ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា ជំរុញអាជ្ញាធរលើកទឹកចិត្តពលរដ្ឋក្នុងសហគមន៍ តភ្ជាប់ជាស្ពានជាមួយសមត្ថកិច្ច សហការយកគ្រឿងញៀនចេញពីសហគមន៍ តាមរយៈការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ NoDrug
08-06-2026 16:35
(ព្រៃវែង)៖ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការសម្របសម្រួល បានជំរុញដល់អាជ្ញាធរក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធ ចូលរួមលើកទឹកចិត្តពលរដ្ឋក្នុងសហគមន៍ទាំងអស់ តភ្ជាប់ជាស្ពានជាមួយសមត្ថកិច្ចក្នុងការសហការ យកគ្រឿងញៀនចេញពីសហគមន៍ តាមរយៈការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន និងប្រព័ន្ធទូរស័ព្ទ NoDrug ដើម្បីរាយការណ៍ពីករណីជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនក្នុងមូលដ្ឋាន ព្រមទាំងពង្រឹងយន្តការឆ្លើយតបរបស់សមត្ថកិច្ចមូលដ្ឋានគ្រប់ថ្នាក់ឱ្យទាន់ពេល និងមានប្រសិទ្ធភាព នៅពេលមានពលរដ្ឋរាយការណ៍។
ការជំរុញបែបនេះរបស់លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយ គោលនយោបាយ គោលការណ៍ ផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងចំណេះដឹងជាមូលដ្ឋានស្តីពីបញ្ហាគ្រឿងញៀន ដល់មន្ត្រីរាជការស៊ីវិល និងមន្ត្រីនគរបាលជាតិ នៃក្របខណ្ឌក្រសួងមហាផ្ទៃ នៅរដ្ឋបាលខេត្តព្រៃវែង នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦។
កិច្ចប្រជុំនេះមានការចូលរួមពីលោក ឈាង សុណ្ណារ៉ា អភិបាលរងខេត្តព្រៃវែង និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
លោកឧត្តមសេនីយ៍ឯក ក៏បានណែនាំដល់អាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវពង្រឹង និងជំរុញ ចលនាជាតិ និងស្មារតីរួមទូទាំងប្រទេស ក្នុងការចាត់ទុកបញ្ហាគ្រឿងញៀន គឺបញ្ហារួមដែលត្រូវគ្រប់វិស័យ គ្រប់តួអង្គ និងគ្រប់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមដោះស្រាយទាំងអស់គ្នា ស្របតាមទស្សនវិស័យ ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន ក្នុងគោលបំណងធ្វើ យ៉ាងណាកាត់ផ្តាច់ឫសគល់នៃគ្រឿងញៀនចេញពីសង្គមកម្ពុជា រារាំងទប់ស្កាត់ការវិវត្តវិលត្រឡប់នៃបញ្ហាគ្រឿងញៀន និងបញ្ចៀសប្រទេសកម្ពុជាឱ្យចាកចេញផុតពីគោលដៅនៃការប្រព្រឹត្តបទល្មើសគ្រឿងញៀន និងមិនឱ្យឥទ្ធិពលដ៏សាហាវនៃគ្រឿងញៀន ញាំញីបំផ្លិចបំផ្លាញសង្គមជាតិ ដើម្បីឆ្លើយតបទៅនឹងការប្តេជាចិត្តរបស់កម្ពុជា គឺការកសាងសង្គមមួយដែលបញ្ហាគ្រឿងញៀន លែងជាឧបការងារទាំង៥ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
មួយគ្នានេះ ត្រូវពង្រឹងការអនុវត្តទិសដៅអាទិភាពការងារទាំង៥ ទាំងក្នុងក្របខ័ណ្ឌថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ឱ្យបានសកម្មផុសផុល និងក្រោមស្មារតីទទួលខុសត្រូវខ្ពស់ ដោយរួមមាន (១) ការងារផ្សព្វផ្សាយអប់រំ (២) ការងារអនុវត្តច្បាប់ (៣) ការងារព្យាបាលនិងស្តារនីតិសម្បទា (៤) ការងារគ្រប់គ្រងសារធាតុញៀន និងសារធាតុគីមីផ្សំ និង(៥) ការងារពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ៕


















