លោកសាស្ដ្រាចារ្យ ឈាង រ៉ា៖ «សូមម្នាក់ៗធ្វើជាមនុស្សដែលផ្ដល់ប្រយោជន៍ ពេលមានវត្ដមាននៅលើភពផែនដី នៅក្នុងសង្គម និងក្នុងដំបូលនៃទឹកដីកម្ពុជា»
07-06-2026 22:51
(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារបក្សប្រជាជនកម្ពុជា ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខណ្ឌសែនសុខ បានសង្កត់ធ្ងន់ថា «សូមម្នាក់ៗធ្វើជាមនុស្សដែលផ្ដល់ប្រយោជន៍ ពេលមានវត្ដមាននៅលើភពផែនដី នៅក្នុងសង្គម និងក្នុងដំបូលនៃទឹកដីកម្ពុជា» ដើម្បីឱ្យប្រទេសជាតិយើងមានលំនឹង និងកុំឱ្យគេមើលងាយយើងបាន។
ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ដ្រាចារ្យ ក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែមេសា និងឧសភា ឆ្នាំ២០២៦ ព្រមទាំងដាក់ចេញទិសដៅការងារបន្តខែមិថុនា ឆ្នាំ២០២៦ នៅដើមសប្ដាហ៍នៃខែមិថុនានេះ ដែលមានអញ្ជើញជាធិបតីរបស់លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង អ្នកតំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញ និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌសែនសុខ។
លោកសាស្ដ្រាចារ្យ ឈាង រ៉ា បានថ្លែងទៅកាន់ក្រុមការងារទៀតថា «មិនថាយើងធ្វើជាគ្រូពេទ្យ ឬធ្វើជាអ្នកដឹកនាំ ត្រូវតាំងខ្លួនជាអ្នកឱ្យប្រយោជន៍ ជូនដល់មនុស្សជុំវិញ ហើយសូមយកនូវបញ្ហា ឱ្យកា្លយជាកាលានុវត្ដភាព ហើយត្រូវសាមគ្គីឱ្យកាន់តែមានភាពរឹងមាំក្នុងការជម្នៈ»។ លោកសាស្ដ្រាចារ្យក៏បានណែនាំដល់ក្រុមការងារទាំងអស់ ត្រូវបន្ដបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ ពិសេសលើបញ្ហាសុខភាព ទោះក្នុងកាលៈទេសៈណាក៏ដោយ អំពើល្អ ការជួយយកអាសារ ត្រូវមាននៅជាប់ខ្លួនយើងជានិច្ច។
នាឱកាសនោះលោកសាស្ដ្រាចា្យ ឈាង រ៉ា និងលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានផ្ដាំផ្ញើដល់ក្រុមការងារ ក៏ដូចជាអាជ្ញាមូលដ្ឋានក្នុងខណ្ឌសែនសុខ ត្រូវត្រួតពិនិត្យឱ្យបានជាប់ជានិច្ច ដើម្បីរួមគ្នាទប់ស្កាត់បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។
សូមជម្រាបថា បន្ទាប់ពីឡើងរាយការណ៍របាយការណ៍សង្ខេបពីក្រុមការងារមូលដ្ឋានខាងលើ ស្ដីពីសភាសការណ៍ទូទៅ និងការងារគណបក្សប្រចាំខែមេសា-ឧសភា និងទិសដៅខែមិថុនា ឆ្នាំ២០២៦ លោកសាស្ដ្រាចារ្យ ឈាង រ៉ា បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ដ្រីគណបក្ស មន្ដ្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅក្នុងខណ្ឌសែនសុខ ដែលបានធ្វើការបម្រើជូនប្រជាពលរដ្ឋប្រកបដោយការយកចិត្ដដាក់ខ្ពស់, តែទោះជាយ៉ាងណាក៏លោកសាស្ដ្រាចារ្យ បន្ដជំរុញឱ្យបំពេញការងារឱ្យកាន់តែប្រសើរជាបន្ដបន្ទាប់ទៀត៕











































