អភិបាលខេត្តរតនគិរី អញ្ជើញសំណេះសំណាលជាមួយក្រុមកាយរឹទ្ធិ ត្រៀមចេញទៅប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិ លើកទី៣
08-06-2026 16:21
(រតនគិរី)៖ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមកាយរឹទ្ធិ ត្រៀមចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣។
ពិធីនេះធ្វើឡើង នៅរូបសំណាកគ្រួសារដំរី មាត់បឹងកន្សែង ស្ថិតក្នុងសង្កាត់បឹងកន្សែង ក្រុងបានលុងខេត្តរតនគិរី។
ក្នុងឱកាសនេះ លោកអភិបាលខេត្តបានប្រោះព្រំ និងប្រគល់ភ្លេងជូនក្រុមកាយរឹទ្ធិខេត្តរតនគិរី មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិលើកទី៣ នៅរាជធានីភ្នំពេញ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាពនិងការអភិវឌ្ឍ» ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក។
អភិបាលខេត្ត និងជាប្រធានក្រុមប្រឹក្សាកាយរឹទ្ធិខេត្ត បានផ្តាំផ្ញើឱ្យថ្នាក់ដឹកនាំ និងក្រុមកាយរឹទ្ធិទាំងអស់ ត្រូវបន្តអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួនស្របតាមគោលបំណង គោលការណ៍ និងវិធីនៃចលនាកាយរឹទ្ធិ ព្រមទាំងត្រូវបន្ត ពង្រឹង ការគោរពវិន័យ ច្បាប់កាយរឹទ្ធិ និងពង្រីកការធ្វើអំពើល្អ សំដៅកសាងជនគំរូ ក្នុងជួរយុវជនឱ្យបានកាន់តែច្រើនឡើង ដើម្បីឱ្យសមាជិកកាយរឹទ្ធិទាំងអស់ក្លាយជាពលរដ្ឋល្អ និងមានសមត្ថភាពគ្រប់គ្រាន់ មានស្មារតីទទួលខុស ត្រូវខ្ពស់ និងជាអ្នកបន្តវេន ដ៏មានប្រសិទ្ធភាពក្នុងកិច្ចការ អភិវឌ្ឍសហគមន៍ និងប្រទេសជាតិ។
ជាពិសេសត្រូវយកជ័យលាភីឲ្យបានក្នុងការប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិលើកទី៣ នៅរាជធានីភ្នំពេញ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាពនិងការអភិវឌ្ឍ» ថ្ងៃទី១៤-១៦ ខែមិថុនា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិកខាងមុខនេះ៕





















