សមាជិកថ្មីចំនួន១១២នាក់បន្ថែមទៀត ត្រូវប្រកាសបញ្ចូលជាផ្លូវការគណបក្សប្រជាជនកម្ពុជា ស្រុកសេសាន ខេត្តស្ទឹងត្រែង

07-06-2026 21:00

(ស្ទឹងត្រែង)៖ សមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា ចំនួន១១២នាក់ ត្រូវបានប្រកាសបញ្ចូលជាផ្លូវការ នៅគណបក្សឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦នេះ។

ពិធីបញ្ចូលសមាជិកថ្មី ប្រារព្ធឡើងនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកសេសាន ក្រោមអធិបតីភាពលោក សរ សុពុត្រា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់គណៈកម្មាធិការគណបក្សខេត្ត ស្រុក ឃុំ និងក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសេសាន។

លោក សរ សុពុត្រា បានថ្លែងអំណរគុណចំពោះសមាជិកបក្ស ទើបចូលថ្មីដែលជឿជាក់ និងផ្តល់ការទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា និងបានអំពាវនាវដល់សមាជិក សមាជិកា របស់គណបក្សប្រជាជនកម្ពុជាទាំងអស់ទោះ ជាសមាជិកចាស់ ត្រូវរួបរួមសាមគ្គីស្រឡាញ់រាប់អានគ្នាត្រូវមានមនសិការ ស្រឡាញ់ជឿជាក់ និងពង្រឹងនូវភាពរឹងមាំរបស់គណបក្ស និងចូលរួមគោរព អនុវត្តតាមមាគ៌ាដឹកនាំរបស់គណបក្សឱ្យបានខ្ជាប់ខ្ជួន កុំជឿ ឬស្តាប់ការញុះញង់របស់ជនអគតិណាមួយធ្វើឱ្យបែកបាក់សាមគ្គីផ្ទៃក្នុងគណបក្ស។

លោក សរ សុពុត្រា បានគូសបញ្ជាក់ថា មានតែគណបក្សប្រជាជនតែមួយគត់ ដែលជាម្លប់ដ៏ត្រជាក់ត្រជុំរបស់ប្រជាពលរដ្ឋ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ទទួលបានការអភិវឌ្ឍប្រទេសរីកចម្រើនលើគ្រប់វិស័យ។

ទន្ទឹមនឹងនោះ លោកបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាប្រៀបដូចជា «សសរថ្មមួយដែលមានឆ្អឹងដែកនៅខាងក្នុងដ៏រឹងមាំ មិនងាយនឹងដួលរលំ» ដែលជាបក្សមានប្រវត្តិដឹកនាំ កំពុងកាន់អំណាច និងបន្តកាន់អំណាច, មានរចនាសម្ព័ន្ធនិងចក្ខុវិស័យច្បាស់លាស់, សាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំ, ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ពោរពេញដោយសមត្ថភាព និងមានការគោរពស្រឡាញ់ទាំងក្នុងនិងក្រៅប្រទេស។ រហូតដល់មានការជឿជាក់ថា មានតែគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសទើបអាចរក្សាបាននូវ «សន្តិភាពនិងការអភិវឌ្ឍឥតឈប់ឈរ»

លោកអភិបាលខេត្ត បានបន្តថា គណបក្សប្រជាជនកម្ពុជាបានតស៊ូផ្ដួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងសង្គ្រោះជាតិឡើងវិញ ការពារជាតិ និងស្តារកសាងប្រទេស ការពារឯករាជ្យអធិបតេយ្យ និងបូរណភាពទឹកដី កសាងនិងថែរក្សាសន្តិភាព និងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមដែលធ្វើឱ្យកម្ពុជារុងរឿងក្នុងប្រវតិ្តសាស្ត្រ។

គណបក្សប្រជាជនកម្ពុជា មានចំនួនសមាជិកបន្តកើនឡើង ដែលបានក្លាយជាសសរទ្រូងដ៏រឹងមាំរបស់ប្រជា រាស្ត្រ ដោយមានរចនាសម្ព័ន្ធ និងចក្ខុវិស័យច្បាស់លាស់ សាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំ និងការផ្សារភ្ជាប់ជានិច្ចជាមួយប្រជាជន ដោយហ៊ានគិត ហានថា ហានធ្វើ និងហានទទួលខុសត្រូវ។ លើសពីនេះក៏ត្រូវគោរពតាមការប្តេជ្ញាចិត្ត លក្ខន្តិកៈបក្ស ច្បាប់រដ្ឋ សាមគ្គីគ្នាជាធ្លុងមួយ ប្រកាន់ខ្ជាប់នូវអត្តចរិតនិងសីលធម៌ល្អ ព្រមទាំងគោលការណ៍ «សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ» ហើយថ្នាក់ដឹកនាំបក្សមូលដ្ឋាន ត្រៀមខ្លួនជាស្រេចដើម្បីដណ្តើមយកជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ខាងមុខនេះ៕