ក្រោមម្លប់សន្តិភាព! វត្តសម្តេច នន្ទ ង៉ែត សែនជ័យសត្ថារាម ក្រោមការដឹកនាំ​របស់​ព្រះសិរីមង្គលមុនី​ ម៉ុច​ សៅលី បានប្រែពីវត្តអត្តខាត់ ក្លាយជាវត្តពោពេញដោយសមិទ្ធផលថ្មីៗ និងមានបរិស្ថានស្អាត

07-06-2026 13:38

(កំពង់ឆ្នាំង)៖ វត្តសម្តេច នន្ទ ង៉ែត សែនជ័យសត្ថារាម ហៅវត្តក្រឡាញ់ចាស់ ស្ថិតក្នុងស្រង៉ាំទេរ ឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដើមឡើយជាវត្តមួយធ្លាប់ជួបប្រទះនូវភាពខ្វះខាតជាច្រើន ទាំងផ្នែកសំណង់ សម្ភារៈ និងថវិកាសម្រាប់ការអភិវឌ្ឍ និងមិនមានជាព្រះវិហារ កុដិ សាលាឆាន់ របងវត្ត និងផ្លូវក្នុងវត្តនោះឡើយ ដោយសារជាវត្តអត្តខាត់មួយ ដែលពុំសូវមានញាតិញោមបានស្គាល់ច្រើននោះឡើយ សូម្បីតែចង្ហាន់ប្រះសង្ឃក៏មានការខ្វះខាតផងដែរ។

ជាក់ស្តែងក្រោមម្លប់សន្តិភាព និងក្រោមការដឹកនាំប្រទេសរបស់រាជរដ្ឋាភិបាល បានធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ក្នុងនោះដែរវត្តសម្តេច នន្ទ ង៉ែត សែនជ័យសត្ថារាម ក្រោមការដឹកនាំរបស់ព្រះសិរីមង្គលមុនី ម៉ុច សៅលី ជាព្រះចៅអធិការវត្ត បានរួមមតិគ្នាជាមួយលោកអាចារ្យគណៈកម្មការវត្ត និងពុទ្ធបរិស័ទរួបរួមសាមគ្គីគ្នា ខិតខំស្វែងរកការឧបត្ថម្ភ និងកៀរគរថវិកាពីសប្បុរសជនជិតឆ្ងាយ ដើម្បីអភិវឌ្ឍវត្តឱ្យមានការរីកចម្រើន ក្នុងនោះសំណង់នានាត្រូវបានកែលម្អ និងកសាងថ្មីជាបន្តបន្ទាប់ដូចជា៖ ព្រះវិហារ កុដិ សាលាឆាន់ របងវត្ត និងផ្លូវក្នុងវត្ត ហើយបរិវេណវត្តក៏ត្រូវបានរៀបចំឱ្យមានអនាម័យ និងសោភ័ណភាពល្អប្រសើរជាងមុនផងដែរ។

មានសង្ឃដីការប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦នេះ ព្រះសិរីមង្គលមុនី ម៉ុច សៅលី បានបញ្ជាក់ថា ពីតំបូងឡើយវត្តនេះជាវត្តអន្តខាត់ មិនមានអ្វីនោះទេសូម្បីតែសាលាឆាន់ ព្រះវិហារ កុដិព្រះសង្ឃក៏មិនមាននោះឡើយ តែក្រោយមកព្រះអង្គក៏បានរួមមតិគ្នា ជាមួយលោកអាចារ្យគណៈកម្មការវត្ត និងពុទ្ធបរិស័ទទាំងឡាយ បានរួបរួមសាមគ្គីគ្នា ខិតខំស្វែងរកការឧបត្ថម្ភ និងកៀរគរថវិកាពីសប្បុរសជនជិតឆ្ងាយមកក៏សាងបានសមិទ្ធផលជាបន្តបន្ទាប់ផងដែរ។

ព្រះសិរីមង្គលមុនី ម៉ុច សៅលី មានសង្ឃដីកា បន្ថែមថា វត្តនេះមានការរីកចម្រើនយ៉ាងឆាប់រហ័សបែបនេះ គឺដោយសារសទ្ធាជ្រះថ្លាពីសំណាក់លោកស្រី ចរណាភិរ័ក្ខសិរីសិទ្ធា ទិត មាលា ញាណឡេង ព្រមទាំងបុត្រ និងប្រជាពុទ្ធិបរិស័ទនៅគ្រប់ទិសទី ដែលបានចូលរួមសម្រាប់ធ្វើជាទីកន្លែងគោរពសក្តារៈបូជា សម្រាប់សាសនិកជន និងជាកន្លែងថែរក្សានូវវប្បធម៌ ទំនៀមទម្លាប់ អក្សរសាស្រ្ត និងប្រពៃណីដ៏ផូរផង់របស់ខ្មែរផងដែរ។ ការរីកចម្រើននេះគឺជាផ្លែផ្កានៃសាមគ្គីភាព ការលះបង់ និងសទ្ធាជ្រះថ្លារបស់ព្រះសង្ឃ គណៈកម្មការ និងពុទ្ធបរិស័ទទាំងអស់។

ព្រះសិរីមង្គលមុនី ម៉ុច សៅលី មានសង្ឃដីការទៀតថា ក្រៅពីការអភិវឌ្ឍផ្នែកសំណង់ វត្តនេះ ក៏បានយកចិត្តទុកដាក់លើការអប់រំសីលធម៌ និងការផ្សព្វផ្សាយព្រះពុទ្ធសាសនាផងដែរ។ ព្រះសង្ឃបានបង្រៀនព្រះធម៌ អប់រំយុវជនឱ្យចេះគោរពច្បាប់ ស្រឡាញ់វប្បធម៌ប្រពៃណីជាតិ និងប្រកាន់ខ្ជាប់នូវគុណធម៌ល្អ។

ជាលទ្ធផលប្រជាពលរដ្ឋក្នុងសហគមន៍កាន់តែមានជំនឿ និងចូលរួមសកម្មភាពសាសនាកាន់តែច្រើនឡើង។ជាមួយគ្នានេះដែរ វត្តសម្តេច នន្ទ ង៉ែត សែនជ័យសត្ថារាម ក៏បានរៀបចំពិធីបុណ្យប្រពៃណី សកម្មភាពមនុស្សធម៌ និងការងារសង្គមជាច្រើន ដើម្បីជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាក។ សកម្មភាពទាំងនេះបានធ្វើឱ្យទំនាក់ទំនងរវាងវត្ត និងសហគមន៍កាន់តែជិតស្និទ្ធ និងរឹងមាំផងដែរ៕