ក្រុមការងារគណបក្សប្រជាជនកម្ពុជា ជួបសំណេះសំណលសមាជិកបក្ស និងលើកស្លាកគណបក្សនៅក្នុងស្រុកស្អាង ខេត្តកណ្តាល
07-06-2026 17:16
(កណ្តាល)៖ លោក ស៊ុយ ឆៃលាង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា រួមជាមួយក្រុមការងារគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦ បានជួបសំណេះសំណលសមាជិកបក្ស និងលើកស្លាកគណបក្សនៅភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។
លោក ស៊ុយ ឆៃលាង ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំគណបក្សជូនដល់សមាជិក សមាជិកាគណបក្សនៅក្នុងមូលដ្ឋានស្រុកស្អាងផងដែរ។
លោកបានថ្លែងទៀតថា ក្រោមមាគ៌ាដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំដ៏ឆ្នើម និងប្រកបដោយគតិបណ្ឌិត និងមានកម្មវិធីនយោបាយត្រឹមត្រូវ បានធ្វើឱ្យគណបក្សប្រជាជនកម្ពុជា មានការសាមគ្គីភាព ឯកភាពផ្ទៃក្នុង រឹងមាំ ធ្វើជាមូលដ្ឋានបង្អែកក្នុងការដឹកនាំ កសាង និងអភិវឌ្ឍន៍ប្រទេស ឱ្យមានការរីកចម្រើនឈានឡើង រួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
លោក ស៊ុយ ឆៃលាង បានលើកឡើងថា សមាជិកគណបក្សប្រជាជនត្រូវចងចាំដែលបានប្រឹងប្រែងរំដោះអាយុជីវិតជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ បានមើលឃើញច្បាស់ដោយឥតសង្ស័យថាគណបក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគុណបំណាច់ដ៏ធំធេងសម្រាប់ជាតិ និងប្រជាជន។ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏ខ្លាំងពូកែ ដែលបានប្រឹងប្រែងរំដោះ និង សង្គ្រោះប្រទេសជាតិ រួចមក បានធ្វើឱ្យប្រជាជនរស់រានមានជីវិតឡើងវិញ តែប្រទេសជាតិបានរៀបចំការកសាងប្រទេសជាតិចាប់ពីចំណុចសូន្យ រហូតមកដល់ពេលនេះប្រទេសជាតិយើងមានការអភិវឌ្ឍលើគ្រប់វិស័យគួរឱ្យកត់សម្គាល់មានស្ពាន ផ្លូវ មន្ទីរពេទ្យ សាលារៀន។
លោក ស៊ុយ ឆៃលាង បានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៧ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំរដ្ឋាភិបាល មានយុទ្ធសាស្រ្តបញ្ចកោណជាគោលនយោបាយដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ឲ្យប្រកាន់រីកចំរើន និងអភិវឌ្ឍរុងរឿងជូនជាតិមាតុភូមិយើងទាំងអស់គ្នា។
ជាថ្មីម្តងទៀតលោក ស៊ុយ ឆៃលាង រួមជាមួយក្រុមការងារសមាជិក សមាជិកាសូមប្រកាសដោយឥតងាករេ ចំពោះការសម្រេចចិត្ត និងចំណាត់ការដ៏មានសារៈសំខាន់ របស់ប្រមុខដឹកនាំដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងសូមអំពាវនាវប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានបន្តរក្សសាមគ្គីភាព និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការពារដែនអធិប្បតេយ្យភាពជាតិ និងរក្សាបាននូវសន្តិសុខ ស្ថេរភាព និងការអភិវឌ្ឍយូរអង្វែងជូនជាតិមាតុភូមិជាទីស្រលាញ់៕

















