លោក ទិត សុធា ត្រូវប្រកាសជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំកំពង់ស្វាយ ខេត្តកំពង់ធំ
07-06-2026 16:47
(កំពង់ធំ)៖ លោក ទិត សុធា ត្រូវបានប្រកាសតែងតាំងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំកំពង់ស្វាយ ខេត្តកំពង់ធំ។ ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមកាងារគណបក្សប្រជាជនចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦នេះ នាស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំកំពង់ស្វាយ។
លោកស្រី ឃួន ឃុនឌី បានជំរុញក្រុមការងារខិតខំបំពេញភារកិច្ច និងមានឆន្ទៈបម្រើប្រជាពលរដ្ឋដើម្បីឱ្យបងប្អូនទទួលលនូវទំនុកចិត្ត។ លោកស្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់បំពេញការងារ បម្រើប្រជាពលរដ្ឋ ក្នុងន័យពង្រឹងស្មារតី និងសតិអារម្មណ៍ប្រជាពលរដ្ឋឱ្យមានភាពនឹងន៎ និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា ជាគណបក្សឈ្នះឆ្នោត ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាការចូលរួមមួយ ដ៏មានតម្លៃក្នុងការរួមថែរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅមូលដ្ឋានកន្លងមក។
លោកស្រីបានបន្តថាការបោះឆ្នោតបានប្រារព្ធធ្វើឡើងរៀងរាល់អាណត្តិក្នុងរយៈពេល៥ឆ្នាំម្តង ទាំងការការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និងមានការបោះឆ្នោតផ្សេងៗទៀតដូចជា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា ៦ឆ្នាំម្តង ដែលការបោះឆ្នោតនីមួយៗសុទ្ធតែបានដំណើរការទៅប្រកបដោយភាពត្រឹម ត្រូវនិងយុត្តធម៌ គោរពគោលការណ៍លទ្ធិប្រជាធិបតេយ្យពិតប្រាកដ និងលក្ខខណ្ឌដែលបានកំណត់ ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
លោកស្រីបានបញ្ជាក់ថា នាពេលដ៏ខ្លីខាងមុខនេះនឹងមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ គ្រោងនឹងធ្វើឡើងនៅថ្ងៃអាទិត្យទី៦ ខែមិថុនា ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៨ នៅឆ្នាំ២០២៨ ខាងមុខ។ ចំពោះការរៀបចំក្រុមការងារគណបក្សចុះមូលដ្ឋាន គឺជាយន្តការបន្តពង្រឹងស្មារតីទទួលខុសត្រូវ ការចុះជាប់ជាមួយប្រជាពលរដ្ឋ និងការអនុវត្តទិសដៅរបស់គណបក្សឱ្យកាន់តែមានប្រសិទ្ធភាព និង ប្រសិទ្ធផលខ្ពស់។
លោកស្រី ឃួន ឃុនឌី បានបន្ថែមថា ក្រុមការងារគណបក្សនៅមូលដ្ឋានមានតួនាទីសំខាន់ណាស់ ក្នុងនាមជាសរសៃ ឈាមតភ្ជាប់រវាងគណបក្ស និងប្រជាពលរដ្ឋ។ ដូច្នេះក្រុមការងារទាំងអស់ ត្រូវខិតខំបំពេញភារកិច្ច ដោយស្មារតីសាមគ្គីភាព ស្មោះត្រង់ ទទួលខុសត្រូវ និងមានឆន្ទៈបម្រើប្រជាពលរដ្ឋ។
ក្រោយបញ្ចប់ពិធីប្រកាសប្រធានក្រុមការងារចុះមូលដ្ឋានឃុំកំពង់ស្វាយ លោកស្រី ឃួន ឃុនឌី បានដឹកនាំក្រុមការងារចុះសួរសុខលោកមេភូមិឥន្ទកុមារ ដែលមានជម្ងឺ និងបាននាំយកថវិកាមួយចំនួនប្រគល់ជូនផងដែរ៕


























