អតីតសិស្សវិទ្យាល័យកំពង់ធំ ឆ្នាំ១៩៩៦ រៀបចំពិធីជួបជុំគ្នា និងរំលឹកគុណគ្រូ
07-06-2026 16:22
(កំពង់ធំ)៖ អតីតសិស្សវិទ្យាល័យកំពង់ធំ Bac II ឆ្នាំ១៩៩៦ នារសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំពិធីជួបជុំគ្នា និងរំលឹកគុណគ្រូ ដែលបានបែកគ្នាអស់រយៈពេល ៣០ឆ្នាំ។
លោក ជា ពុំ តំណាងអតីតសិស្ស បានបញ្ជាក់ថា៖ «ការរៀបចំកម្មវិធីនេះឡើងដោយសារពួកយើងបានចែកគ្នាអស់រយៈពេល៣០ឆ្នាំមកហើយ ហើយយើងក៏ចាស់ៗ អាយុច្រើន យើងមានការនឹករលឹកគ្នា ជំនួបនេះគឺចង់បង្កើនសាមគ្គីភាព មិត្តភាពឱ្យកាន់តែរឹងមាំឡើងវិញ»។
លោកបានបន្តថា ការជួបជុំគ្នានេះគឺជាលើក២ តែលើកទី១ មិត្តភ័ក្រមិនមានច្រើនដូចលើកទី២នេះទេ ហើយនៅក្នុងកម្មវិធីលើកនេះក៏មានការចូលរួមឧបត្ថម្ភ ពីឧកញ៉ា ណូ សុភា ដែលជាអតីតសិស្សវិទ្យាល័យកំពង់ធំ Bac II ឆ្នាំ១៩៩៦។ ឧកញ៉ា ណូ សុភា ត្រូវបានស្គាល់តាមបណ្តាញសង្គមថា Sophea Böttcher ដែលពីក្មេង គឺសិស្សក្រីក្រម្នាក់ បានក្លាយជាសប្បុរសជនលំដាប់ពិភពលោក។
ដោយលោកស្រីមានឈាមជ័រជាខ្មែរ បេះដូងស្រលាញ់ខ្មែរ និងពោរពេញទៅដោយទឹកចិត្តមនុស្សធម៌ សុភា បានចូលរួមក្នុងសកម្មភាពមនុស្សធម៌ជាច្រើននៅកម្ពុជា រហូតទទួលបានគោរមងារជា ឧកញ៉ា ពីព្រះមហាក្សត្រ។ ក្នុងពិធីនេះ សុភា បានផ្ញើថវិកាមកជូនដល់លោកគ្រូ អ្នកគ្រូ ចាស់ៗ ដែលបានចូលនិវត្តន៍ និងលោកគ្រូ អ្នកគ្រូ មួយចំនួនទៀតដែលធ្លាប់បង្ហាត់បង្រៀនគាត់នៅជំនាន់នោះ។
ជាមួយគ្នានេះ សុភា ក៏បានជួយថវិកាដល់មិត្តរួមជំនាន់ដែលមានជីវភាពខ្វះខាតមួយចំនួនផងដែរ។ សុភា បានផ្តាំមកថា គាត់ និងស្វាមី មានគម្រោងបន្តជួយដល់លោកគ្រូ អ្នកគ្រូ ដែលបានចូលនិវត្តន៍នៅទូទាំងប្រទេសនាពេលខាងមុខ។
ជាការឆ្លើយតប លោកគ្រូ អ្នកគ្រូ បានកោតសសើរនូវទឹកចិត្តដ៏ល្អ និងការចេះដឹងគុណ ចំពោះលោកគ្រូ អ្នកគ្រូ ពីអតីតសិស្សនាពេលនេះដោយបានសម្តែងនូវក្តីរំភើប និងសប្បាយចិត្តទាំងអួលដើមករហើយបានជូនពរដល់អតីតសិស្សទាំងអស់ សូមឱ្យមានសុខភាពល្អ ខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីជួយសង្គមជាតិឱ្យកាន់តែប្រសើរទៅមុខ៕
















