្នា។
លោកអគ្គនាយក បានលើកទឹកចិត្តឱ្យមានរៀបចំការប្រកួតរវាងក្រុមទាំងពីរ នៅពេលបន្តបន្ទាប់ទៀត។
សូមជម្រាបថា ក្នុងគោលបំណងជួយឱ្យបុគ្គលិក មានសុខភាពល្អ រហ័សរហួន ពង្រឹងសាមគ្គីភាព មិត្តភាព លោក លឹម ជាវុត្ថា បានបង្កើតឱ្យក្រុមបាល់ទាត់ប្រចាំអង្គភាពនេះឡើង ដើម្បីប្រកួតក្នុងក្របខណ្ឌផ្ទៃក្នុងផង និងប្រកួតមិត្តភាពជាមួយស្ថាប័នផ្សេងៗផង។
លោកអគ្គនាយកជាប្រចាំតែងតែណែនាំ អូសទាញឱ្យបុគ្គលិកទាំងអស់ ជាពិសេសបុគ្គលិកដែលមានសុខភាពមិនសូវល្អ និងមានជំងឺ នាំគ្នាលេងកីឡា ឬហាត់ប្រាណឱ្យបានគ្រប់គ្នា ដើម្បីសុខភាព ព្រោះមានសុខភាពល្អ ទើបមានអ្វីៗតាមក្រោយ៕















































