រដ្ឋបាលខេត្តពោធិ៍សាត់ ជំរុញយុទ្ធនាការដាំកូនឈើឆ្នាំ២០២៦ វេលាម៉ោង ០៦:០០ព្រឹក ក្រោមពាក្យស្លោក «ដាំឱ្យបានច្រើន និងដាំឱ្យមានជីវិត»
07-06-2026 13:27
(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃអាទិត្យ ទី០៧ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ០៦:០០ព្រឹក លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋ ចុះអនុវត្តយុទ្ធនាការដាំដើមឈើ (កូនក្ងោក) យ៉ាងសកម្ម នៅចន្លោះពីចំណុចក្បាលហុង ត្រើយខាងលិច ដល់ស្ពានអាកាសផ្លូវវៀងក្រុង ក្នុងភូមិវាល និងពោធិ៍កំបោរ ឃុំវាល ស្រុកកណ្តៀង។
ក្នុងយុទ្ធនាការឆ្នាំនេះ លោកអភិបាលខេត្ត បានដាក់ចេញនូវការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបង្កើនចំនួននៃការដាំដុះឱ្យបានកាន់តែច្រើនលើសពីឆ្នាំមុនៗ ដើម្បីពង្រីកគម្របបៃតងឱ្យគ្របដណ្តប់ទូទាំងខេត្ត។
លោកបានគូសបញ្ជាក់យ៉ាងច្បាស់ អំពីមូលហេតុនៃការចាប់ផ្តើមយុទ្ធនាការ នៅវេលាម៉ោង ០៦:០០ព្រឹកថា៖ «ការជ្រើសរើសពេលវេលាព្រឹកព្រលឹម ដែលមានអាកាសធាតុត្រជាក់ គឺជាកត្តាគន្លឹះដ៏សំខាន់ ដែលជួយឱ្យកូនឈើដែលទើបនឹងដាំមានសំណើមគ្រប់គ្រាន់ ងាយស្រួលក្នុងការចាក់ឬស និងធានាបាននូវអត្រារស់ខ្ពស់បំផុត»។
លោក ខូយ រីដា បានបន្ថែមថា ការដាំដុះមិនមែនត្រឹមតែធ្វើតាមលំអាននោះទេ ប៉ុន្តែត្រូវផ្តោតសំខាន់លើគុណភាពនៃការដាំ៖ «យើងដាំនៅពេលព្រឹក ដើម្បីឱ្យកូនឈើងាយស្រួលក្នុងការសម្របខ្លួន និងមានជីវិតលូតលាស់បានល្អ។ ការដាំឱ្យបានច្រើនគឺជារឿងល្អ ប៉ុន្តែការដាំឱ្យមានជីវិត គឺជាជោគជ័យដ៏ពិតប្រាកដសម្រាប់ខេត្តពោធិ៍សាត់របស់យើង»។
រដ្ឋបាលខេត្តពោធិ៍សាត់ និងរដ្ឋបាលស្រុកកណ្តៀង បានត្រៀមលក្ខណៈរួចរាល់ក្នុងការថែទាំកូនឈើទាំងនេះឱ្យបានដិតដល់ បន្ទាប់ពីការដាំរួចរាល់។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមជាចលនាជាតិក្នុងការដាំដើមឈើឱ្យបានច្រើននៅគ្រប់ទីកន្លែង ដោយជ្រើសរើសពេលវេលាអំណោយផល ដូចជាពេលព្រឹកព្រលឹម ឬពេលល្ងាចត្រជាក់ ដើម្បីធានាថាដើមឈើដែលយើងដាំគ្រប់ដើម នឹងក្លាយជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់មនុស្សជំនាន់ក្រោយ។
ជាមួយគ្នានោះញ លោកសូមថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធ ដែលបានចូលរួមចំណែកធ្វើឱ្យយុទ្ធនាការនេះដំណើរការដោយជោគជ័យ និងពោរពេញដោយក្តីសង្ឃឹមសម្រាប់បរិស្ថានខេត្តយើង៕






















































