សាកលវិទ្យាល័យវេស្ទើន រៀបចំវេទិកាតម្រង់ទិសជូនកូនសិស្សថ្នាក់ទី១២ នៃវិទ្យាល័យព្រែកលៀប ដើម្បីត្រៀមលក្ខណៈសម្បត្តិមុននឹងបោះជំហានចូលទៅសិក្សានៅកម្រិតឧត្តមសិក្សា

08-06-2026 15:34

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យវេស្ទើន បានរៀបចំពិធីសំណេះសំណាល និងវេទិកាតម្រង់ទិសជូនដល់សិស្សានុសិស្សថ្នាក់ទី១២ នៃវិទ្យាល័យព្រែកលៀប។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក តែ ឡូរិន ប្រធានក្រុមប្រឹក្សាភិបាល។

លោក លឹម ខេវិន តំណាងសាកលវិទ្យាល័យ បានឱ្យដឹងថា កម្មវិធីនេះក៏ជាព្រឹត្តិការណ៍ដ៏សំខាន់ ក្នុងការប្រកាសបិទបញ្ចប់យុទ្ធនាការចុះតាមបណ្តាវិទ្យាល័យនានា ក្រោមប្រធានបទ «សាកលវិទ្យាល័យខ្ញុំ ជំនាញខ្ញុំ ឆ្នាំ២០២៦» របស់សាកលវិទ្យាល័យវេស្ទើន ផងដែរ។

លោកបានបន្តថា យុទ្ធនាការទ្រង់ទ្រាយធំមួយនេះ បានចាប់ផ្តើមដំណើរការយ៉ាងសកម្មតាំងពីថ្ងៃទី១១ ខែឧសភា រហូតដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ ដោយបានចុះទៅដល់បណ្តាវិទ្យាល័យគោលដៅនៅក្នុងរាជធានីភ្នំពេញ រហូតដល់ទៅ២៤វិទ្យាល័យ ដើម្បីពង្រីកការយល់ដឹង និងត្រៀមលក្ខណៈសម្បត្តិឱ្យបានរួចរាល់សម្រាប់សិស្សានុសិស្ស មុននឹងបោះជំហានចូលទៅកាន់ជីវិតឧត្តមសិក្សា។

លោកបានបន្ថែមថា នៅក្នុងរបាយការណ៍សង្ខេបលទ្ធផលការងារ តំណាងគណៈគ្រប់គ្រងសាកលវិទ្យាល័យបានគូសបញ្ជាក់ថា យុទ្ធនាការនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងធំៗចំនួនពីរទី១៖ ដើម្បីជួយតម្រង់ទិស ផ្ដល់ត្រីវិស័យ និងពង្រីកទស្សនវិស័យការងារ ជូនដល់ប្អូនៗសិស្សានុសិស្ស ក្នុងការត្រៀមខ្លួនបោះជំហានចូលទៅកាន់ជីវិតនិស្សិតឧត្តមសិក្សា និង​ទីពីរ៖ ដើម្បីជួយឱ្យប្អូនៗយល់ច្បាស់ពីសក្ដានុពលរបស់ខ្លួនឯង ក្នុងការជ្រើសរើសជំនាញសិក្សាមួយដែលត្រឹមត្រូវ ស្របតាមចំណងចំណូលចិត្ត និងតម្រូវការទីផ្សារការងារជាក់ស្តែង ជៀសវាងការជ្រើសរើសជំនាញតាមគ្នា ដែលអាចខាតបង់ទាំងពេលវេលា និងថវិកា។

ជាមួយគ្នានេះដែរ លោក លឹម ខេវិន បានបញ្ជាក់ថា ឆ្លងកាត់សកម្មភាពយ៉ាងសកម្មក្នុងយុទ្ធនាការនាឆ្នាំនេះ សាកលវិទ្យាល័យវេស្ទើនបានសម្រេចនូវលទ្ធផលគួរជាទីមោទនៈ ដូចខាងក្រោម៖ ការប្រឹក្សាអំពីជំនាញសិក្សា និងអជីពការងារ៖ ក្រុមការងារបានផ្តល់ការប្រឹក្សា និងតម្រង់ទិសដោយផ្ទាល់ជូនដល់ប្អូនៗសិស្សានុសិស្សថ្នាក់ទី១២ ដែលពួកគាត់បានបង្ហាញនូវការយកចិត្តទុកដាក់ និងភាពហ្មត់ចត់ក្នុងការសាកសួរព័ត៌មានជំនាញ។

លោក លឹម ខេវិន បានលើកឡើងថា ការយល់ដឹងស៊ីជម្រៅលើជំនាញសំខាន់ៗ ប្អូនៗទទួលបាននូវការយល់ដឹងស៊ីជម្រៅលើមុខជំនាញទំនើបៗ និងមានសក្ដានុពលខ្ពស់លើទីផ្សារបច្ចុប្បន្ន រួមមាន៖ វិទ្យាសាស្ត្របច្ចេកវិទ្យា ឌីជីថលម៉ាកេតធីង គ្រប់គ្រងពាណិជ្ជកម្ម ក៏ដូចជាជំនាញបច្ចេកទេស និងវិជ្ជាជីវៈផ្សេងៗទៀត។ លទ្ធផលនៃការសម្រេចចិត្ត៖ តាមរយៈការវាយតម្លៃបឋម ប្អូនៗភាគច្រើនលើសលប់ (ជាង ៨០%) មានភាពច្បាស់លាស់ និងជឿជាក់ជាងមុនក្នុងការសម្រេចចិត្តជ្រើសរើសគ្រឹះស្ថានឧត្តមសិក្សា និងជំនាញឯកទេសដែលត្រឹមត្រូវសម្រាប់អនាគតរបស់ខ្លួន។

អ្វីដែលជាចំណុចពិសេសបំផុតនៅក្នុងឱកាសនោះ គឺប្អូនៗសិស្សានុសិស្សវិទ្យាល័យព្រែកលៀប បានជួបពិភាក្សា និងទទួលបានការតម្រង់ទិសពិសេសដោយផ្ទាល់ពីលោក តែ ឡូរិន ប្រធានក្រុមប្រឹក្សាភិបាល។

ជោគជ័យដ៏ត្រចះត្រចង់នៃយុទ្ធនាការ «សាកលវិទ្យាល័យខ្ញុំ ជំនាញខ្ញុំ ឆ្នាំ២០២៦» គឺមិនអាចកាត់ផ្ដាច់បានពីការគាំទ្រយ៉ាងពេញទំហឹង ទាំងស្មារតី និងសម្ភារៈ ពីសំណាក់គណៈគ្រប់គ្រង និងជាពិសេសគឺការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់លោកប្រធានក្រុមប្រឹក្សាភិបាល។

លោកបន្ថែមថាទន្ទឹមនឹងនោះគណៈគ្រប់គ្រងសាកលវិទ្យាល័យវេស្ទើន ក៏បានសម្ដែងនូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកនាយក លោកគ្រូ-អ្នកគ្រូ នៃវិទ្យាល័យព្រែកលៀប ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ និងបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាង ធ្វើឱ្យយុទ្ធនាការបញ្ចប់ទៅដោយរលូន និងទទួលបានផ្លែផ្កាលើសពីការរំពឹងទុក៕