ប្រកាសឱ្យចូលកាន់តំណែងលោកស្រី មុំ ពុទ្ធីតា ជាអភិបាលរងខេត្តបន្ទាយមានជ័យ

08-06-2026 16:16

(បន្ទាយមានជ័យ​)៖​ លោក ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញប្រកាសឱ្យ ចូលកាន់មុខតំណែងលោកស្រី មុំ ពុទ្ធីតា ដែលផ្ទេរពីអភិបាលរងខេត្តឧត្តរមានជ័យ មកជាអភិបាលរងខេត្តបន្ទាយមានជ័យ ជំនួសលោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ​ ដែលដល់អាណត្តិ៨ឆ្នាំ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ប្រតិភូអមដំណើរ លោក ប្លែក​ វ៉ារី​ ប្រធានក្រុមប្រឹក្សាខេត្ត​ លោក អ៊ុំ​ រាត្រី​ អភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ​ មន្ត្រីរាជការ​ មន្ទីរ​ អង្គភាព​ ស្ថាប័ន​ពាក់ព័ន្ធ​ អភិបាលក្រុង​-ស្រុក​ អាជ្ញាធរមូលដ្ឋានបានអញ្ជើញចូលរួមប្រារព្ធធ្វើនៅសាលប្រជុំ​ ក​ សាលាខេត្តបន្ទាយមានជ័យ។

នាឱកាសនោះ​លោក ផាន់ ចាន់ធុល​ បានសំដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រុមប្រឹក្សា គណៈអភិបាល ខេត្តបន្ទាយមានជ័យ ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្ត ដែលបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទី ភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ ជាពិសេសក្នុងការធានាថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ជាពិសេសការរួមចំណែកយ៉ាងសកម្ម ក្នុងការដោះស្រាយបញ្ហាជនភៀសសឹក។

លោក ផាន់ ចាន់ធុល​ បានបន្តថា ឈរលើមូលដ្ឋានដើម្បីបន្តរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការពង្រឹងនិងលើកកម្ពស់ការគ្រប់គ្រង និងការដឹកនាំកិច្ចការរដ្ឋបាល សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសបន្ត ជំរុញការកសាងភាពធន់ និងអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែមានការរីកចម្រើនសម្រេចបាននូវសមិទ្ធផល ថ្មីៗបន្ថែមទៀត លោករដ្ឋ​លេខា​ធិការ​ ក៏បានផ្តល់នូវគោលការណ៍ណែនាំលើកិច្ចការអាទិភាពសំខាន់ៗមួយចំនួនដូចជា​៖​

*១៖ ការបន្តថែរក្សា​ និងពង្រឹងសន្តិសុខ​ សណ្តាប់ធ្នាប់សាធារណៈ​ និងសុវត្ថិភាពសង្គម
*២៖ ការលើកកម្ពស់​ ការថែរក្សា​ ការការពារបូរណភាពទឹកដី​ និងអធិបតេយ្យជាតិ
*៣៖ ការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ​ និងវិសហមជ្ឈការ
*៤៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម
*៥៖ ការផ្តល់សេវាសាធារណៈ​ និងដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋ​
*៦៖ ពង្រឹងរបៀបរបបការងារ។

សូមបញ្ជាក់ថា​ យោងតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី-ខេត្ត ក្រុង-ស្រុក ខណ្ឌ​ លក្ខណសម្បត្តិសមត្ថភាព និងបទពិសោធការងារកន្លងមក និងសំណូមពរចាំបាច់រាជរដ្ឋាភិបាល បានសម្រេចផ្ទេរភារកិច្ចលោកស្រី មុំ ពុទ្ធីតា ពីអភិបាលរងខេត្តឧត្តរមានជ័យ មកជាអភិបាលរងខេត្តបន្ទាយមានជ័យ ជំនួសលោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ​ ដែលដល់អាណត្តិ៨ឆ្នាំ៕