ពលរដ្ឋនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ទទួលបានការព្យាបាលជំងឺដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត CMYA សហការជាមួយអង្គការ AusRelief របស់អូស្ត្រាលី
08-06-2026 14:43
(ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦នេះ លោក រ៉ូហ្វី អូស្មាន តំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ និងជាអនុប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ចំនួន៧០០នាក់ និងកម្មវិធីអប់រំអនាម័យ សុខភាព និងបរិស្ថាន ក្នុងសហគមន៍ នៅភូមិសំរោង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
កម្មវិធីខាងលើទទួលបានការឧបត្ថម្ភពីអង្គការ AusRelief នៃប្រទេសអូស្ត្រាលី តាមរយៈក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមសម្ព័ន្ធយុវជនមុស្លីមកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក លោកអធិការស្រុក អុីមាំស្រុក តួនៗ យុវជន ស.ស.យ.ក យុវជន CMYA យុវជនស្រលាញ់សន្តិភាព និងយុវជនក្មេងវត្ត។
ក្នុងឱកាសនោះ លោក រ៉ូហ្វី អូស្មាន បានថ្លែងថា ការចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សុខុមាលភាពសង្គម នៅក្នុងប្រទេសកម្ពុជា និងការជួយកាត់បន្ថយលើការចំណាយនានា របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន លើការថែរក្សាសុខភាព ក៏ដូចជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាជនគ្រប់រូប ដោយមិនមានការរើសអើងសាសនា ឬនិន្នាការនយោបាយឡើយ។
ទន្ទឹមនឹងនោះដែរ លោកបានដាស់តឿន និងអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្ត ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមសហការជាមួយរាជរដ្ឋាភិបាល ក្នុងការបង្ការ និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ដែលកំពុងរីករាលដាលនៅក្នុងសង្គម នាពេលបច្ចុប្បន្ន។
លើសពីនេះទៅទៀត លោកបានពន្យល់ណែនាំដល់យុវជន និងអាណាព្យាបាលទាំងអស់ ឱ្យយល់ដឹងកាន់តែច្បាស់អំពីច្បាប់កាតព្វកិច្ចយោធា ដែលជាកាតព្វកិច្ចដ៏ឧត្តុង្គឧត្តមរបស់ពលរដ្ឋគ្រប់រូប ក្នុងការចូលរួមការពារជាតិ មាតុភូមិ និងរក្សាសុខសន្តិភាពឱ្យបានគង់វង្ស។
លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ក្រោយពេលទទួលបានការពិនិត្យព្យាបាលជំងឺនេះហើយ សូមនាំគ្នាថែរក្សាសុខភាព ហូបចុក និងការរស់នៅឲ្យមានអនាម័យល្អ ខណៈរដូវភ្លៀងធ្លាក់បានខិតជិតមកដល់។
ជាមួយនេះ លោកបានថ្លែងអំណរគុណដល់អង្គការ AusRelief នៃប្រទេសអូស្ត្រាលី ដែលបានសហការជាមួយ ក្រុមគ្រូពេទ្យស័្មគ្រចិត្ត CMYA ដែលបានខិតខំប្រឹងប្រែងរួមគ្នា បង្កើតកម្មវិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃនេះឡើង ដោយនេះជាសក្ខីភាពមួយស្តែងឱ្យឃើញពីការចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យសុខាភិបាល និងថែទាំសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន៕




