ពលរដ្ឋប្រមាណ ២ ៧០០នាក់ នៅស្រុកស្ទោង ថ្លែងអំណរគុណក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តដែលចុះពិនិត្យ ព្យាបាល វះកាត់ភ្នែក និងផ្ដល់វ៉ែនតាជំនួយការមើលដោយឥតគិតថ្លៃ (Video inside)
07-06-2026 17:21
(កំពង់ធំ)៖ ប្រជាពលរដ្ឋក្នុងស្រុកស្ទោង ខេត្តកំពង់ធំ បានសម្តែងនូវភាពសប្បាយរីករាយដោយទទួលការពិនិត្យព្យាបាលវះកាត់ភ្នែក និងវ៉ែនតា ពីក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តវះកាត់ពិនិត្យព្យាបាលជូនពួកគាត់ដោយឥតគិតថ្លៃ ដោយសារពួកគាត់ទទួលបាននូវការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ។
ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋក៏បានថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងសម្ដេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម សូមឱ្យមានសុខភាពល្អនិងបន្តដឹកនាំកម្ពុជាឲ្យរីកចម្រើនជាពិសេសជួយមើលកូនចៅនៅតំបន់ជនបទដាច់ស្រយាលថែមទៀតផង។
តាមការបញ្ជាក់ពីចក្ខុបណ្ឌិត លុន ម៉ារ៉ា ជាក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត បានឱ្យដឹងថា ក្រុមគ្រូពេទ្យទាំងអស់មានចំនួន ៥៦នាក់ បានពិនិត្យព្យាបាលជូនប្រជាពលរដ្ឋបានចំនួន ២ ៧០០នាក់ និងបានផ្ដល់វ៉ែនតា និងចែកជូនថ្នាំបានចំនួន ២,៥០០នាក់។
លោកបានបន្តថា៖ «យើងធ្វើការវះកាត់ជូនគាត់មានជំងឺឡើងបាយភ្នែកនិងជំងឺកន្ទុយថ្លែន មាន៦៨នាក់ហើយ ៣០ ករណីទៀតយើងបានបញ្ជូនទៅមន្ទីរពេទ្យភ្នំពេញហើយ ជំងឺដែលយើងបញ្ជូនទៅវះកាត់នៅភ្នំពេញ ដោយសារមានករណីខ្លះជាករណីពិបាកហើយករណីមួយចំនួនដោយសារយើងមានពេលវេលាតែមួយថ្ងៃ។ អ្វីដែលសំខាន់យើងមានក្រុមការងារតាមដានគាត់រហូតមានជូនគាត់ទាំងទៅទាំងមកត្រឡប់មកវិញហើយយើងតាមថែរក្សាក្រោយការវះកាត់មិនឱ្យត្រូវទឹកបញ្ហាមិនឱ្យត្រូវទឹកគឺមួយខែទៅមួយខែកន្លះហើយយើងផ្ដល់ថ្នាំហើយការដាក់ថ្នាំ គឺឱ្យគាត់ដាក់ឱ្យបានទៀងទាត់ ចំពោះអ្នកជំងឺឡើងបាយគឺតមមិនឱ្យត្រូវទឹកពីមួយខែទៅមួយខែកន្លះ»។
លោកបានបញ្ជាក់ថា ជាការពិតនៅក្នុងខេត្តកំពង់ធំ គឺមានមន្ទីរពេទ្យបង្អែកកំពង់ធំ មានគ្រូពេទ្យភ្នែក ប្រជាពលរដ្ឋនៅក្នុងខេត្តអាចអញ្ជើញទៅពិនិត្យភ្នែកបានប្រសិនបើមានបញ្ហាភ្នែក៕
























