នាយឧត្តមសេនីយ៍ មាស វិរិទ្ធ៖ ឯកសណ្ឋានមិនមែនគ្រាន់តែជាសម្លៀកបំពាក់សម្រាប់ការងារទេ តែជានិមិត្តរូបនៃអំណាចរដ្ឋ វិន័យ កិត្តិយស និងអត្តសញ្ញាណរបស់កងកម្លាំងនគរបាលជាតិ

08-06-2026 15:44

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា ការស្លៀកពាក់ឯកសណ្ឋាននគរបាលជាតិឱ្យបានត្រឹមត្រូវ ក៏ជាបញ្ហាសំខាន់ដែលត្រូវយកចិត្តទុកដាក់ជាប្រចាំ។ ឯកសណ្ឋានមិនមែនគ្រាន់តែជាសម្លៀកបំពាក់សម្រាប់ ការងារប៉ុណ្ណោះទេ ប៉ុន្តែជានិមិត្តរូបនៃអំណាចរដ្ឋ វិន័យ កិត្តិយស និងអត្តសញ្ញាណរបស់កងកម្លាំងនគរបាលជាតិ។

ការលើកឡើងបែបនេះរបស់នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានធ្វើឡើងក្នុងឱកាសអញ្ជើញជាតំណាងសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្ដីពី កាយវិការលំហាត់របៀប និងការស្លៀកពាក់ឯកសណ្ឋាននគរបាលជាតិកម្ពុជា នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានគូសបញ្ជាក់ថា នៅពេលមន្ត្រីម្នាក់ស្លៀកពាក់ឯកសណ្ឋាន គឺមានន័យថា កំពុងតំណាងឱ្យស្ថាប័ន និងតំណាងឱ្យកិត្តិយសរបស់កងកម្លាំងទាំងមូល។ ការស្លៀកពាក់ឯកសណ្ឋានឱ្យបានស្អាត សមរម្យ ត្រឹមត្រូវតាមបទប្បញ្ញត្តិ ពាក់ឋានន្តរសក្តិ ស្លាកឈ្មោះ និងគ្រឿងសម្គាល់ផ្សេងៗឱ្យបានត្រឹមត្រូវ គឺជាការបង្ហាញពីភាពជាមន្ត្រីនគរបាលប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ។ ការធ្វេសប្រហែស ឬការអនុវត្តមិនបានត្រឹមត្រូវ អាចធ្វើឱ្យប៉ះពាល់ដល់រូបភាព និងកិត្យានុភាពរបស់អង្គភាពទាំងមូល។

ជាមួយគ្នានេះដែរ បទវិន័យ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបន្ថែមថា គឺជាឆ្អឹងខ្នងនៃកងកម្លាំង។ កងកម្លាំងដែលមានវិន័យ គឺជាកងកម្លាំងដែលមានឯកភាព សាមគ្គីភាព របៀបរៀបរយ និងមានប្រសិទ្ធភាពក្នុងការបំពេញការងារ។ ផ្ទុយទៅវិញ ប្រសិនបើខ្វះវិន័យ នោះការអនុវត្តការងារនឹងជួបការលំបាក កើតមានភាពអសកម្ម និងអាចប៉ះពាល់ដល់កិត្តិយសរបស់ស្ថាប័នទាំងមូល។ ដោយសារហេតុនេះ ការរៀបចំវគ្គបណ្តុះបណ្តាលនាពេលនេះ គឺជាឱកាសដ៏មានតម្លៃសម្រាប់មន្ត្រីនគរបាលគ្រប់រូប ក្នុងការពង្រឹងការយល់ដឹងអំពីបទបញ្ជា បទវិន័យ ក្រមសីលធម៌វិជ្ជាជីវៈ និងបទដ្ឋាននានាដែលត្រូវអនុវត្តក្នុងការងារប្រចាំថ្ងៃ។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមសង្កត់ធ្ងន់ថា ការគោរពវិន័យមិនមែនគ្រាន់តែជាការគោរពបទបញ្ជារបស់អង្គភាពប៉ុណ្ណោះទេ ប៉ុន្តែជាការគោរពចំពោះតួនាទី ភារកិច្ច កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្លួនឯង។ មន្ត្រីនគរបាលដែលមានវិន័យល្អ នឹងទទួលបានការគោរពពីសហការី ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ។ លើសពីនេះ វិន័យល្អក៏ជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍខ្លួនឯង និងការរីកចម្រើនក្នុងអាជីពផងដែរ»។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានណែនាំដល់សិក្ខាកាមដែលជាមន្ត្រីនគរបាលជាតិឱ្យយកចិត្តទុកដាក់អនុវត្តនូវចំណុចសំខាន់ៗមួយចំនួនថា មិនមែនជាការបំពេញកាតព្វកិច្ចតាមការចាត់តាំងរបស់អង្គភាពតែប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍសមត្ថភាព ចំណេះដឹង ជំនាញ និងអាកប្បកិរិយាវិជ្ជាជីវៈរបស់ខ្លួន។ ក្នុងសម័យដែលស្ថានភាពសង្គម បច្ចេកវិទ្យា និងបទល្មើសមានការវិវត្តឥតឈប់ឈរ មន្ត្រីនគរបាលមិនអាចឈរនៅមួយកន្លែងបានឡើយ។ យើងត្រូវបន្តរៀនសូត្រ បន្តអភិវឌ្ឍខ្លួន និងបន្តពង្រឹងសមត្ថភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការថ្មីៗ និងបញ្ហាប្រឈមដែលកើតឡើងជាបន្តបន្ទាប់។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានលើកទឹកចិត្តឱ្យសិក្ខាកាមត្រូវមានស្មារតីម្ចាស់ការ មានឆន្ទៈខ្ពស់ក្នុងការសិក្សា និងត្រូវកំណត់គោលដៅឱ្យច្បាស់ថា អ្វីដែលខ្លួនទទួលបានពីវគ្គបណ្តុះបណ្តាលនឹងត្រូវយកទៅបម្រើអង្គភាព បម្រើប្រជាពលរដ្ឋ និងបម្រើប្រទេសជាតិ និងត្រូវគោរពឱ្យបានម៉ឺងម៉ាត់នូវបទបញ្ជា បទវិន័យ និងកាលវិភាគដែលបានកំណត់ដោយគណៈគ្រប់គ្រងវគ្គ។ ត្រូវមានវត្តមានទាន់ពេលវេលា មិនត្រូវអវត្តមានដោយគ្មានមូលហេតុច្បាស់លាស់ មិនត្រូវចាកចេញពីថ្នាក់រៀនដោយគ្មានការអនុញ្ញាត និងត្រូវរក្សាសណ្តាប់ធ្នាប់ក្នុងអំឡុងពេលសិក្សា។ វិន័យក្នុងពេលបណ្តុះបណ្តាល គឺជាការឆ្លុះបញ្ចាំងពីវិន័យក្នុងពេលបំពេញភារកិច្ចជាក់ស្តែង៕