បុរសខ្មែរឥស្លាម២នាក់ ត្រូវខ្យល់បោកបក់បណ្ដាលឱ្យលិចទូកស្លាប់ ខណៈកំពុងរាយមងនៅលើផ្ទៃទន្លេ

08-06-2026 15:41

(កំពង់ឆ្នាំង)៖ បុរសខ្មែរឥស្លាមចំនួន២នាក់​ ត្រូវបានខ្យល់បោកបក់យ៉ាងខ្លាំងបណ្ដាលឱ្យលិចទូកកណ្ដាលទន្លេលង់ទឹកស្លាប់ទាំង២នាក់ ខណៈជនរងគ្រោះកំពុងរាយមង។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២៖៤០នាទីរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចដៃទន្លេស្ដីដកគង ស្ថិតក្នុងភូមិកំពង់ហាវ ឃុំកំពង់ហាវ ស្រុកកំពង់លែង។

ជនរងគ្រោះទាំង២នាក់ គឺត្រូវជាក្មួយនិងឪពុកមាបង្កើតនឹងគ្នា ដែលម្នាក់មានឈ្មោះ ម៉ា ណាន អាយុ២៦ឆ្នាំ ត្រូវជាឪពុកមា ចំណែកជនរងគ្រោះម្នាក់ទៀតឈ្មោះ ភ្លី អាប់ឌុលរ៉ម៉ាន អាយុ១៥ឆ្នាំ ត្រូវជាក្មួយ។

សាច់ញាតិជនរងគ្រោះទាំង២នាក់ខាងលើ បានឱ្យដឹងថា នៅថ្ងៃកើតហេតុទាំងរងគ្រោះ២នាក់ ឪពុកមា និងក្មួយ រួមទាំងប្រជាពលរដ្ឋរស់នៅក្នុងភូមិជាមួយគ្នាបានចេញទៅធ្វើការនេសាទដោយរាយមងដូចសព្វមួយដង។ នៅមុនពេលកើតហេតុទូកជនរងគ្រោះ និងទូកអ្នកភូមិ ១គ្រឿងទៀតបានរាយមងនៅកណ្ដាលទន្លេស្របពេលនោះមេឃងងឹត និងមានខ្យល់ព្យុះបោកបក់យ៉ាងខ្លាំង ឃើញដូច្នេះទូករបស់ប្រជាពលរដ្ឋ ១គ្រឿងទៀត ដែលមានកូនតូចផងនោះក៏បានអ៊ុំទូកទៅរកទីច្រាំងទន្លេ ដើម្បីការពារសុវត្ថិភាព។

ដោយឡែកទូកជនរងគ្រោះ គឺនៅបន្តរាយមងបង្ហើយ រួចនឹងទៅជ្រកក្បែច្រាំងទន្លេផងដែរ។ តែជាចៃដន្យដោយសារតែទូកនៅឆ្ងាយពីច្រាំង ហើយមានខ្យល់បោកបក់មកលើទូកជនរងគ្រោះយ៉ាងខ្លាំងទើបបណ្ដាលឱ្យលិចតែម្ដង។ ឃើញដូចនេះទូក ១គ្រឿងទៀត ដែលបានយកកូន និងប្រពន្ធទៅទុកនៅច្រាំងទន្លេមុន ក៏ខំម្នីម្នាស្រូតចេញមកជួយសង្គ្រោះដែរ តែមិនអាចជួយបានទាន់ពេល។

ប្រភពដដែលបានបន្តថា ខណៈនោះមានប្រជាពលរដ្ឋរួមដំណើរជាមួយគ្នា ក៏បានទំនាក់ទំនងមកបងប្អូននៅឯភូមិ ដើម្បីឱ្យនាំគ្នាចេញមកជួយសង្គ្រោះ តែការរុករក គឺតាំងពីនៅភ្លឺរហូតពេញមួយយប់នៅតែរកមិនឃើញ ដោយទើបរកឃើញសាកសពទាំង២នាក់ នៅវេលាម៉ោង៨៖៤៥នាទីព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦នេះ។

លោក សៀង ប៊ុនសាន អធិការនគរបាលស្រុកកំពង់លែង បានបញ្ជាក់ថា ករណីដែលមានបុរសខ្មែរឥស្លាមស្លាប់២នាក់ នៅចំណុចទន្លេស្ថិតក្នុង ភូមិកំពង់ហាវ ឃុំកំពង់ហាវ ស្រុកកំពង់លែង ឆ្លងតាមការពិនិត្យ និងធ្វើកោសល្យវិច្ច័យរបស់មន្ត្រីបច្ចេកទេសឃើញថា សពបុរសទាំង២នាក់នេះ គឺពិតជាស្លាប់ដោយសារលិចទូកហើយលង់ទឹកស្លាប់ប្រាកដមែន។ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕