អភិបាលស្រុកស្ទោង កោតសរសើរនាយក នាយិកាសាលារៀនដែលបានរៀបចំបរិស្ថាន និងធ្វើអនាម័យតាមសាលារៀនបានល្អប្រសើរ
08-06-2026 15:31
(កំពង់ធំ)៖ លោកសាយ គឹមឡម អភិបាលស្រុកស្ទោង បានកោតសរសើរខ្ពស់លោកនាយក នាយិកាសាលារៀនដែលបានរៀបចំបរិស្ថាន និងធ្វើអនាម័យតាមសាលារៀនបានល្អប្រសើរ។
លោកបានកោតសរសើរ ដូច្នេះក្នុងឱកាសលោកបានចែកធុងសំរាមជូនលោក លោកស្រីនាយក នាយិកា លោកអាចារ្យគណៈកម្មការវត្ត ព្រះសង្ឃ តាមបណ្ដាសាលារៀននិងវត្តអារាមជាង១០០ នៅក្នុងស្រុកស្ទោងកាលពី ព្រឹកថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២៦ នៅសាលាស្រុកស្ទោង។
ទន្ទឹមនឹងនេះលោកបានជំរុញបន្ថែមទៀតដល់លោកនាយក នាយិកា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ត្រូវយកចិត្តទុកដាក់បន្ថែមទៀតក្នុងការទុកដាក់ បែងចែកសំរាមទៅតាមចំណាត់ថ្នាក់ ៣ប្រភេទឱ្យបានត្រឹមត្រូវដូចជា សម្រាបសរីរាង្គ សំរាមគ្រោះថ្នាក់ពុលឬសំណល់គីមី សំរាមកែច្នៃឡើងវិញ ក្នុងន័យសុវត្ថិភាព កម្ទេចចោលឬកែច្នៃឡើងវិញផងដែរ។
ជាមួយគ្នានេះ លោកបានលើកទឹកចិត្តដល់ព្រះគ្រូចៅអធិការ លោកអាចារ្យ គណៈកម្មការវត្ត ព្រះសង្ឃគ្រប់បណ្ដាវត្តអារាម ត្រូវបង្កើនការយកចិត្តទុកដាក់ថែមទៀតក្នុងការថែរក្សាអនាម័យ រក្សាទុកដាក់សំរាមក្នុងវត្តអារាម ឱ្យបានប្រសើរឡើង ព្រោះបច្ចុប្បន្នពុំទាន់ស្ថិតក្នុងស្ថានភាពល្អនៅឡើយទេ។
លើសពីនេះ អភិបាលស្រុកស្ទោង បានលើកទឹកចិត្តបន្ថែមទៀតដល់គ្រប់បណ្ដាអង្គភាពស្ថាប័នរដ្ឋ សាលារៀន វត្តអារាមនិងទីសាធារណៈនានាត្រូវរៀបចំប្លង់មេអភិវឌ្ឍឱ្យបានច្បាស់លាស់ ជាពិសេសប្រកបដោយសួនច្បារ ស្រស់បំព្រង ដើមឈើប្រណីតៗខៀវស្រងាត់ តាមបែបបរិស្ថានស្រស់បំព្រង និងបម្រែបម្រួលអាកាសធាតុនិងបរិយាកាសសកល ជាផ្នែកមួយនៃការលើកកម្ពស់ទេសចរណ៍កែច្នៃ និងធម្មជាតិនៅក្នុងមូលដ្ឋានស្រុកស្ទោងថែមទៀត។
ជាចុងបញ្ចប់លោក សាយ គឹមឡម បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដែលបានឧបត្ថម្ភគាំទ្រនូវធុងសំរាម ជាច្រើនសម្រាប់ដាក់នៅតាមអង្គភាពស្ថាប័នរដ្ឋនៅក្នុងស្រុកស្ទោងក្នុងការលើកកម្ពស់បរិស្ថានក្នុងមូលដ្ឋានឱ្យល្អប្រសើរឡើង។
សូមបញ្ជាក់ថា ការចែកជូនធុងសំរាមនៅក្នុងឱកាសនេះគឺជូនដល់សាលារៀនរដ្ឋចំនួន ៩៦វត្តចំនួន៤៦ ក្នុងនោះទទួលបានមួយអង្គភាពនូវធុងសំរាមចំនួន៣៕






















