ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូចនិងសហគ្រាសធុនមីក្រូ តូច និងមធ្យម នៅខេត្តកំពង់ធំ

07-06-2026 20:25

(កំពង់ធំ) លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ នារសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូចនិងសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅខេត្តកំពង់ធំ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ, លោក ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ, លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម, លោក ជា សុភ័ក្ត អគ្គនាយកនៃធនាគារសហគ្រាសធុនតូច និងមធ្យម និងថ្នាក់ដឹកនាំនិងមន្ត្រីនៃក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងបងប្អូនសហគ្រិន អាជីវករ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណជាង ៨០០នាក់។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់សហគ្រិនខ្មែរ, រដ្ឋបាលខេត្តកំពង់ធំ, ក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ដែលបានរៀបចំកម្មវិធីដ៏សំខាន់នេះ ឡើង ដើម្បីជួយបង្កើនសមត្ថភាពរបស់អាជីវករ ពាណិជ្ជករ កសិករ ពិសេសសហគ្រិនវ័យក្មេង និងធុរកិច្ចថ្មីនៅក្នុងខេត្តកំពង់ធំ ឱ្យកាន់តែមានភាពប្រកួតប្រជែង អាចបង្កើតផលិតផលថ្មី និងតម្លៃបន្ថែមថ្មី ហើយអាចឈរជើងបាន និងរីកលូតលាស់ទៅថ្ងៃមុខ ដើម្បីធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចខេត្តកំពង់ធំ ក្លាយជាចន្ទល់សេដ្ឋកិច្ចមួយរបស់កម្ពុជា។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបន្តថា នេះគឺជាគោលដៅ និងជាចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលចង់ឃើញខេត្តកំពង់ធំក្លាយទៅមូលដ្ឋានផលិតកម្ម វិនិយោគ និងទេសចរណ៍ ដែលអាចបង្កើតការងារ មុខរបរ ប្រាក់ចំណូល និងលើកកម្ពស់ជីវភាពប្រជាជនកាន់តែល្អប្រសើរឡើង។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានកត់សម្គាល់ផងដែរថា ថ្វីត្បិតខេត្តកំពង់ធំមានសក្តានុពលច្រើន មានផ្ទៃដីក៏ធំ ហើយចំនួនប្រជាជនក៏ច្រើនគួរសមពិតមែន ក៏ប៉ុន្តែកម្រិតនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ខេត្តកំពង់ធំ ដូចជា ចំណូលប្រជាជនម្នាក់ធៀបនឹង .ស.ស មានសន្ទុះទាប ហើយអត្រានៃភាពក្រីក្រខ្ពស់ ក្នុងខណៈដែលចំនួនសហគ្រាសពាណិជ្ជកម្មនៅមានតិចនៅឡើយធៀបនឹងខេត្តដទៃ។ តួលេខនេះ គូសបញ្ជាក់ឱ្យឃើញថា បងប្អូនខេត្តកំពង់ធំយើងជាច្រើននៅប្រកបរបរធ្វើស្រែចម្ការជាលក្ខណៈគ្រួសារនៅឡើយ និងពុំទាន់មានកម្រិតសហគ្រិនភាពច្រើននៅឡើយទេ។ ដូចនេះ យើងត្រូវលើកស្ទួយសហគ្រិនភាព ដែលជាមេទ័ពក្នុងសេដ្ឋកិច្ចឱ្យបានច្រើន ដើម្បីជំរុញការអភិវឌ្ឍ កំណើន និងការបង្កើតតម្លៃបន្ថែមក្នុងសេដ្ឋកិច្ច សម្រាប់ធ្វើបែងចែកផ្លែផ្កានៃកំណើន ក្នុងគោលដៅលើកកម្ពស់ជីវភាពប្រជាជន។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានគូសរំលេចថា រាជរដ្ឋាភិបាលមានទស្សនវិជ្ជាចាត់ទុកវិស័យឯកជន រួមមានបងប្អូនកសិករ សិប្បករ អាជីវករទាំងអស់ ដែលកម្ពុជាយើងមានកម្លាំងពលកម្មប្រមាណ ១០លាននាក់ គឺជាអ្នកបង្កើតតម្លៃបន្ថែមក្នុងសេដ្ឋកិច្ច។ ហើយកម្មវិធីនាថ្ងៃនេះ មានគោលដៅគាំទ្រសហគ្រិនភាព ដើម្បីបណ្តុះ ទាំងអ្នកដែលមានទេពកោសល្យពីកំណើត និងទាំងអ្នកដែលចង់ចេះ ចង់ដឹង និងចង់ចាប់ផ្តើមអាជីវកម្ម ឱ្យក្លាយទៅជា «មេទ័ពសេដ្ឋកិច្ច»

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបញ្ជាក់បន្ថែមថា សហគ្រិនភាពគឺជាទេពកោសល្យសំខាន់មួយ ទាមទារឱ្យមានចរិត អាកប្បកិរិយា ឥរិយាបថតស៊ូ ព្យាយាមចង់ចេះ ចង់ដឹង ចង់ធ្វើអាជីវកម្ម ប៉ុន្តែក៏ត្រូវពឹងផ្អែកលើឱកាស បរិស្ថាន សង្គម បរិស្ថានសេដ្ឋកិច្ច ឬប្រព័ន្ធអេកូឡូស៊ីអំណោយផល ទើបសហគ្រិនទាំងនោះអាចងើបឡើងរួច។

ដូចនេះ ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានរំលឹកថា វិស័យសាធារណៈត្រូវដើរតួជាអ្នកតម្រង់ផ្លូវ គាំទ្រសហគ្រិន មិនខ្ទប់សក្តានុពលវិស័យឯកជន និងជាពិសេសកសាងលក្ខខណ្ឌឱ្យវិស័យឯកជនមានឱកាសងើបឈរខ្លាំងឡើង ទាំងក្នុងកត្តាគោលនយោបាយ អប់រំ ហិរញ្ញវត្ថុ ច្បាប់ទម្លាប់។ល។