បណ្ឌិត កៅ ថាច អំពាវនាវឱ្យប្រជាកសិករ ចូលរួមជាមួយនឹងសមាគមបណ្តាញកសិករតេជោ ដើម្បីការពារពីការរំលោភបំពាន កេងចំណេញលើកសិករ
08-06-2026 16:48
(កំពត)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកអង្គរជ័យ ខេត្តកំពត។
ក្នុងឱកាសនេះដែរ ក៏មានការអញ្ជើញចូលរួមពីលោក ចាន់ ថា អភិបាលរងខេត្តកំពត ជាតំណាងលោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោក មួង នឿន អភិបាលស្រុកអង្គរជ័យ ព្រមទាំងមានការចូលរួមពីមន្ត្រីរដ្ឋបាលស្រុក អធិការនគរបាលស្រុក កងរាជអាវុហត្ថស្រុក ការិយាល័យជំនាញជុំវិញស្រុក មន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក មេឃុំ មន្ត្រីកសិកម្ម ព្រមទាំងប្រជាកសិករស្រុកអង្គរជ័យ ខេត្តប្រមាណ៣០០នាក់។
ឆ្លៀតក្នុងពិធីសំណេះសំណាលនេះ លោកបណ្ឌិតប្រតិភូ បានជំរុញឱ្យកសិករមកពីបណ្តាឃុំ ដែលស្ថិតនៅក្នុងស្រុកអង្គរជ័យ គួរគិតគូរពិចារណាចំពោះទម្លាប់ ការធ្វើកសិកម្ម តាមបែបប្រពៃណី ដែលប្រើកម្លាំងមនុស្សច្រើន និងចាយពេលវេលាយូរនៅក្នុងការបង្កបង្កើនផលិតផលកសិកម្ម ដោយក្រឡេកមកមើលនូវការធ្វើកសិកម្មតាមបែបបច្ចេកវិទ្យាទំនើប ដែលជួយសម្រួលដល់ការធ្វើកសិកម្មសម័យថ្មី និងអាចចំណេញពេលវេលានៅក្នុងការបង្កបង្កើននូវផលិយផលកសិកម្ម។
បន្ថែមពីនេះ លោកបណ្ឌិត បានផ្តល់នូវធាតុចូលជូនដល់ប្រជាកសិករ អំពីបញ្ហាប្រឈម និងគន្លឹះដោះស្រាយដែលអាចឱ្យកសិករទទួលបានផលចំណេញពីការធ្វើកសិកម្ម។
ចំពោះបញ្ហាប្រឈម ដែលប្រជាកសិករតែងតែជួបប្រទះនោះ គឺបញ្ហារឿងទុនសម្រាប់ធ្វើ ឬផលិតផលកសិកម្ម បញ្ហាបច្ចេកទេសក្នុងការផលិត ឬការចិញ្ចឹមសត្វ បញ្ហាបង្កបង្កើនផល បានហើយខ្វះទីផ្សារសម្រាប់លក់ ដែលបញ្ហានេះកសិករគួរគិតគូរដល់តម្រូវការទីផ្សារជាមុន ហើយអ្វីដែលប្រឈមធំមួយទៀត គឺកសិករមិនបានគិតដល់ថ្លៃដើមផលិតរបស់ខ្លួន ដែលថ្លៃដើមផលិតនេះ គឺជាការកំណត់នូវការខាត ឬចំណេញរបស់កសិករ នៅក្នុងការធ្វើកសិកម្ម។
ជាចុងក្រោយ លោកបណ្ឌិត កៅ ថាច បានអំពាវនាវឱ្យបងប្អូនប្រជាកសិករ ចូលរួមជាមួយនឹងសមាគមបណ្តាញកសិករតេជោ ដែលបង្កើតឡើងក្នុងគោលបំណងបម្រើបងប្អូនប្រជាកសិករ ពោលគឺសមាគមនឹងធ្វើជា៖ (១) ស្ពានស្វែងរកប្រភពហិរញ្ញវត្ថុ ការទទួលបាននូវបច្ចេកទេស និងព័ត៌មានថ្មីៗ, ចម្លងសំឡេង និងក្តីបារម្ភពីប្រជាកសិករជូនថ្នាក់ដឹកនាំ និងជាស្ពានតភ្ជាប់ទៅកាន់ឱកាសផ្សេងទៀត និង(២) ឆ័ត្រ ឬខែលសម្រាប់កសិករជ្រក ពោលគឺចូលរួមការពារភាពត្រឹមត្រូវ ឬស្របច្បាប់របស់កសិករ ឬការពារពីការរំលោភបំពាន កេងចំណេញលើកសិករ៕













