សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ក្រុមការងារកាកបាទក្រហមកម្ពុជា ចុះជួបសំណេះសំណាល និងនាំយកអំណោយជូនដល់ប្រជាជនភៀសសឹកចំនួន ៧៥៣គ្រួសារ ស្នាក់នៅមណ្ឌលសុវត្ថិភាព ក្នុងខេត្តឧត្តរមានជ័យ

07-06-2026 19:38

(ឧត្ដរមានជ័យ)៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយថ្នាក់ដឹកនាំ/មន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ ចុះជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់បងប្អូនប្រជាជនភៀសសឹកចំនួន ៧៥៣គ្រួសារ ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព វត្តគោកមន ស្រុកបន្ទាយអំពិល, វត្តបាត់ថ្កៅ ស្រុកចុងកាល់ និងភូមិផ្ទះបៃតង ក្នុងខេត្តឧត្តរមានជ័យ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦។

ថ្លែងក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងមនោសញ្ចេតនាអាណិតស្រឡាញ់យ៉ាងជ្រាលជ្រៅពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែខ្វល់ខ្វាយ និងគិតគូរជានិច្ចពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ជាពិសេសរិះរកគ្រប់មធ្យោបាយដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូន។

ជាមួយគ្នានេះលោកស្រីបានមានប្រសាសន៍លើកឡើងពីចំណុចគន្លឹះចំនួន ២ រួមមាន៖ ទី១) ស្បៀងអាហារ គឺដើម្បីទ្រទ្រង់ និងចិញ្ចឹមរាងកាយ ដែលជាតម្រូវការចាំបាច់មិនអាចខ្វះបាន ដើម្បីឱ្យមនុស្សអាចរស់រានមានជីវិត, ទី២) គឺសន្តិភាព (ទាំងផ្លូវកាយ និងផ្លូវចិត្ត)។ លោកស្រីបានសង្កត់ធ្ងន់ថា ក្នុងន័យនេះសន្តិភាពផ្លូវកាយ គឺការរស់នៅដោយគ្មានសង្គ្រាម និងមានការភ័យខ្លាចដោយគ្រាប់រំសេវ។ ចំណែកឯសន្តិភាពផ្លូវចិត្តវិញ លោកស្រីបានដាស់តឿនឱ្យបងប្អូនយកព្រះពុទ្ធសាសនា ព្រះធម៌ មកធ្វើជាទីពឹង ស្វាធ្យាយ និងធ្វើសមាធិ ដើម្បីទទួលបានសេចក្ដីសុខស្ងប់ក្នុងចិត្ត ទោះបីជាស្ថិតក្នុងស្ថានភាពជីវភាពបែបណាក៏ដោយ។

ទន្ទឹមនឹងនោះលោកស្រីក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសស្ត្រីដែលមានផ្ទៃពោះ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ត្រូវមានអនាម័យក្នុងការរស់នៅ ផឹកស្អាត ហូបស្អាត ដើម្បីឱ្យមានសុខភាពមាំមួន និងជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ រួមគ្នាសម្អាតអនាម័យ បរិស្ថាន បង្គន់អនាម័យ និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសត្រូវចេះជួយយកអាសាគ្នាទៅវិញទៅមក ក្នុងនាមជាជនរួមជាតិខ្មែរតែមួយ។ បន្ថែមពីនេ សូមបងប្អូនប្រជាពលរដ្ឋសម្រាន្តក្នុងមុងជានិច្ច ដើម្បីបង្ការពីជំងឺគ្រុនចាញ់ និងគ្រុនឈាម ព្រោះថា នៅក្នុងកញ្ចប់អំណោយដែលផ្តល់ជូននេះ គឺមានឃីត ១កញ្ចប់ ដែលមានក្រមា សារុង មុង ភួយ សម្រាប់បងប្អូនប្រើប្រាស់តាមតម្រូវការ។

សូមបញ្ជាក់ថា អំណោយផ្តល់ជូនបងប្អូនភៀសសឹក ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ប្រេងឆា ២ដប, ទឹកដោះគោប្រអប់ ១២ប្រអប់, ទឹកបរិសុទ្ធ ២កេស, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ និងថវិកា ២ម៉ឺនរៀល៕