លោក សួស សុខដារ៉ា ដឹកនាំកិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្ដី​សម្រេច​ស្ដីពី​ផែនការ​រួមឆ្ពោះ​ទៅ​កាន់​ការបោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ អាណត្តិ​ទី​៦​ ឆ្នាំ​២០២៧ នៅស្រុកគូលែន ខេត្តព្រះវិហារ

07-06-2026 16:29

(ព្រះវិហារ)៖ ​លោក សួស​ សុខដារ៉ា​ សមាជិកគណៈ​អចិន្ត្រៃយ៍​នៃគណៈ​កម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្ត​ព្រះវិហារ និងជាប្រធាន​ក្រុម​ការងារ​គណបក្ស​ចុះមូលដ្ឋាន​ស្រុកគូលែន​​ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជេីញ​ជាអធិបតី​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្ដី​សម្រេច​ ស្ដីពី​ផែនការ​រួមឆ្ពោះ​ទៅ​កាន់​ការបោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ អាណត្តិ​ទី​៦​ ឆ្នាំ​២០២៧ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកគូលែន ដោយមានការចូលរួមពីក្រុមការងារគណបក្សខេត្ត ស្រុក ឃុំ ភូមិជាច្រើនរូបទៀត។

នៅក្នុងឱកាសនោះលោក សួស សុខដារ៉ា បានអះអាងថា ដើម្បីរក្សា និងពង្រីកភាពឈ្នះរបស់គណបក្សសមាជិក សមាជិកាទាំងអស់ ត្រូវរួមគ្នាធ្វើអំពើល្អដែលជាយុទ្ធសាស្ត្ររបស់គណបក្ស ក្នុងនោះត្រូវផ្តោតការយកចិត្តទុកដាក់ពង្រឹង ការផ្តល់សេវាសាធារណៈឱ្យមានគុណភាព និងមានភាពរហ័សរហួន ដោយលុបបំបាត់ភាពអសកម្ម ឥរិយាបថមិនសមរម្យ លើសពីនេះ ត្រូវពង្រឹង សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងមូលដ្ឋាន។

លោក សួស សុខដារ៉ា ក៏បានប្រាប់ក្រុមការងារគ្រប់លំដាប់ថ្នាក់ទាំងអស់ ចាប់ពីថ្នាក់ខេត្ត ដល់ភូមិ ត្រូវចុះមូលដ្ឋានជាប់ជាប្រចាំ ហើយត្រូវយកចិត្តទុកដាក់បំពេញអ្វីដែលជាតម្រូវការរបស់ប្រជាពលរដ្ឋ បញ្ចៀសបញ្ហាថ្នាំងថ្នាក់ក្នុងមូលដ្ឋាន ដោះស្រាយអន្តរាគមន៍បញ្ហាផ្សេងៗឱ្យបានទាន់ពេលវេលា។ លោកក៏បានសម្តែងនូវការកោតសរសើរវាយតម្លៃខ្ពស់ ចំពោះក្រុមការងារគ្រប់ថ្នាក់ ដែលរួមគ្នាបម្រើ និងបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋបានយ៉ាងល្អ។

ប្រធានក្រុមការងារបានសង្កត់ធ្ងន់ថា ទន្ទឹមនឹងសមិទ្ធផលដែលគណបក្សប្រជាជនកម្ពុជាសម្រេចបានយ៉ាងច្រើនមកនេះ សមាជិក សមាជិកាទាំងអស់ត្រូវតែជំរុញ និងបង្កើនការផ្សព្វផ្សាយតាមគ្រប់មធ្យោបាយ រូបភាពទាំងអស់ដើម្បីឱ្យប្រជាពលរដ្ឋជ្រួតជ្រាបកាន់តែច្បាស់ និងកាន់តែផ្តល់នូវជំនឿទុកចិត្តមកលើ គណបក្សប្រជាជនកម្ពុជា តាមរយៈការបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំរាជរដ្ឋាភិបាល។

សម្រាប់ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ លោក សួស សុខដារ៉ា បានណែនាំការងារអាទិភាព៤ដំណាក់កាលរួមមានដំណាក់កាលទី១៖ ពីបច្ចុប្បន្ន ដល់ថ្ងៃឃោសនា, ដំណាក់កាលទី២៖ យុទ្ធនាការឃោសនាបោះឆ្នោត, ដំណាក់កាលទី៣៖ ថ្ងៃបោះឆ្នោត និងដំណាក់កាលទី៤៖ ក្រោយថ្ងៃបោះឆ្នោត។ ក្នុងនោះត្រូវចងចាំការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្ររបស់គណបក្ស គឺរក្សាតំណែងប្រធានក្រុមប្រឹក្សាគ្រប់ឃុំ សង្កាត់ទូទាំងប្រទេស៕