ជនល្មើសដែលចាក់សម្លាប់ជនជាតិចិនគ្នាឯង រួចដាក់ក្នុងរថយន្តព្រូស ប្លុងចោលនៅក្នុងខណ្ឌដង្កោ ត្រូវបានចាប់បញ្ជូនទៅតុលាការ

07-06-2026 16:53

(ភ្នំពេញ)៖ ជនជាតិចិន ដែលជាក្រុមជនល្មើសសម្លាប់ជនជាតិចិន គ្នាឯង រួចយកសពដាក់ក្នុងរថយន្តព្រូស រួចយកទៅប្លុងចោលនៅក្នុងខណ្ឌដង្កោ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ ៤នាក់ និងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦នេះ។

ដោយអនុវត្តតាមអនុសាសន៍ដឹកនាំរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជាពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល, អធិការដ្ឋាននគរបាលខណ្ឌសែនសុខ, អធិការដ្ឋាននគរបាលខណ្ឌដង្កោ និងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដឹកនាំដោយឧត្តសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងឧត្តសេនីយ៍ទោ ញ៉ុង រស់មេត្តា ស្នងការរង ទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា ឆាយ ហុង សាលាដំបូងរាជធានីភ្នំពេញ និងអនុវត្តដោយផ្ទាល់ពីលោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានបើកការស្រាវជ្រាវ និងបង្ក្រាបជនសង្ស័យ ៤នាក់ ពាក់ព័ន្ធករណី ឃាតកម្មគិតទុកជាមុន (សម្លាប់ជនរងគ្រោះយកសាកសពដាក់ក្នុងរថយន្តយកទៅប្លុងចោល) ស្ថិតនៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវលេខ២១៧ ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនសង្ស័យចំនួន០៤នាក់ ដូចខាងក្រោម៖

ទី១៖ ឈ្មោះ ZHOU JIAN HONG ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរ ចុងភៅ ជនជាតិចិន
ទី២៖ ឈ្មោះ ZHAO FENG QUAN ភេទប្រុស អាយុ ៣៦ឆ្នាំមុខរបរ មិនពិតប្រាកដ ជនជាតិចិន
ទី៣៖ ឈ្មោះ HAN DE DONG ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរ ចុងភៅ ជនជាតិចិន
និងទី៤៖ ឈ្មោះ MA RONG GUI ភេទប្រុស អាយុ ៥១ឆ្នាំ មុខរបរម្ចាស់ការ៉ាសរថយន្ត ជនជាតិចិន

ជនរងគ្រោះឈ្មោះ YANG WEIXIN ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរ ម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ ជនជាតិចិន។

វត្ថុតាងចាប់យកទូរស័ព្ទIPHONE ចំនួន០៤គ្រឿង, រថយន្ត ចំនួន០២គ្រឿង (រថយន្តម៉ាក TOYOTA LAND CRUISER ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ 2AI-3068 និងរថយន្តម៉ាក Toyoaa Prius សេរីឆ្នាំ២០១២ ពណ៌ស ពាក់ផ្លាកលេខ 2BH-1311 (ជារថយន្តដឹកសាកស ពយកទៅផ្លុងចោល), ម៉ូតូម៉ាកស្មាក ពណ៌ក្រហមខ្មៅ ពាក់ផ្លាកលេខ 1CE-0447, លិខិតឆ្លងដែនចំនួន០២។

បច្ចុប្បន្នជនសង្ស័យខាងលើ និងវត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕