បង្ក្រាបក្មេងទំនើង៦នាក់ ពាក់ព័ន្ធករណីកាប់ជនរងគ្រោះ នៅខណ្ឌព្រែកព្នៅ

08-06-2026 16:31

(ភ្នំពេញ)៖ ក្មេងទំនើង៦នាក់ ពាក់ព័ន្ធករណីបង្កហិង្សាកាប់លើជនរងគ្រោះម្នាក់បណ្ដាលឲ្យរងរបួសដៃធ្ងន់ធ្ងរ នៅចំណុចវាលស្រែ១០០ ភូមិបែកបក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦កន្លងទៅ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវបង្ក្រាបបានហើយ។

ការឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ ក្រោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល។

ក្មេងទំនើងទាំង៦នាក់នោះ រួមមាន ទី១៖ឈ្មោះ ម៉ុន ផារ៉ាយុ អាយុ១៧ឆ្នាំ, ទី២៖ឈ្មោះ ថា រក្សា អាយុ១៧ឆ្នាំ, ទី៣៖ឈ្មោះ គី សំនៀង អាយុ១៧ឆ្នាំ, ទី៤៖ឈ្មោះ តាំង ឆាយហុក អាយុ១៨ឆ្នាំ, ទី៥៖ឈ្មោះ ចែម សុចន្ទ អាយុ១៧ឆ្នាំ និងទី៦៖ឈ្មោះ ស៊ីន ចរណៃ ភេទស្រី អាយុ១៦ឆ្នាំ។ វត្ថុតាងចាប់យក ដាវធ្វើសកម្មភាព ២ដើម។

បច្ចុប្បន្នជនសង្ស័យខាងលើ និងវត្ថុតាង កម្លាំងជំនាញព្រហ្មទណ្ឌ បានកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕