អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីបុណ្យសាមគ្គី ចាក់បាញ់ឆែវ ១០០ខ្ទះ ក្នុងភូមិកោះថ្មី ឃុំកោះសូទិន
07-06-2026 16:19
(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា រួមជាមួយថ្នាក់ដឹកនាំខេត្តជាច្រើនទៀត នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមពិធីបុណ្យសាមគ្គីរបស់ប្រជាពលរដ្ឋ ដែលមានចាក់បាញ់ឆែវ ចំនួន១០០ខ្ទះ ដោយប្រជាពលរដ្ឋស្ថិតនៅក្នុងភូមិកោះថ្មី ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម សម្រាប់ឱ្យភ្ញៀវទទួលទានដោយសេរី។
ក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋនោះ លោក អ៊ុន ចាន់ដា បានកោតសរសើរ ចំពោះប្រជាពលរដ្ឋ ដែលបានជួបជុំប្រមូលផ្ដុំគ្នាជាសហគមន៍ បង្កើតពិធីចាក់បាញ់ឆែវ ក្នុងភូមិកោះថ្មី ឱ្យបងប្អូនប្រជាពលរដ្ឋយើងមកពីទីជិតឆ្ងាយទទួលទានដោយសេរីក្នុងឱកាសនេះ។
លោកអភិបាលខេត្ត ក៏បានរំលឹកអំពីសាវតា ការធ្វើពិធីនេះនាឆ្នាំកន្លងមក គឺមានការចាក់បាញ់ឆែវ មានចំនួនតិចតួចទេ ប៉ុន្តែក្នុងឆ្នាំ២០២៦នេះ ពិធីនេះគឺមានទ្រង់ទ្រាយធំ ដោយមានបងប្អូនប្រជាពលរដ្ឋចូលរួមច្រើន ក្នុងការជួយគ្នាគ្រប់ដំណាក់កាល រហូតបានលទ្ធផលជានំបាញ់ឆែវ សម្រាប់ទទួលភ្ញៀវពីទីជិតឆ្ងាយ ទទួលទានឥតខ្វះ។
លោកអភិបាលខេត្តបានបញ្ជាក់ថា នេះគឺជាទឹកចិត្តសាមគ្គីខ្ពស់ របស់ប្រជាពលរដ្ឋ ក្នុងស្រុកកោះសូទិន ដោយមានអ្នកចូលរួមពីគ្រប់ទិសទី បង្កើតឲ្យមានបរិយាកាសសប្បាយរីករាយ ក៏ដូចជាបង្កើតឱ្យមានភាពរឹងមាំ នៅក្នុងការដឹកនាំក្នុងសហគមន៍ ដែលចាប់ផ្ដើមពីចំណុចតិចតួច រហូតមកដល់មនុស្សច្រើន ដែលបានជួបជុំគ្នាប្រកបដោយទឹកមុខញញឹមរាក់ទាក់ និងចេះចែករំលែកឱ្យគ្នាទៅវិញទៅមកនៅក្នុងសហគមន៍ ដោយទទួលបានភាពកក់ក្តៅពីថ្នាក់ដឹកនាំមូលដ្ឋានស្រុក ក៏ដូជាថ្នាក់ដឹកនាំខេត្ត និងថ្នាក់ដឹកនាំកំពូល នៃរាជរដ្ឋាភិបាលរបស់យើង៕






















