លោក ចេង ប៉េងហាប់ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនគ្រួសារយុទ្ធជន នៅឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ

08-06-2026 15:39

(តាកែវ)៖ នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ លោក ចេង ប៉េងហាប់ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកបាទី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពត់សរ អមដំណើរដោយអនុប្រធាន និងសមាជិក-សមាជិកានៃក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពត់សរ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកា ជូនគ្រួសារយុទ្ធជន ចំនួន ៣៥គ្រួសារ នៅឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។

ក្នុងកិច្ចសំណេះសំណាលនាពេលនេះ លោក ចេង ប៉េងហាប់ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹករបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេស គឺសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលលោកទាំងពីរតែងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់បងប្អូនយុទ្ធជនដែលបានរួមចំណែកតស៊ូប្តូរផ្តាច់យ៉ាងអង់អាចក្លាហាន លះបង់គ្រប់បែបយ៉ាង ចាកឆ្ងាយគ្រួសារ កូនចៅជាទីស្រឡាញ់ ដើម្បីបម្រើក្នុងបុព្វហេតុការពារជាតិមាតុភូមិកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ និង ឯកឧត្តម គី តិច អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាទី ក៏បានផ្តាំផ្ញើសួរសុខទុក្ខបងប្អូនក្រុមគ្រួសារយុទ្ធជន និងប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំពត់សរ តាមរយៈលោកនាឱកាសនេះផងដែរ។

លោកក៏បានថ្លែងអំណរគុណដល់ក្រុមគ្រួសារយុទ្ធជន និងបងប្អូនប្រជាពលរដ្ឋដែលមានជំនឿមកលើការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ និងសម្តេចធិបតី ក្នុងការចាត់វិធានការនានាដើម្បីការពារបូរណភាពទឹកដី និងដោះស្រាយវិវាទជាមួយប្រទេសថៃដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន សំដៅធានាបាននូវសុខសន្តិភាពជូនជាតិមាតុភូមិ។

សូមបញ្ជាក់ជូនផងដែរថា កាលពីខែកុម្ភៈ ឆ្នាំ២០២៦ លោក ចេង ប៉េងហាប់ និងក្រុមការងារ បានចុះសួរសុខទុក្ខ និងនាំយកអំណោយជូនក្រុមគ្រួសារយុទ្ធជន និងប្រជាពលរដ្ឋជួបការលំបាក ចំនួន ១៥០គ្រួសារ នៅឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ផងដែរ។