សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់តំណាងរៀបចំចង្ហាន់ប្រគេនបេក្ខសមណសិស្ស និងសិស្សជាង ១ ២០០អង្គ/នាក់ ក្នុងឱកាសប្រឡងធម្មវិន័យ

07-06-2026 15:45

(ភ្នំពេញ)៖ ក្នុងនាមសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភាជាតិ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ អ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងជាទីប្រឹក្សាសម្ដេចតេជោ និងអ្នកឧកញ៉ា ទៀង ផល្លា ព្រមទាំងបុត្រ បានរៀបចំចង្ហាន់ប្រគេនបេក្ខសមណសិស្ស និងសិស្សជាង ១ ២០០អង្គ/នាក់ ក្នុងឱកាសការចូលរួមប្រឡងធម្មវិន័យ (ត្រី ទោ ឯក) នៅមណ្ឌលប្រឡងវត្តចន្ទបុរីវង្ស ក្នុងខណ្ឌព្រែកព្នៅ។

សម្រាប់បច្ច័យទុករៀបចំចង្ហាន់ចំពោះព្រះសង្ឃ និងសិស្សចូលរួមប្រឡងមានចំនួន ១៤ ៤០០ដុល្លារ ដោយអ្នកឧកញ៉ា បានប្រគេនថ្វាយសម្ដេចព្រះពោធិវង្សកិត្តិបណ្ឌិត ណយ ច្រឹក សម្ដេចព្រះសង្ឃនាយកទី១ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិ ដើម្បីរៀបចំចាត់ចែងចង្ហាន់ និងទានរបស់សម្ដេចទាំងទ្វេរ។

ក្នុងឱកាសនាំបច្ច័យរៀបចំចង្ហាន់ សម្រាប់កិច្ចការប្រឡងធម្មវិន័យ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ អ្នកឧកញ៉ា ម៉ម វណ្ណឌី បានថ្លែងថា សមិទ្ធផលនៃវិស័យពុទ្ធចក្រ និងអាណាចក្រ ដែលប្រទេសកម្ពុជាកំពុងមានរាល់ថ្ងៃ គឺមិនអាចកាត់ផ្ដាច់បានឡើយ ចំពោះការដួលរលំ នៃសម័យខ្មែរក្រហមដ៏យង់ឃ្នង់ ដែលកើតឡើងពីការបូជាសាច់ស្រស់ឈាមស្រស់ របស់យុទ្ធជនអ្នកស្នេហាជាតិ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន។

អ្នកឧកញ៉ា បានបន្តថា មួយវិញទៀត កត្តាសុខសន្តិភាព ក្រោមនយោបាយឈ្នះឈ្នះ គឺកាន់តែធ្វើឱ្យកម្ពុជា មានឱកាសកាន់តែខ្លាំងថែមទៀត ក្នុងកិច្ចការកសាងប្រទេសជាតិ ធ្វើឱ្យមានការរីកចម្រើននៅគ្រប់វិស័យ ជាពិសេស ការបង្កើតធនធានមនុស្ស ដែលរាជរដ្ឋាភិបាលកម្ពុជាតាំងពីអាណត្តិមុន រហូតមកអាណត្តិបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីបានចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។

ក្នុងនាមតំណាងសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អ្នកឧកញ៉ា បានបន្ថែមថា ជាក់ស្ដែងការប្រឡងធម្មវិន័យនៅថ្ងៃនេះ គឺជាសក្ខីកម្មមួយ នៃកិច្ចខិតខំប្រឹងប្រែង និងការជំរុញរបស់រាជរដ្ឋាភិបាលកម្ពុជា ទោះជាវិស័យពុទ្ធចក្រក្តី និងអាណាចក្រក្តី សុទ្ធសឹងតែជាធនធានមនុស្សរបស់កម្ពុជា។

ក្នុងឱកាសនោះ សម្ដេចព្រះពោធិវង្សកិត្តិបណ្ឌិត ណយ ច្រឹក បានថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះទឹកចិត្តជ្រះថ្លានាំយកបច្ច័យ ដើម្បីធ្វើចង្ហាន់ប្រគេនសមណសិស្ស និងផ្ដល់ជូនសិស្ស រួមទាំងអនុរក្ស ក្នុងឱកាសការប្រឡនធម្មវិន័យត្រី ទោ ឯក នៅឆ្នាំនេះ ដែលនេះ គឺបានបង្ហាញពីទឹកចិត្តមុតមាំ ក្នុងការគោរពប្រតិបត្តិព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

គួរបញ្ជាក់ថា ការរៀបចំចង្ហាន់ប្រគេនបេក្ខសមណសិស្ស និងផ្ដល់ដល់សិស្សជាង ១ ២០០អង្គ/នាក់ ក្នុងឱកាសប្រឡងធម្មវិន័យ គឺជាចង្ហាន់របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភាជាតិ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈអ្នកឧកញ៉ា ម៉ម វណ្ណឌី ហើយការប្រឡងធម្មវិន័យ គឺជាការរៀបចំរបស់ក្រសួងធម្មការ និងសាសនា ដែលធ្វើឡើងនៅទូទាំងប្រទេស ដែលការសិក្សាថ្នាក់ត្រី មានរយៈពេល ១ឆ្នាំ, ថ្នាក់ទោ មានរយៈពេល២ឆ្នាំ និងថ្នាក់ឯកមានរយៈពេល ៣ឆ្នាំ ទៅតាមការកំណត់របស់ក្រសួង៕