សាស្ត្រាចារ្យ ផាន់ វណ្ណរ័ត្ន អគ្គព្រះរាជអាជ្ញារងតុលាការកំពូល៖ ការពារជាតិដោយយុទ្ធសាស្ត្រសន្តិវិធី និងច្បាប់អន្តរជាតិ៖ តើអ្វីទៅជាយន្តការ UNCLOS ដែលកម្ពុជាទើបប្រកាសប្រើ?

08-06-2026 17:22

(ភ្នំពេញ)៖ សាស្ត្រាចារ្យ ផាន់ វណ្ណរ័ត្ន អគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមតុលាការកំពូលកម្ពុជា បានដាក់ចេញនូវអត្ថបទទី២២ វគ្គ១ ស្ដីពី៖ «ការពារជាតិដោយយុទ្ធសាស្ត្រសន្តិវិធី និងច្បាប់អន្តរជាតិ៖ តើអ្វីទៅជាយន្តការ UNCLOS ដែលកម្ពុជាទើបប្រកាសប្រើ?»

អត្ថបទទី២២ វគ្គ១ មានខ្លឹមសារដូចតទៅ៖ បងប្អូនប្រជាពលរដ្ឋខ្មែរជាទីគោរព! ថ្មីៗនេះ ប្រទេសយើងបានបោះជំហានប្រវត្តិសាស្ត្រមួយនៅលើឆាកអន្តរជាតិ ដោយរាជរដ្ឋាភិបាលកម្ពុជា បានផ្ញើលិខិតផ្លូវការទៅកាន់ភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ដើម្បីចាប់ផ្តើមដំណើរការ «យន្តការផ្សះផ្សាដោយបង្ខំ» ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)។

តើពាក្យបច្ចេកទេសច្បាប់ទាំងនេះមានន័យដូចម្តេច? ហើយហេតុអ្វីបានជាយើងត្រូវដឹង? មកស្វែងយល់ទាំងអស់គ្នាដោយសាមញ្ញ និងខ្លីៗ៖

១. ហេតុអ្វីបានជាមានរឿងនេះកើតឡើង?

កន្លងមកកម្ពុជានិងថៃ បានព្យាយាមចរចាគ្នាតែពីរប្រទេស (ទ្វេភាគី) តាមរយៈអនុស្សរណៈ MoU 2001 ដើម្បីដោះស្រាយតំបន់ទាមទារត្រួតស៊ីគ្នានៅលើសមុទ្រ (OCA)។ ប៉ុន្តែ នៅពេលដែលភាគីថៃបានប្រកាសជាផ្លូវការនូវការដកខ្លួនចេញពី MoU 2001 នេះ បានធ្វើឱ្យការចរចាត្រូវគាំង។ ដើម្បីកុំឱ្យបញ្ហាអូសបន្លាយ និងដើម្បីការពារផលប្រយោជន៍ជាតិ កម្ពុជាក៏បានសម្រេចចិត្តប្តូរមកប្រើ «ច្បាប់អន្តរជាតិ» វិញ។

២. តើ «យន្តការផ្សះផ្សាដោយបង្ខំ» គឺជាអ្វី? (មិនមែនប្រើកងទ័ពទេ!)

ពាក្យថា «ផ្សះផ្សាដោយបង្ខំ» មិនមែនមានន័យថាទៅបង្ខំទាហាន ឬបង្ខំឱ្យភាគីថៃធ្វើតាមចិត្តយើងនោះទេ។ នៅក្នុងច្បាប់សមុទ្រអន្តរជាតិ វាមានន័យសាមញ្ញ ២យ៉ាង៖

- បង្ខំឱ្យចូលតុចរចា៖ នៅពេលកម្ពុជាដាក់ពាក្យប្តឹង ភាគីថៃ «ដាច់ខាតត្រូវតែចូលរួម» ជជែកដោះស្រាយក្នុងយន្តការនេះ មិនអាចបដិសេធ ឬគេចវេសបានឡើយ។

- បង្ខំឱ្យបង្កើតគណៈកម្មការ៖ ថៃមានពេល ២១ថ្ងៃ ដើម្បីជ្រើសរើសអ្នកច្បាប់ ២រូប មកផ្គុំជាមួយអ្នកច្បាប់ ២រូបរបស់កម្ពុជា (និងប្រធានម្នាក់ទៀតដែលជ្រើសរើសរួមគ្នា) សរុប ៥រូប។ បើថៃមិនព្រមរើសក្នុងរយៈពេលកំណត់ អង្គការសហប្រជាជាតិនឹងជ្រើសរើសជំនួសតែម្តង។

ប៉ុន្តែគួរចំណាំថា លទ្ធផលចុងក្រោយនៃយន្តការនេះ មិនមែនជា «សាលក្រមតុលាការ» ដែលបង្ខំឱ្យអនុវត្តភ្លាមៗទេ ប៉ុន្តែវាជា «របាយការណ៍ណែនាំផ្លូវច្បាប់ដ៏មានឥទ្ធិពលបំផុត» ពីកំពូលអ្នកជំនាញឯករាជ្យក្នុងលោក ដែលធ្វើឱ្យប្រទេសទាំងពីរមានមូលដ្ឋានច្បាប់ច្បាស់លាស់ក្នុងការចុះសន្ធិសញ្ញាបញ្ចប់ជម្លោះ។

៣. កំពូលអ្នកច្បាប់អន្តរជាតិទាំង ២ រូប ដែលកម្ពុជាជ្រើសរើស

ដើម្បីធានាការពារផលប្រយោជន៍ជាតិ កម្ពុជាបានជ្រើសរើសអ្នកច្បាប់លំដាប់ពិភពលោក ២រូប៖

ទី១. លោក Peter Taksoe-Jensen (ដាណឺម៉ាក)៖ បុគ្គលប្រវត្តិសាស្ត្រ ដែលធ្លាប់ធ្វើជាប្រធានដោះស្រាយជោគជ័យនូវជម្លោះដែនសមុទ្ររវាងអូស្ត្រាលី និងទីម័រខាងកើត (ដែលជាករណីទី១ ក្នុងលោក)។

ទី២. លោកសាស្ត្រាចារ្យ Jean-Marc Thouvenin (បារាំង)៖ អគ្គលេខាធិការបណ្ឌិតសភាច្បាប់អន្តរជាតិក្រុងឡាអេ និងជាទីប្រឹក្សាច្បាប់ដ៏ល្បីល្បាញនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

សរុបមក ដូចប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ការប្រើប្រាស់យន្តការអន្តរជាតិនេះ មិនមែនមានន័យថាកម្ពុជាបដិសេធការចរចានោះទេ។ ផ្ទុយទៅវិញ វាគឺជា «ការនាំយកការសន្ទនាចូលទៅក្នុងក្របខណ្ឌច្បាប់អន្តរជាតិដែលមានប្រព័ន្ធច្បាស់លាស់»។ នេះជាករណីទី២ ក្នុងប្រវត្តិសាស្ត្រពិភពលោក ដែលបង្ហាញថា កម្ពុជាជាប្រទេសស្រឡាញ់សន្តិភាព និងដោះស្រាយជម្លោះដោយតម្លាភាព វិទ្យាសាស្ត្រច្បាប់ និងសន្តិវិធីបំផុត៕