ជីវភាពពិតរបស់លោក «ជន ភើក» អ្នកមានភក្តីភាពចំពោះបក្សប្រជាជនកម្ពុជា នៅស្រុកប្រាសាទបល្ល័ង្ក ដែលកំពុងផ្ទុះការជជែកខ្លាំងលើបណ្តាញសង្គម

07-06-2026 21:27

(កំពង់ធំ)៖ ក្នុងសប្តាហ៍កន្លងទៅនេះ វីដេអូឃ្លីបរបស់លោក ជន ភើក ក្នុងឯកសណ្ឋាន​គណ​បក្ស​ប្រជាជនកម្ពុជា បង្ហាញនូវភក្តីភាពរបស់លោកចំពោះគណបក្សប្រជាជនកម្ពុជា នាំឱ្យមានការ​ជជែក​​វែកញែកជាច្រើនលើបណ្តាញសង្គម។

លោក ជន ភើក មានលំនៅឋានក្នុងភូមិបារាយ ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ ក្នុង​ពិធីបញ្ចូលសមាជិកបក្សប្រជាជនកម្ពុជាក្រោមអធិបតីភាពលោកអ្នកឧកញ៉ា ទ្រី ភាព ប្រធាន​ក្រុម​ការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកប្រាសាទបល្ល័ង្កកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ​២០​២៦​​កន្លងទៅនេះ លោក ជន ភើក បានលើកបង្ហាញហេតុផលមួយចំនួន ដែលនាំឱ្យរូបលោក​សម្រេច​ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងបោះឆ្នោតជូនគណបក្ស​ប្រជាជន​កម្ពុជាជាច្រើនអាណត្តិមកហើយ។

មូលហេតុដែលនាំឱ្យលោក ជន ភើក បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក៏ព្រោះតែលោក​មើលឃើញថា គណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់​កសាងប្រទេសជាតិ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។ ក្នុងនោះជីវភាពរ​បស់​លោកក៏បានល្អប្រសើរ ដែលពីមុនរកបាយហូបមិនបាន តែបច្ចុប្បន្នមានជីវភាពរស់នៅ​សម​រម្យ​លើដីជនបទ។

សម្តីបង្ហាញហេតុផលនៃការគាំទ្របក្សប្រជាជនកម្ពុជារបស់លោក ជន ភើក ត្រូវបានជនមិន​ស្គាល់​អត្តសញ្ញាណ ហើយមិនសប្បាយចិត្តនឹងអ្វីដែលលោកលើកឡើងនោះ យកទៅកាត់ច្នៃ​បំភ្លៃខុសពីខ្លឹមសារដើមផង ហើយក៏មានអ្នកមានមតិយោបល់ក្នុងន័យមិនល្អផង ហើយក៏មាន​អ្នកខ្លះបានប្រមាថរូបលោកមិនសមជាអ្នកមានជីវភាពល្អប្រសើរផង។

នៅថ្ងៃអាទិត្យ ទី៧ ខែមិថុនា ឆ្នាំ២០២៦នេះ អ្នកសារព័ត៌មាន Fresh News បានចុះទៅដល់​ផ្ទះរបស់លោក ជន ភើក ក្នុងភូមិបារាយ ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ លោក ជន ភើក មានជីវភាពសមរម្យ។ លោក ភើក មានរបរលក់ប្រេងឥន្ធនៈ និងទំនិញប្រើប្រាស់​ផ្សេងៗ​​នៅខាងមុខផ្ទះធ្វើពីឈើប្រក់ក្បឿងទំហំពីរខ្នង។

ក្រៅពីរបរលក់ដូរនៅផ្ទះហើយនោះ លោក ជន ភើក ក៏មានដីដាំដំណាំស្វាយចន្ទីទំហំ ៤ហិកតា និងដីដាំដំឡូងមីទំហំ ៣ហិកតា។ ក្រៅពីមានដីចម្ការហើយនោះ លោកក៏មានត្រាក់ទ័រសម្រាប់​ស៊ី​ឈ្នួលភ្ជួររាស់ដីឱ្យគេដែរ។ លោក ភើក មានកូនប្រុសពីរនាក់ ម្នាក់កំពុងរៀននៅមហា​វិទ្យា​ល័យផ្នែកអក្សរសាស្ត្រ និងម្នាក់ទៀត កំពុងរៀននៅថ្នាក់ទី១០។

លោក ភើក បានរៀបរាប់ភូមិឋានរបស់លោកពីដើមជាតំបន់សមរភូមិសង្គ្រាមផ្ទៃក្នុង ដែលទើប​បញ្ចប់ទៅនៅទសវត្សរ៍៩០ ហើយជាតំបន់ព្រៃមិនសូវមានផ្ទះប្រជាពលរដ្ឋនោះឡើយ។ ជីវភាព​របស់​​លោក ក៏ដូចប្រជាពលរដ្ឋដទៃទៀត គឺមានការលំបាកខ្លាំងណាស់។

សន្តិភាពក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នៅឆ្នាំ១៩៩៨ បូករួមជា​មួយ​គោលនយោបាយអភិវឌ្ឍ គោលនយោបាយផ្នែកសេដ្ឋកិច្ច ធ្វើឱ្យភូមិឋានរបស់លោកមានផ្លូវ​កៅ​​ស៊ូ ជំរុញដល់ការបង្កបង្កើនផលដាំដុះនូវដំណាំផ្សេងៗ ដើម្បីលើកកម្ពស់ជីវភាព។

មនុញ្ញផលសុខសន្តិភាព និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្ស​ប្រជាជនកម្ពុជា បានជំរុញឱ្យជីវភាពរបស់លោក ជន ភើក និងប្រជាពលរដ្ឋដទៃទៀត មានភាព​ល្អ​ប្រសើរឡើង។

ជាអ្នកស្រែចម្ការគ្មានផលណាមួយកើតឡើងដោយខ្វះការប្រឹងប្រែងអំណត់តស៊ូនោះឡើយ។ លោក ជន ភើក បានរៀបរាប់ថា ទោះបីរាជរដ្ឋាភិបាលនាំមកនូវសុខសន្តិភាព មានគោលនយោ​បាយ​អភិវឌ្ឍនានាយ៉ាងណាក្តី តែការណ៍ដែលនាំឱ្យជីវភាពរបស់លោក បានល្អប្រសើរមិនអាច​កាត់​ផ្តាច់ពីការប្រឹងប្រែង និងការនឿយហត់បាននោះឡើយ។

លោក ភើក បានបញ្ជាក់ថា កត្តានឿយហត់នឹងការងារនោះហើយ ទើបធ្វើឱ្យរូបសម្រស់របស់​លោកមិនស្រស់ស្អាត រហូតមានមតិនានាលើបណ្តាញសង្គមថារូបលោកជាអ្នកអត់បាយហូប។

បើទោះបីរងការនិន្ទាដោយមតិមិនល្អពីអ្នកលេងបណ្តាញសង្គមយ៉ាងណាក្តី លោក ជន ភើក មិនបានប្រកាន់ខឹងនឹងមតិនោះឡើយ។ លោកនៅតែបន្តស្នាមញញឹម មិនប្រកាន់ទោសអ្វីនោះ​ឡើយ។

បើទោះបីមានការនិន្ទាច្រើនលើអ្វីដែលលោក បានលើកឡើងតាមបណ្តាញសង្គមយ៉ាងណាក្តី ក៏លោក ជន ភើក មិនកែប្រែនូវទស្សនៈចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកើតចេញ​ពីគណ​បក្ស​ប្រជាជនកម្ពុជា ដែលលោកតែងតែប្រកាន់យកនោះដែរ។

លោក ជន ភើក នៅតែយល់ថា គណបក្សប្រជាជនកម្ពុជា បានដឹកនាំត្រឹមត្រូវ ដឹកនាំដោយយក​ចិត្ត​ទុកដាក់ខ្ពស់ចំពោះការកសាងជាតិ លើកកម្ពស់ជីវភាពប្រជាជន ធ្វើឱ្យប្រទេសជាតិមានការ​រីក​ចម្រើន ប្រជាពលរដ្ឋមានជីវភាពល្អប្រសើរ៕