គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ បន្តចុះពិនិត្យទីតាំងរស់នៅប្រមូលផ្តុំរបស់ជនបរទេស ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams ក្នុងមូលដ្ឋាន

07-06-2026 21:05

(ភ្នំពេញ)៖ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដង្កោ ដឹកនាំដោយលោកស្រី គឹម ញឹប អភិបាលអភិបាលខណ្ឌដង្កោ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានបន្តចុះត្រួតពិនិត្យរដ្ឋបាលតាមទីតាំង ផ្ទះជួល បន្ទប់ជួល ផ្ទះសំណាក់ ផ្ទះល្វែង បុរី ឃ្លាំង ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងភូមិសាស្ដ្រខណ្ឌដង្កោ។

ជាក់ស្តែងនៅថ្ងៃអាទិត្យទី៧ ខែមិថុនា ឆ្នាំ២០២៦ គណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ ដឹកនាំដោយលោក ហ៊ត គឹមនី អភិបាលរងខណ្ឌ បានចុះត្រួតពិនិត្យតាមទីតាំងអគារខុនដូ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារ អគារស្នាក់នៅរួមមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងចុះផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ៕