លោក សំ លាងទ្រី៖ ការកសាងព្រះវិហារ មិនត្រឹមតែជាការលើកស្ទួយវិស័យព្រះពុទ្ធសាសនាទេ តែថែមទាំងចូលរួមចំណែកថែរក្សាវប្បធម៌ ប្រពៃណី និងអត្តសញ្ញាណជាតិខ្មែរ

07-06-2026 16:33

(ព្រះវិហារ)៖ លោក សំ លាងទ្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឆែប ខេត្តព្រះវិហារ បានលើកឡើងថា ការកសាងព្រះវិហារ មិនត្រឹមតែជាការលើកស្ទួយវិស័យព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរួមចំណែកថែរក្សាវប្បធម៌ ប្រពៃណី និងអត្តសញ្ញាណជាតិខ្មែរ ឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយផងដែរ។

ការថ្លែងរបស់លោក សំ លាងទ្រី បានធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួមពិធីបុណ្យផ្កា និងពិធីបញ្ចុះបឋមសិលាកសាងព្រះវិហារ វត្តដងផ្លិត ស្ថិតនៅភូមិដងផ្លិត ឃុំឆែបពីរ ស្រុកឆែប ដោយមានការចូលរួមពីលោក ឃិត សុធារ៉ា អភិបាលស្រុកឆែប និងក្រុមការងារ ព្រមទាំងមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ ថ្នាក់ដឹកនាំមូលដ្ឋាន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រើនកុះករផងដែរ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦។

នៅក្នុងឱកាសនេះដែរ លោក សំ លាងទ្រី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ប្រគេនព្រះសង្ឃ និងជូនបងប្អូនប្រជាពលរដ្ឋ នៅវត្តដងផ្លិត ក៏ដូចជាប្រជាពលរដ្ឋទូទាំងស្រុកឆែបផងដែរ។

លោក សំ លាងទ្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទឹកចិត្តសប្បុរសធម៌ និងសាមគ្គីភាពរបស់ព្រះសង្ឃ ពុទ្ធបរិស័ទ និងសប្បុរសជនទាំងអស់ ដែលបានរួមចំណែកជាថវិកា សម្ភារៈ និងកម្លាំងកាយចិត្ត ក្នុងការកសាងសមិទ្ធផលនានានៅក្នុងវត្តដងផ្លិត ដើម្បីទុកជាទីសក្ការៈបូជា និងជាមជ្ឈមណ្ឌលសម្រាប់ការប្រតិបត្តិព្រះពុទ្ធសាសនារបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោក សំ លាងទ្រី ក៏បានប្រគេន និងជូនបច្ច័យ ព្រមទាំងថវិកាមួយចំនួន ដើម្បីចូលរួមគាំទ្រដល់ដំណើរការកសាងព្រះវិហារឱ្យប្រព្រឹត្តទៅដោយរលូន និងសម្រេចបានតាមផែនការដែលបានគ្រោងទុក។

សូមបញ្ជាក់ថា ព្រះវិហារថ្មីនៃវត្តដងផ្លិត ដែលបានប្រារព្ធពិធីបញ្ចុះបឋមសិលានាពេលនេះ នឹងក្លាយជាសមិទ្ធផលថ្មីមួយបន្ថែមទៀត សម្រាប់បម្រើដល់វិស័យព្រះពុទ្ធសាសនា និងជាទីគោរពសក្ការៈរបស់ពុទ្ធបរិស័ទក្នុងមូលដ្ឋាន និងតំបន់ជុំវិញ៕