អភិបាលខេត្តកំពង់ស្ពឺ សួរសុខទុក្ខគ្រួសារដែលមានមនុស្ស៥នាក់ បានស្លាប់ និងរបួស ដោយគ្រោះធ្មជាតិរន្ទះ​បាញ់នៅស្រុកភ្នំស្រួច

08-06-2026 16:28

(កំពង់ស្ពឺ)៖ ក្រោយភ្លៀងមួយមេធំលាយឡំផ្គររន្ទះបាញ់មនុស្ស៥នាក់ ក្នុងពេលតែមួយនៅចំណុចវាលស្រែស្ថិតនៅភូមិព្រៃឬស្សី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៨ ខែមិនា ឆ្នាំ២០២៦ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ និងក្រុមអាជ្ញាធរ បាននាំអំណោយទៅសាកសួរសុខទុក្ខក្រុមគ្រួសារសព និងរងបួសទាំង៥នាក់ដល់លំនៅដ្ឋាន។

លោកបណ្ឌិត អភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា ក្នុងរដូវវស្សាសុំឲ្យបងប្អូនប្រជាពលរដ្ឋបង្កាករណីគ្រោះធម្មជាតិ ជាងនេះត្រូវប្រុងប្រយ័ត្នពេលមានភ្លៀងម្តងតែងមានខ្យល់កន្ទ្រាក់លាយឡំនិងរន្ទះ ដែលជាហេតុបង្កឲ្យយើងគ្រោះថ្នាក់ជាយថាហេតុ ដូច្នេះត្រូវតែប្រុងប្រយ័ត្នឲ្យបានគ្រប់ៗគ្នា។

លោកបណ្ឌិត ក៏បានពាំនាំនៅការសាកសួរសុខទុក្ខពីសំណាក់ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីមុខងារសាធារណៈ ជាអនុប្រធានក្រុមការងារចុះជួយខេត្តកំពង់ស្ពឺ ដែលសូមសម្តែងការរំលែកទុក្ខដ៏ក្រៀមក្រំចំពោះគ្រួសារសព និងសោកស្តាយចំពោះគ្រួសាររងគ្រោះ បណ្តាលមកគ្រោះធម្មជាតិយ៉ាងរន្ធត់ពន់ពេក ។

ជនរងគ្រោះរួមមាន៖

១- ឈ្មោះ សែម រិន ភេទប្រុស អាយុ២២ឆ្នាំ (ស្លាប់​)
២- ​ឈ្មោះ ឆាន ចិត្រា ភេទប្រុស អាយុ៦ឆ្នាំ (ស្លាប់)
៣- ឈ្មោះ ឆាន វ៉ាន ភេទស្រី អាយុ៤ឆ្នាំ ( ស្លាប់)
៤- ឈ្មោះ ហ៊ុល សុណា ភេទប្រុស អាយុ២៣ឆ្នាំ( របួសធ្ងន់)
៥- ឈ្មោះ ទូត លាភ ភេទប្រុស អាយុ២១ឆ្នាំ (របួសធ្ងន់) អ្នកទាំង៥ រស់នៅ ភូមិព្រៃឫស្សី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ចំពោះអ្នករបួសត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ។

សម្រាប់អំណោយសួរសុខគ្រួសារសព ក្នុង ១គ្រួសារមមាន៖ អង្ករ ១០០គីឡូ, មី ៤កេស, ទឺកត្រី ស៊ីអ៊ីវ ២យួរ, ប្រេង ២ដប, ត្រីខ ២យួរ និងថវិកា ២លានរៀល។ អ្នកស្លាប់មាន២គ្រួសារ៖ អំណោយផ្តល់ជូនអ្នករងរបួសរួមមាន៖ អង្ករ ៥០គីឡូ, មី ១កេស, ទឺកត្រី ស៊ីអ៊ីវ ១យួរ, ប្រេង ១ដប, ត្រីខ ១យួរ និងថវិកា ១លានរៀល៕