គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ បន្តចុះពិនិត្យទីតាំងរស់នៅប្រមូលផ្តុំរបស់ជនបរទេស រកឃើញអ្នកជាប់ពាក់ព័ន្ធបទល្មើស Online Scams ៨នាក់
07-06-2026 20:20
(ភ្នំពេញ)៖ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌច្បារអំពៅ និងមានការសម្របសម្រួលនីតិវិធីពីលោក វុិត មឃៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានចុះត្រួតពិនិត្យរដ្ឋបាល ជនបរទេសស្នាក់នៅ សង្ស័យប្រព្រឹត្តបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ០១ទីតាំង ផ្ទះលេខO3-O4 (បុរីវាលស្បូវ) ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្នុងប្រតិបត្រិការនេះ អាជ្ញាធររកឃើញជនជាតិបរទេស ០៨នាក់ (ស្រី ០៣នាក់) មាន ០៣សញ្ជាតិ (យូហ្គេនដា, នីហ្សេរីយ៉ា និងកាម៉ារូន), មានលិខិតឆ្លងដែន ០៥ក្បាល(ផុតទិដ្ឋាការ), គ្មានលិខិតឆ្លងដែន ០៣នាក់ (ស្រី០១នាក់)។
បច្ចុប្បន្នជនបរទេស ០៨នាក់ ប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕









