មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បើកវគ្គបណ្តុះបណ្តាលជំនាញស៊ើបអង្កេតបទល្មើសគ្រឿងញៀន បទល្មើសសម្អាតប្រាក់ ការ់កំណត់អត្តសញ្ញាណគ្រឿងញៀន តេស្តបឋម នីតិវិធីច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងបទវិន័យនគរបាលជាតិកម្ពុជា
08-06-2026 17:12
(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាត និងចំណារឯកភាពពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ នេះ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទឺរប្រឆាំងបទល្មើសគ្រឿងញៀន បានប្រគល់ភារកិច្ចជូន លោកឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន រៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញស៊ើបអង្កេតបទល្មើសគ្រឿងញៀន បទល្មើសសម្អាតប្រាក់ ការកំណត់អត្តសញ្ញាណគ្រឿងញៀន តេស្តបឋម នីតិវិធីច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងបទវិន័យនគរបាលជាតិកម្ពុជា» ដែលប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ ចាប់ពីព្រឹកថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
លោកឧត្តមសេនីយ៍ទោ អ៊ិន សុង បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងចំណេះដឹង សមត្ថភាពជំនាញវិជ្ជាជីវៈ និងការអនុវត្តនីតិវិធីច្បាប់ជូនដល់មន្ត្រីនគរបាលជាតិ ជាពិសេសមន្ត្រីជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីឱ្យមានសមត្ថភាពកាន់តែខ្ពស់ក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាប និងស៊ើបអង្កេតបទល្មើសគ្រឿងញៀន និងបទល្មើសពាក់ព័ន្ធប្រកបដោយប្រសិទ្ធភាព ស្របតាមច្បាប់ និងវិជ្ជាជីវៈ។
លោកឧត្តមសេនីយ៍ទោ អ៊ិន សុង បន្តថា ខ្លឹមសារសំខាន់ៗដែលនឹងត្រូវលើកយកមកបណ្តុះបណ្តាល រួមមាន៖ ការស៊ើបអង្កេតបទល្មើសគ្រឿងញៀន ការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ ការកំណត់អត្តសញ្ញាណប្រភេទគ្រឿងញៀន ការប្រើប្រាស់ឧបករណ៍តេស្តបឋមសម្រាប់ពិនិត្យសារធាតុញៀន ការអនុវត្តនីតិវិធីច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ព្រមទាំងការយល់ដឹងអំពីបទវិន័យនគរបាលជាតិកម្ពុជា ដើម្បីលើកកម្ពស់វិន័យ សីលធម៌ និងការទទួលខុសត្រូវក្នុងការបំពេញភារកិច្ច។
លោកឧត្តមសេនីយ៍ទោនាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ថា ការបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយនៃការអភិវឌ្ឍធនធានមនុស្ស និងការកសាងសមត្ថភាពជាបន្តបន្ទាប់របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ស្របតាមទិសដៅ និងផែនការយុទ្ធសាស្រ្តរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងារជំនាញ និងបង្កើនសមត្ថភាពឆ្លើយតបទៅនឹងស្ថានភាពបទល្មើសគ្រឿងញៀន សំដៅធានាបាននូវប្រសិទ្ធភាពខ្ពស់ និងការអនុវត្តការងារជំនាញ៕









